ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា យ៉ាងហោចណាស់ស្ត្រីម្នាក់បានស្លាប់ និង៣០នាក់ទៀតរងរបួសធ្ងន់-ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តកុងតឺន័របុករថយន្តទួរីសដឹកកម្មករកាលពីវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី២០ តុលា នេះ នៅចំណុចគីឡូម៉ែត្រលេខ៤៥-៤៦ ស្ថិតក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន។
សពស្ត្រីរងគ្រោះដែលស្លាប់ត្រូវគេស្គាល់ឈ្មោះសៀត សំបូរ អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងស្រង់ ឃុំស្គុះ ស្រុកសំរោងទង ។
សេចក្តីរាយការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រពាក់ស្លាកលេខព្រះសីហនុ ៣A១៧០៣ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចគឺពីភ្នំពេញទៅខេត្តព្រះសីហនុ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងឡើងវ៉ាជែងចូលចំណែកផ្លូវរថយន្តកុងតឺន័រ ពេលនោះរថយន្តកុងតឺន័របានបើកគេចម៉ូតូនោះធ្វើឱ្យរេចង្កូតទៅបុករថយន្តទួរីសដឹកកម្មករពាក់ស្លាកលេខភ្នំពេញ២G៦១៤០ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗ និង៣០នាក់ផ្សេងទៀតរងរបួសធ្ងន់-ស្រាល។
ក្រោយកើតហេតុអ្នកបើកបររថយន្តកុងតឺន័របានរត់គេចខ្លួនបាត់ស្រមោល រីឯអ្នកស្លាប់ត្រូវក្រុមគ្រួសារបញ្ជូនទៅស្រុកកំណើត និងអ្នករបួសត្រូវគេបញ្ជូនទៅសង្គ្រោះ។
តាមប្រភពព័ត៌មានមិនទាន់ផ្លូវការបានឱ្យដឹងថា មកដល់ម៉ោង៨ និង៣០នាទីព្រឹកនេះ អ្នកស្លាប់បានឡើងដល់៤នាក់ហើយ៕




ចែករំលែកព័តមាននេះ