ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍ទោស៊ី ឌី អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១៧ តុលា ២០១៥ កម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនម្នាក់នៅចំណុចខាងជើងភូមិគោកបល្ល័ង្គ ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី គឺឈ្មោះភូ វ័ន្ត ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិប្រឡាយជ្រៃ ឃុំគោកបល្ល័ង្គ ដោយដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ពណ៌ក្រហមចំនួន២គ្រាប់ ក្រោយពីធ្វើការសាកសួររួចនៅវេលាម៉ោង៥ និង៥០នាទីថ្ងៃដដែល នៅត្រង់ចំណុចវាលស្រែខាងត្បូងភូមិចុងគោកឃុំតាឡំ ស្រុកមង្គលបូរី យើងបានបន្តចាប់ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ទៀតឈ្មោះ អ៊ុន ថន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិចុងគោកឃុំតាឡំ ដោយដកហូតបានវត្ថុតាងថ្នាំញៀនពណ៌ផ្កាឈូក ចំនួន៨គ្រាប់, ទូរស័ព្ទដៃ២គ្រឿង និងម៉ូតូម៉ាកស្មាស់១គ្រឿង។
បន្ទាប់ពីធ្វើការសាកសួរឈ្មោះអ៊ុន ថន នេះរួច នៅវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៨ តុលា ២០១៥ កម្លាំងរបស់លោកបានធ្វើការស្ទាក់ចាប់នូវមុខសញ្ញាជូញដូរគ្រឿងញៀនម្នាក់ទៀតនៅចំណុចមុខវត្តព្រះស្រែ ឃុំតាឡំ មានឈ្មោះម៉ុយ សាវ៉េត ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិព្រហូត សងកាត់អូរអំបិល ក្រុងសិរីសោភ័ណ មុខរបររត់តាក់ស៊ី និងជាអ្នកសារព័ត៌មានអប្សរា ក្នុងនោះដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ពណ៌ផ្កាឈូក ចំនួន១០០គ្រាប់, ទូរស័ព្ទដៃចំនួន៤គ្រឿង, រថយន្តកាមរី ស៊េរី១៩៩១ ចំនួន១គ្រឿង ពាក់ស្លាកសៀមរាប 2A.2973,ខ្សែ.កលោហធាតុពណ៌លឿង១ខ្សែ ប័ណ្ណសារព័ត៌មាន២សន្លឹក៕



ចែករំលែកព័តមាននេះ