ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​រិះគន់​ថា​សណ្តាប់ធ្នាប់​ក្នុង​ក្រុង​ស្ទឹង​សែន​កំពុង​​ធ្លាក់​ចុះ

10 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​បញ្ហា​រៀបចំ​សណ្តាប់​ធ្នាប់​នៅ​ក្នុង​ក្រុង​ស្ទឹង​សែន​​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ចំណែក​អាជ្ញាធរ​ក្រុង​ស្ទឹង​សែន និង​ខេត្តកំពង់ធំ ហាក់ដូចជា​គ្មាន​វិធានការ​រៀបចំ​ឲ្យ​មាន​ប្រសិទ្ធភាព​ទាល់​តែ​សោះ ។

ប្រជាពលរដ្ឋ​និយាយ​រិះគន់​បែប​នេះ​ដោយសារ​តែ​ពួក​លោក​​សង្កេត​​ឃើញ​ថា កន្លង​មក​ឃើញ​តែ​កម្លាំង​ចម្រុះ​ មាន​លោក​ចៅសង្កាត់​កំពង់ធំ ប៉ូលិស​ប៉ុស្តិ៍ និង​សន្តិសុខ​ផ្សារ​​កំពង់ធំ​រៀបចំ​តែ​ខាង​ក្រោយ​ផ្សារ​កំពង់ធំ​តែ​ប៉ុណ្ណោះ ចំណែក​នៅ​ម្តុំ​ផ្ទះថ្ម​ខាងក្រោយ​ផ្សារ​ផ្នែក​ខាងជើង និង​ខាងត្បូង​ផ្សារ​វិញ​ហាក់ដូចជា​មិន​អើពើ​សោះ ។ ដោយសារ​តែ​មានការ​ធូរ​លុង​ពី​អាជ្ញាធរ​ក្រុង​ស្ទឹង​សែនបែប​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះថ្ម​មួយ​ចំនួន​បាន​ត​សំយ៉ាប​​ដំបូល​មក​ដល់​ចិញ្ចើមថ្នល់​ផ្ទុក​អីវ៉ាន់​ពេញ ខ្លះ​ធ្វើ​ទ្វារ​ដែក​ទាញ​បិត​លើ​ដី​ចំណី​ផ្លូវថ្នល់​សម្រាប់​អ្នក​ថ្មើរជើង​ធ្វើ​ដំណើរ​ទៀត​ផង ដែល​ច្រើន​ជំនាន់​មក​ហើយ​មិន​ដែល​មាន​អ្នក​ធ្វើ​យ៉ាង​ដូច្នេះ​ទេ​ រីឯ​នៅ​ចំណុច​ក្បែរ​ព្រហ្ម​បា​យ័ន្ត ដែល​ជា​កន្លែង​សម្រាប់​ឲ្យ​អ្នក​រត់​ម៉ូតូឌុប​ចត​ហៅ​ម៉ូយ​នោះ ត្រូវ​បាន​គេ​ឲ្យ​អ្នក​ផ្សេង​ដាក់​លក់ទំនិញ​យ៉ាង​អនាធិបតេយ្យ រួច​ដើរ​ប្រមូល​លុយ​ក្នុង​១​កន្លែង​២ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ធ្វើ​ឲ្យ​អ្នក​ម៉ូតូឌុប​ចត​គ្មាន​សណ្តាប់ធ្នាប់ បូក​រួម​និង​ម៉ូតូ​ប្រជាពលរដ្ឋ និង​អាជីវករ ធ្វើ​ឲ្យ​ផ្លូវ​ដ៏​ធំ​ទូលាយ​មួយ​នេះ​ត្រូវ​កកស្ទះស្ទើរ​តែ​រាល់​ថ្ងៃ​ ។

ជា​ពិសេស​ទៅ​ទៀត​នោះ​គឺ​នៅ​មុខ​សណ្ឋាគារ ភោជនីយដ្ឋាន និង​ផ្ទះសំណាក់​ អរុណរះ ដែល​កំពុង​តែ​យក​ដី​ចំណី​ផ្លូវ និង​ទ្រូងផ្លូវ​សារ​ធារ​ណៈ​ធ្វើ​អាជីវកម្ម​សម្រាប់​ចត​រថយន្ត​តូច​-​ធំ​ទាំង​យប់​ទាំង​ថ្ងៃ ប៉ុន្តែ​បែរ​ជា​អាជ្ញាធរ​ក្រុង និង​ខេត្ត​មើល​មិនឃើញ​ពី​បញ្ហា​នេះ​ទៅ​វិញ ឬ​មួយ​ក៏​បាន​ទទួល​នូវ​លាភសក្ការៈ​ពី​កន្លែង​នេះ?

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ លោក​វរសេនីយ៍ឯក កែវ ហួ ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​សណ្តាប់ធ្នាប់​ បាន​ប្រាប់​«​កោះសន្តិភាព​»​ថា កម្លាំង​របស់​លោក​ចាំតែ​អនុវត្ត​តាម​ទេ ឲ្យ​តែ​មាន​បទបញ្ជា​ពី​លោក​អភិបាលក្រុង និង​លោក​អភិបាលខេត្ត បើ​ពុំ​មាន​បទបញ្ជា​ទេ លោក​ក៏​មិន​ហាន​ធ្វើ​ដែរ ។

លោក ហុ​ក រិ​ន អភិបាលក្រុង​ស្ទឹង​សែន មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ ២០១៥​ថា រឿង​ឲ្យ​អ្នក​លក់ដូរ​ក្បែរ​ព្រហ្ម​បា​យ័ន្ត កន្លែង​ម៉ូតូឌុប​នោះ លោក​មិន​បាន​អនុញ្ញាត​នោះ​ទេ លោក​នឹង​ចាត់ការ​ចំពោះ​បញ្ហា​នេះ រឿង​អ្នក​ដែល​ត​សំ​យ៉ាប​ផ្ទះ​ដល់​ចិញ្ចើមថ្នល់ និង​ថែម​ទាំង​ធ្វើ​ទ្វារ​ដែក លោក​ពុំ​បាន​បញ្ជាក់​នោះ​ទេ ។ ចំណែក​នៅ​ចំណុច​មុខ សណ្ឋាគារ ភោជនីយដ្ឋាន និង​ផ្ទះសំណាក់ អរុណរះ នោះ វា​មិនមែន​ទើបតែ​មាននៅ​ជំនាន់​លោក​នោះ​ទេ គឺ​មាន​ច្រើន​ជំនាន់​មក​ហើយ បើ​ទោះបីជា​ច្បាប់​ផ្លូវថ្នល់​ចេញ​មក​ឲ្យ​អនុវត្ត​ក្តី ក៏​យើង​មិន​អាច​ធ្វើ​ទាំង​បង្ខំ​បាន​ដែរ លោក​សន្យា​ថា​នឹង​រៀបចំ តែ​ត្រូវធ្វើ​ដោយ​សន្តិវិធី ។

នៅ​ថ្ងៃ​ទី​១៩ តុលា​ដដែល​នេះ «​កោះសន្តិភាព​» ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​លោក អ៊ុត សំ​អន អភិបាលខេត្ត​កំពង់ធំ​បាន​នោះ​ទេ ដោយ​ទូរស័ព្ទ​ពុំ​អាច​ទំនាក់ទំនង​បាន ។

លោក ហួ​ន វណ្ណ​និ​ត អភិបាលរង​ខេត្ត និង​ជា​ប្រធាន​រៀបចំ​កែ​លម្អ​សោភ័ណ​ភាព​ខេត្ត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ចំពោះ​ភាព​អនាធិបតេយ្យ​នៅ​ខាងក្រោយ​ផ្សា​កំពង់ធំ និង​អ្នក​ត​សំ​យ៉ាប​ផ្ទះ រួច​ធ្វើ​ទ្វារ​ដែក​មក​ដល់​ចិញ្ចើមថ្នល់​នេះ លោក​បាន​ប្រាប់​ទៅ​អាជ្ញាធរ​ក្រុង​រួច​ហើយ មិនដឹង​ជា​យ៉ាងម៉េច​បានជា​គ្មាន​ចំណាត់ការ រីឯ​នៅ​មុខ សណ្ឋាគារ ភោជនីយដ្ឋាន និង​ផ្ទះសំណាក់ អរុណរះ លោក​បាន​ប្រជុំ​ឲ្យ​ខាង​សណ្តាប់ធ្នាប់​ខេត្ត​យក​ថ្នាំ​ទៅ​បាញ់​កំណត់​ឲ្យ​រថយន្ត​ចត ក៏​គេ​មិនឃើញ​ធ្វើ​តាមដែរ លោក​នឹង​រាយការណ៍​ពី​បញ្ហា​នេះ​ទៅ​លោក​អភិបាលខេត្ត ៕