រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ជាគ្រូបង្រៀននៅសាលាអង្គការកុមារលើកស្ទួយប្រជាពលរដ្ឋ បានឆក់ខ្សែភ្លើងដួលស្លាប់នៅក្នុងទឹក ខណៈពេលមេឃភ្លៀងទឹកលិចចូលផ្ទះជិតត្រឹមជង្គង់ ហើយចូលងូតទឹកក្នុងបន្ទប់ទឹក អំពូលភ្លើងអត់ភ្លឺយកដៃទៅមួលអំពូលភ្លើងបណ្តាលឲ្យឆ្លងចរន្តឆក់ដួលប្រកាច់ក្នុងទឹកស្លាប់ភ្លាមៗកាលពីវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី១៩ តុលា នៅផ្ទះអត់លេខក្បែរមាត់បឹងតាម៉ាត់ ស្ថិតនៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។
អ្នកគ្រូរងគ្រោះ ឈ្មោះ គុន ចន្ទស្រីនាង អាយុ២០ឆ្នាំ ជាគ្រូបង្រៀននៅសាលាអង្គការកុមារលើកស្ទួយប្រជាពលរដ្ឋ និងជាកូនច្បងក្នុងចំណោមបងប្អូន៣នាក់(ស្រី២នាក់) មានម្តាយជាស្ត្រីមេម៉ាយប្រកបរបរលក់ត្រី ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទះរបស់សពរងគ្រោះជាផ្ទះឈើលើ ថ្មក្រោម ស្ថិតនៅមាត់បឹងតាម៉ាត ឲ្យតែមេឃភ្លៀងគឺទឹកលិចចូលក្នុងផ្ទះជិតត្រឹមជង្គង់ជារៀងរាល់ដង ហើយមុនពេលកើតហេតុ អ្នកគ្រូបានចេញពីធ្វើការមកដល់ផ្ទះបម្រុងចូលទៅងូតទឹកក្នុងបន្ទប់ទឹក តែភ្លើងអំពូលនៅក្នុងបន្ទប់ទឹកអត់ភ្លឺ នាងក៏យកដៃទៅមួលអំពូលភ្លើងនោះ ទាំងជើងនៅក្នុងទឹកលិចបណ្តាលឲ្យឆ្លងចរន្តឆក់ ភ្លាមៗនោះនាងបានស្រែកថា «អូយឆក់ខ្សែភ្លើង» រួចក៏បានប្រកាច់ដួលសន្លប់ស្តូកស្តឹងក្នុងទឹក ម្តាយឃើញបែបនេះ ក៏ស្រែកហៅអ្នកជិតខាងឲ្យមកជួយលើកនាងដាក់លើគ្រែ ដើម្បីជួយសង្គ្រោះ តែជាអកុសលកូនស្រីបានស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះពិនិត្យ និងធ្វើកោសល្យវិច័យឃើញថា ពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងមែនក៍ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ក្នុងនោះដែរ លោក វើក សាមឿន ចៅសង្កាត់ដង្កោ បានចូលបុណ្យទឹកប្រាក់ចំនួន១០០ដុល្លារ ៕


ចែករំលែកព័តមាននេះ