ពលរដ្ឋហ្វ៊ីលីពីនជាច្រើននាក់នាំគ្នាឡើងទៅលើដំបូលផ្ទះគេចពីទឹកជំនន់ ហើយនាថ្ងៃទី១៩ តុលា រង់ចាំការជួយសង្គ្រោះ ខណៈព្យុះទីហ្វុង KOPPU បោកបក់លើភាគខាងជើងប្រទេសនេះ សម្រាប់ថ្ងៃទី២ជាប់ៗគ្នា ។
ព្យុះ TOPPU ដែលកាលពីថ្ងៃទី១៨ តុលា បោកបក់លើឆ្នេរសមុទ្រភាគខាងកើតកោះលូហ្សុង ជាកោះសំខាន់របស់ហ្វ៊ីលីពីននោះ បណ្តាលឱ្យមនុស្សស្លាប់២នាក់ ហើយបង្ខំមនុស្សជាច្រើនពាន់នាក់ឱ្យចាកចេញពីផ្ទះសម្បែង ។ វាបានបោកបក់យ៉ាងយឺតឆ្ពោះទៅទិសខាងជើង ។ ទោះបីព្យុះនេះចុះថយកម្លាំង តែវាបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងលើតំបន់ជួរភ្នំ៣ ហើយបណ្តាលឱ្យមានទឹកជន់លិចនៅតំបន់វាលរាបទាំងឡាយនាភាគខាងជើងក្រុងម៉ានីល ។
អ្នកទទួលខុសត្រូវសន្តិសុខស៊ីវិលតំបន់ម្នាក់និយាយថា ភូមិប្រមាណជា៧០ត្រូវទឹកជន់លិច ។ ទឹកបានជន់ឡើងយ៉ាងលឿន ហើយមនុស្សម្នានាំគ្នាឡើងលើដំបូលផ្ទះ ។ ទឹកមានជម្រៅជ្រៅសម្រាប់រថយន្តកាំមីញ៉ុងយោធាចូលទៅជួយសង្គ្រោះ រួចពួកអ្នកជួយសង្គ្រោះប្រើកាណូតកៅស៊ូចូលទៅតំបន់ទឹកលិច ។ មនុស្សជាច្រើនពាន់នាក់ភៀសខ្លួនទៅកាន់បណ្តាជំរំបណ្តោះអាសន្ន ។
ព្យុះ KOPPU ដំបូងបោកបក់ក្នុងល្បឿនដល់ទៅ២១០គីឡូម៉ែត្រក្នុង១ម៉ោង ។ នាថ្ងៃទី១៩ តុលា ព្យុះនេះស្ថិតនៅពីលើមូលដ្ឋានបានតៃ ភាគខាងជើងហ្វ៊ីលីពីន ហើយកម្លាំងខ្យល់របស់វាចុះថយមកត្រឹម១៥០គីឡូម៉ែត្រក្នុង១ម៉ោង ។ ព្យុះនេះបោកបក់កាត់ជួរភ្នំ CORDILLERES មុនពេលចាកចេញពីកោះលូហ្សុងនាថ្ងៃទី២១ តុលា ។
រដ្ឋាភិបាលរៀបរាប់ពីមនុស្សស្លាប់២នាក់ គឺក្មេងប្រុសជំទង់អាយុ១៤ឆ្នាំម្នាក់ ដែលស្លាប់នៅក្រុងម៉ានីល ដោយដើមឈើបាក់សង្កត់លើផ្ទះរបស់គេ និងនារីអាយុ៦២ឆ្នាំម្នាក់ ដែលស្លាប់ដោយសារការបាក់ជញ្ជាំងផ្ទះនៅខេត្ត ZAMBALES ៕
ចែករំលែកព័តមាននេះ