កងកម្លាំងសន្តិសុខអីុរ៉ាក់កាលពីថ្ងៃទី១៨ តុលា បានវាយរុលទៅមុខលើរណសិរ្ស៣ ប្រឆាំងពួកជីហាដក្រុមរដ្ឋអិុស្លាមដែលពង្រឹងទីតាំងទប់ទល់នៅជុំវិញទីក្រុង BAIJI ហើយរំកិលទៅក្បែរទីក្រុងរ៉ាម៉ាឌី និងក្រុងហាវីហ្សា ។
បណ្តានាយទាហានអីុរ៉ាក់គូសបញ្ជាក់ថា កងកម្លាំងសន្តិសុខជួយទ្រទ្រង់ដោយបណ្តាកងជីវពលបានបើកធ្វើចាប់តាំងពីសប្តាហ៍មុនមកនូវការវាយលុកធំមួយលើទីក្រុង BAIJI ប្រមាណជា២០០គីឡូម៉ែត្រ ភាគខាងជើងក្រុងបាដាដ ។ ទីក្រុងនេះជាទីក្រុងមួយក្នុងចំណោមទីក្រុងទាំងឡាយ ដែលធ្លាក់ក្នុងកណ្តាប់ដៃក្រុមរដ្ឋអិុស្លាមចាប់តាំងពីការវាយលុកធំរបស់ក្រុមនេះពីខែមិថុនា ឆ្នាំ២០១៤ មក ។
កងកម្លាំងប្រឆាំងក្រុមរដ្ឋអិុស្លាម ក្នុងនោះមានយុទ្ធជនក្រុម HACHD AL CHAABI និងពួកជីវពលស៊ីអីុតគាំទ្រដោយអីុរ៉ង់ជាច្រើនពាន់នាក់វាយដណ្តើមយកបានផ្នែកមួយធំនៃទីក្រុង BAIJI និងបណ្តាតំបន់ជុំវិញ ។ កងកម្លាំងនេះកំពុងធ្វើការបោសសំអាតសង្កាត់មួយចំនួននៃទីក្រុង BAIJI ក្នុងនោះមានសង្កាត់តាមីមនាភាគខាងលិចក្រុង ព្រមទាំងតំបន់ផ្សារភាគកណ្តាលក្រុង ។ ឧត្តមសេនីយ៍ប៉ូលិសម្នាក់និយាយថា សមាជិកក្រុមរដ្ឋអិុស្លាមមួយចំនួននៅមានវត្តមាន ក្នុងទីនោះនៅឡើយ ។
ឧត្តមសេនីយ៍យោធាអីុរ៉ាក់ម្នាក់ចាត់ទុកថា ជោគជ័យធំបំផុតមួយចាប់តាំងពីថ្ងៃទី១០ មិថុនា ឆ្នាំ២០១៤ មក ចំពោះការរុលទៅមុខរបស់កងទ័ពអីុរ៉ាក់ក្នុងទីក្រុង BAIJI ។ កងកម្លាំងរដ្ឋាភិបាលចាប់តាំងពីឆ្នាំទៅមិញមក ដណ្តើមយកបានពីក្រុមរដ្ឋអិុស្លាមរាល់តំបន់ដែលក្រុមនេះវាយកាន់កាប់នៅភាគខាងត្បូងក្រុងបាដាដ និងតំបន់ឯទៀតៗនៅភាគខាងជើងរដ្ឋធានី ពិសេសទីក្រុងទីគ្រីតភាគខាងត្បូងក្រុង BAIJI ។
ឧត្តមសេនីយ៍ម្នាក់អះអាងថា ពេលនេះកងទ័ពបានរុលឆ្ពោះទៅកាន់ទីក្រុងម៉ូសស៊ុល ហើយប៉ុនប៉ងកាលពីថ្ងៃទី១៨ តុលា ឡោមព័ទ្ធទីក្រុងហាវីហ្សា ទីតាំងរបស់ក្រុមរដ្ឋអ៊ិស្លាមនៅភាគខាងកើតក្រុងទីគ្រីត ។ ប្រតិបត្តិការចាប់ផ្តើមក្នុងតំបន់២ គឺតំបន់មួយនៅភាគខាងលិចក្រុងគៀរគុកជិតក្រុងអាល់ហ្វាតាហ៍ ហើយប្រតិបត្តិការមួយទៀតនៅភាគខាងត្បូងក្រុងគៀរគុក ជិតទីតាំងប្រេងកាតអាល់ឡាស់ ។
ចំណែកកងកម្លាំងឃើតអីុរ៉ាក់វិញ រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក៏បានវាយរុលទៅមុខនាភាគនិរតីទីក្រុងគៀរគុក ដែលពួកគេត្រួតត្រាដែរ ។
ការរួមរឹតក៏ធ្វើផងដែរលើទីក្រុងរ៉ាម៉ាឌី ទីប្រជុំជនខេត្តអាល់អានបា ត្រួតត្រាដោយក្រុមរដ្ឋអ៊ិស្លាម ដែលនៅទីនោះ កងកម្លាំងសន្តិសុខទ្រទ្រង់ដោយពួកយុទ្ធជនកុលសម្ព័ន្ធស៊ុននីត មូលដ្ឋាន និងការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះប្រឆាំងជីហាដនាំមុខដោយសហរដ្ឋអាមេរិក ។
ឧត្តមសេនីយ៍អីុស្មាអីុល ម៉ាហាឡាវី នៃទី បញ្ជាការដ្ឋានប្រតិបត្តិការនៅខេត្តអាល់អានបា អះអាងថា តំបន់ ALBOU FARRAJ ពេលនេះស្ថិតក្រោមការត្រួតត្រាទាំងស្រុងរបស់យើងហើយទីក្រុងរ៉ាម៉ាឌី ស្ថិតនៅឯកោទាំងស្រុងដាច់ពីភាគខាងជើង ៕
ចែករំលែកព័តមាននេះ