ខេត្តតាកែវ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា នៅមុននេះបន្តិច តាជី យាយជី និងពុទ្ធបរិស័ទចំណុះជើងវត្តសិរីវ័ន្ត ហៅវត្តក្បាលសំរោង ស្ថិតក្នុងភូមិទ្រា ស្រុកសំរោង បានលើកគ្នាប្រមាណ១៣៥នាក់ជិះរថយន្ត៤គ្រឿងមកដល់មុខសាលាខេត្តដើម្បីសុំឱ្យលោកអភិបាលខេត្តជួយអន្តរាគមន៍ពីរឿងតែងតាំងគ្រូសូត្រស្តាំព្រះនាមអ៊ូច ទូច ព្រជន្ម៣០វស្សា បួសជាសង្ឃបានចំនួន១៣វស្សា ឱ្យឡើងជាចៅអធិការវត្ត តែភាគីម្ខាងទៀតដែលរួមមានអាជ្ញាធរស្រុកផងមិនគាំទ្រទេ ដោយសារព្រះអង្គមិនសូវគង់នៅវត្តទេ គឺទៅរៀននៅភ្នំពេញ តែអាជ្ញាធរស្រុកក៏ដូចជាតាជី យាយជី និងប្រជាពលរដ្ឋគាំទ្រភិក្ខុ វឹម ធៀង ដែលទើបតែបួសបាន៣វស្សាឱ្យឡើងជាចៅអធិការវត្ត ដោយសារភីក្ខុ វឹម ធៀង គង់នៅមើលការខុសត្រូវនៅក្នុងវត្តជាប់ជាប្រចាំ។
ទាក់ទិនរឿងនេះ លោកជូ វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបានជំរាបដល់ប្រជាពលរដ្ឋ ព្រមទាំងតាជី យាយជីដែលមកតវ៉ាមុខសាលាខេត្តនេះថា ការតែងតាំងព្រះសង្ឃមិនពាក់ព័ន្ធជាមួយអភិបាលខេត្តទេ គឺពាក់ព៍ន្ធនឹងសម្តេចសង្ឃនាយក។
លោកបានជំរាបបន្ថែមថា ការតែងតាំងនេះគឺត្រូវមានការឯកភាពពីអាជ្ញាធរស្រុក ធម្មការស្រុក និងមេគណស្រុក។ ឆ្លើយតបនឹងការជំរាបជូនរបស់លោកជូ វ៉ាន ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់មិនខ្វល់ថារឿងនេះពាក់ព័ន្ធខាងណាទេ សំខាន់គឺគាត់ចាំស្តាប់ប្រសាសន៍របស់លោកអភិបាលខេត្តសិន។
គេមិនទាន់ដឹងថា លោកអភិបាលខេត្តនឹងមានចំណាត់ការយ៉ាងណាទេ ព្រោះពេលនេះលោកកំពុងជាប់រវល់ប្រជុំ៕







ចែករំលែកព័តមាននេះ