ខេត្តកណ្តាល ៖ សត្វព្រៃប្រភេទពស់ថ្លាន់ ពស់សាំងសឿ និងអណ្តើក សរុបទម្ងន់១៥៦គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារជ្រៃធំ ធ្វើការបង្ក្រាបបានពីឈ្មួញដឹកបន្លំតាមម៉ូតូបម្រុងឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាមកាលពីព្រឹកថ្ងៃទី១៩ តុលា ២០១៥ ស្ថិតនៅប៉ុស្តិ៍ត្រួតពិនិត្យជ្រៃធំ តាមផ្លូវជាតិលេខ២១បេ ក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
លោក មួង ដារ៉ា ប្រធានការិយាល័យគយ និងរដ្ឋាករជ្រៃធំ បានឲ្យដឹងថា សត្វព្រៃដែលកម្លាំងរបស់លោកបង្ក្រាបបាននោះមានទម្ងន់សរុប១៥៦គីឡូក្រាម ក្នុងនោះពស់ថ្លាន់១១១គីឡូក្រាម ពស់សាំងសឿ១៥គីឡូក្រាម និងអណ្តើក៣០គីឡូក្រាម ដែលបង្ក្រាបបានពីឈ្មួញបង្កប់ក្នុងកញ្ឆេដាក់សត្វកណ្ដុរពីលើដឹកតាមម៉ូតូ១គ្រឿង ម៉ាកគុបមូល ពណ៌សំបកឪឡឹក គ្មានស្លាកលេខ ចំណែកអ្នកបើកបរម៉ូតូពុំត្រូវបានស្គាល់ឈ្មោះនោះទេ គឺបានរត់គេចខ្លួនបាត់ ។
លោកបានបន្តទៀតថា បន្ទាប់ពីត្រួតពិនិត្យរួចនោះ សត្វព្រៃ និងវត្ថុតាងទាំងអស់ត្រូវបានលោកឲ្យកម្លាំងក្រោមឱវាទយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំប្រគល់ឲ្យទៅអង្គការថែរក្សាសត្វព្រៃយកទៅថែរក្សាកុំឲ្យសត្វទាំងនោះផុតពូជ ។ លោកបានបន្ថែមថា ទោះបីជាកម្លាំងសមត្ថកិច្ចរបស់លោកខិតខំទប់ស្កាត់យ៉ាងណាក៏ដោយក៏ក្រុមឈ្មួញខិលខូចមួយចំនួននៅតែបន្តលួចឆ្មក់ធ្វើសកម្មភាពដោយប្រើរូបភាពផ្សេងៗគ្នាដើម្បីបន្លំភ្នែកសមត្ថកិច្ច ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅតែមិនអាចគេចផុតពីភ្នែកសមត្ថកិច្ចបាន ៕


ចែករំលែកព័តមាននេះ