ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​យេ​ម៉ែ​ន​ថា ត្រៀម​ចរចា​ជាមួយ​ពួក​ហ៊ូ​ធី

10 ឆ្នាំ មុន

រដ្ឋាភិបាល​យេ​ម៉ែ​ន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៨ តុលា ថា ខ្លួន​ទទួលយក​ការ​ចូលរួម​ក្នុង​ការ​ចរចា​សន្តិភាព​ជាមួយ​ពួក​ឧទ្ទាម​ហ៊ូ​ធី និង​បណ្តា​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី លោក​អា​លី អាប់​ដាល់​ឡា​ហ៍ សា​ឡេ​ហ៍ ដែល​រៀបចំ​ធ្វើ​ក្រោម​ការ​ឧបត្ថម្ភ​របស់ អ​.​ស​.​ប ។

លោក RADJEH BADI អ្នកនាំពាក្យ​រដ្ឋាភិបាល​យេ​ម៉ែ​ន ថ្លែងប្រាប់​រ៉​យ​ទ័​រថា ការ​សម្រេចចិត្ត​ត្រូវ​បាន​ធ្វើ​សម្រាប់​ការ​ចូលរួម​ចរចា ហើយ​សារលិខិត​មួយ​ច្បាប់​ពី​រឿង​នេះ​នឹង​ត្រូវ​បញ្ជូន​ឱ្យ​ដល់​អគ្គលេខាធិការ អ​.​ស​.​ប លោក​បាន គី​មូ​ន ។

ប្រទេស​យេ​ម៉ែ​ន​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល​មួយ​ចាប់តាំងពី​ឆ្នាំទៅ​មិ​ញ​មក រវាង​ពួក​ជីវពល​ស៊ី​អីុ​ត​ហ៊ូ​ធី គាំទ្រ​ដោយ​កង​យោធា​របស់​លោក​សា​ឡេ​ហ៍ និង​កងកម្លាំង​ដែល​ស្មោះ​ត្រង់​​នឹង​ប្រធានាធិបតី​លោក​អាប​ដ៍ រ៉ា​ប៊ូ​ម៉ា​ន់​សួរ ហា​ឌី គាំទ្រ ដោយ​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។

អគ្គលេខាធិការ​រង អ​.​ស​.​ប លោក JAN ELISSON ថ្លែង​កាលពី​ថ្ងៃ​ទី​១៥ តុលា ដោយ​សង្ឃឹមថា ការ​ចរចា​សន្តិភាព​អាច​ចាប់ផ្តើម​នា​ចុងខែ​តុលា​នេះ ទោះបី​មានការ​មិន​ទុកចិត្ត​គ្នា​ខ្លាំង​រវាង​អីុ​រ៉​ង់ ដែល​គាំទ្រ​ពួក​ហ៊ូ​ធី និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ក្តី ។

មនុស្ស​យ៉ាងតិច​៥.៤០០០​នាក់​ត្រូវ​ស្លាប់ តាំងពី​ចាប់ផ្តើម​សង្គ្រាម​នេះ​ពី​ដំណាច់​ខែមីនា​មក ជាមួយ​ការ​វាយប្រហារ​របស់​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ប្រឆាំង​ពួក​បះបោរ ៕