ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី១៩ តុលា មានបើកកិច្ចប្រជុំវិសាមញ្ញលើកទី១១ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពីការទប់ស្កាត់ពលករចំណាក់ស្រុក និងទំនិញគេចពន្ធខុសច្បាប់ផ្សេងៗធ្វើឱ្យបាត់បង់ចំណូលរដ្ឋ ដែលបានរៀបចំឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ។
នៅក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក គោស៊ុំ សារឿត អភិបាលខេត្ត លោក លោកស្រី និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ ។
បន្ទាប់ពីលោក គោស៊ុំ សារឿត បានបង្ហាញរបាយការណ៍ការងារត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រួចមក លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ជំរុញឱ្យលោកអភិបាលខេត្ត ត្រូវមានវិធានការដល់កម្លាំងឈជើងតាមបន្ទាត់ព្រំដែនឱ្យចូលរួមទប់ស្កាត់ពលករចំណាក់ស្រុក និងទំនិញគេចពន្ធខុសច្បាប់ដែលធ្វើឱ្យបាត់បង់ចំណូលរដ្ឋ ហើយមន្ត្រីគយ ត្រូវមានវិធានការត្រួតពិនិត្យរាល់ទំនិញដែលឈ្មួញនាំចូលតាមរថយន្តបែបអនាធិបតេយ្យ ៕



ចែករំលែកព័តមាននេះ