ខេត្តត្បូងឃ្មុំ ៖ រហូតមកដល់វេលាម៉ោង៧យប់ ថ្ងៃទី១៩ តុលា ២០១៥ ក្មេងប្រុស២នាក់ក្នុងចំណោម៣នាក់ ដែលបានលង់ទឹកទន្លេមេគង្គ ត្រង់ចំណុចកំពង់ដរកំពង់ទ្រាស ស្ថិតនៅភូមិទី៣ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ នៅតែរកមិនទាន់ឃើញនូវឡើយទេ ។
លោកអនុសេនីយ៍ឯក អ៊ុក ពៅ អធិការរងនគរបាលស្រុកក្រូចឆ្មារ បានឲ្យដឹងថា ដោយសារតែឪពុកម្តាយមិនបានប្រុងប្រយ័ត្ន ក្មេងប្រុសតូចៗ៣នាក់ មាន ១-ឈ្មោះ យ៉ា ម៉ាត់ទុលរ៉ុល អាយុ៧ឆ្នាំ, ២-ឈ្មោះ ម៉ាត់ ស៊ិលហ៊ីម អាយុ៩ឆ្នាំ និង ៣-ឈ្មោះ កក សាង អាយុ៧ឆ្នាំ រស់នៅភូមិកើតហេតុទាំងអស់គ្នា បានដើរចេញពីផ្ទះរបស់ខ្លួនដោយបានបបួលគ្នាមកងូតទឹកទន្លេមេគង្គនៅកំពង់ដរកំពង់ទ្រាសកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃខាងលើ ។ ក្នុងពេលដែលកំពុងងូតទឹកលេងនោះ ស្រាប់តែក្មេងប្រុសទី១ និងទី២ បានលង់ទឹកទន្លេ ឃើញបែបនេះក្មេងប្រុសទី៣បានស្ទុះឡើងគោកប្រញាប់រត់មកប្រាប់អ្នកភូមិនៅក្បែរនោះឲ្យនាំគ្នាចេញទៅជួយសង្គ្រោះអាយុជីវិត ។ មនុស្សជាច្រើននាក់បាននាំគ្នាចុះរាវរកនៅកន្លែងងូតនោះ តែមិនបានប៉ះក្មេងប្រុសណាម្នាក់នោះទេ ហេតុការណ៍នេះបានភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ក៏បាននាំគ្នាចេញទៅតាមរកបន្ថែមទៀតដោយមានគ្នាកាន់តែច្រើនឡើងៗ មានទូកម៉ាស៊ីនបូមខ្យល់ ថែមទាំងបាននាំគ្នាចុះរាវដល់បាតទន្លេថែមទៀតតែរកមិនឃើញទាល់តែសោះ ។
លោកអធិការរងនគរបាលស្រុកក្រូចឆ្មារបញ្ជាក់ថា សកម្មភាពតាមរកពីសំណាក់ឪពុកម្តាយរបស់ក្មេងៗទាំង២នាក់នោះនៅតែបន្តរកជាមួយក្រុមសាច់ញាតិ និងអ្នកភូមិ គិតរហូតមកដល់វេលាម៉ោង៧យប់ថ្ងៃដដែលទៅហើយនោះនៅតែមិនទាន់រាវរកសពក្មេងឈ្មោះ រ៉ុល និងឈ្មោះ ហ៊ីម ឃើញនៅឡើយទេ ។ ទោះជាបែបណាក្តីបងប្អូនខ្មែរអ៊ិស្លាមកំពុងតែបន្តរកបន្ថែមទៀត ទោះបីជាយប់ចូលមកដល់ក្តី គេមិនដឹងថាតើសពក្មេងទាំង២នាក់នោះបានរសាត់តាមខ្សែទឹកហូរដល់ត្រង់ណាទេ ជាមួយគ្នានោះដែរសមត្ថកិច្ចក៏បានផ្តល់ដឹណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេផ្នែកខាងក្រោមឲ្យជួយចាំមើលផងដែរ ៕




ចែករំលែកព័តមាននេះ