រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាអ្នករកស៊ីទិញ-លក់រថយន្ត ត្រូវបានសមត្តកិច្ចកងរាជអាវុធហត្តរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជួនទៅកាន់សាលាដំបូងកាលពីល្ងាចថ្ងៃទី១៨ តុលា ពាក់ព័ន្ធថា បានស៊ីដាច់លុយកក់គេជាង១០ម៉ឺនដុល្លារអាមេរិក (ពីបទឆបោក) ។
បុរសរូបនោះមានឈ្មោះឈាង សុផល ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់រថយន្ត មានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួលលេខ២០៧ ផ្លូវ៥៩៨សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពព័ត៍មាននៅសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា កំលាំងសមត្តកិច្ចកងរាជអាវុធហត្តឃាត់ខ្លួនឈ្មោះឈាង សុផល គឺយោងតាមពាក្យបណ្តឹងរបស់ឈ្មោះថៃ ឈុនគ្រី ជាអ្នករកស៊ីដែលជាមនុស្សស្និទ្ធនឹងឈ្មោះឈាង សុផល ។
ប្រភពបន្តថា កាលអំឡុងខែមេសា ២០១៤ ឈ្មោះ ឈង សុផល បានប្រើឈ្មោះក្រុមហ៊ុនAsia Business Solution(Cambodia)Co,ltd ថាជាក្រុមហ៊ុនរបស់ខ្លួនដោយបានទៅនិយាយប្រាប់ដើមបណ្តឹងថា ខ្លួនជាអ្នកនាំរថយន្តស៊េរីទំនើបៗមកពីអាមេរិក បើចង់បានឲ្យកក់លុយពាក់កណ្តាលមុនរយៈពេល៤ខែបានរថយន្តយកមកប្រើប្រាស់ ។
គ្រាន់តែមានការណែនាំយ៉ាងដូច្នេះដើមបណ្តឹង និងប្រពន្ធសម្រេចទិញរថយន្តពីឈ្មោះឈាង សុផល ១គ្រឿងម៉ាក Land Rover ស៊េរី២០១៤ ដោយបានធ្វើកិច្ចសន្យាទិញ-លក់ នៅថ្ងៃទី២៤ មេសា ២០១៥ ក្នុងតម្លៃ១២៨.០០០ដុល្លារ(ដប់ពីរម៊ឺនប្រាំបីពាន់ដុល្លារ) ពេលនោះឈ្មោះឈាង សុផល តម្រូវឲ្យអ្នកទិញកក់ប្រាក់៥០ភាគរយមុនស្មើនឹង៦៤.០០០ដុល្លារ(ប្រាំមួយម៊ឺនបួនពាន់ )ហើយប្រាប់ម្ចាស់ប្រាក់ថា រថយន្តនោះកំពុងនៅលើកប៉ាល់ ហើយនៅខែមិថុនា នឹងមកដល់កំពង់ផែព្រះសីហនុប្រទេសកម្ពុជា ដូច្នោះតម្រូវឲ្យអ្នកទិញបង់ថែម៣០ភាគរយទៀតដើមបណ្តឹងក៏ធ្វើតាម ព្រោះចង់បានរថយន្តប្រើ ។
ក្រោយពីបានធ្វើកិច្ចសន្យាឈ្មោះឈាង សុផល បានប្រគល់លិខិតមួយថា ជាឯកសាររថយន្ត ទីបំផុតនោះជាឯកសារក្លែងក្លាយ ទើបដើមបណ្តឹងដំបូង តាមទារយកប្រាក់កក់វិញ តែឈ្មោះឈាង សុផល គេចខ្លួនរហូត បានជាប្តឹងសមត្តកិច្ចឲ្យចាប់ខ្លួន និងនាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញរហូតដល់ល្ងាចថ្ងៃទី១៩ តុលា តំណាងអយ្យការបានធ្វើការចោទប្រកាន់ជាផ្លូវការពីបទ(ឆបោក) និងចាត់បញ្ជួនទៅចៅក្រម ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន៕
ចែករំលែកព័តមាននេះ