រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បើករថយន្តរេចង្កូតទៅបុករថយន្តដឹកទំនិញបណ្តាលឲ្យរថយន្តបង្ករងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៩ តុលា តាមបណ្តោយមហាវិថីព្រះមុនីវង្ស នៅចំណុចមុខសណ្ឋាគារភ្នំពេញ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលរថយន្តបង្កម៉ាកកាមរីហាយប្រ៊ីដ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2A-1288 បើកបរដោយស្ត្រីម្នាក់តាមមហាវិថីព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ចំណែករថយន្តនីស្សាន់ ពណ៌ស លាយឈាមជ្រូក ពាក់ស្លាកលេខកំពង់ចាម3A-0796 ជារថយន្តដឹកទំនិញសំពីងសំពោងពេញរថយន្ត បើកបរពីត្បូងទៅជើងបញ្ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តហាយប្រ៊ីដរេចង្កូតទៅបុករថយន្តពេញទំហឹងបណ្តាលឲ្យរថយន្តបង្កវិលនៅទទឹងផ្លូវដាច់កង់មុខ បែកកង់ក្រោយខាងស្តាំ និងក្រពឹតចំហៀងខាងស្តាំ តែអ្នកបើកបរមិនមានរងរបួសទេ ។
ក្រោយពេលកើតហេតុ រថយន្តបង្កមានក្រុមហ៊ុនធានារ៉ាប់រងត្រូវបានសមត្ថកិច្ចស្ទួចយកទៅដោះស្រាយនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចំណែករថយន្តដឹកទំនិញបានហៅរថយន្តមួយគ្រឿងទៀតមកផ្ទេរទំនិញចេញ ៕


ចែករំលែកព័តមាននេះ