រដ្ឋមន្ត្រីការបរទេសអីុរ៉ង់ លោក MOHAMMAD JAVAD ZARIF និងប្រមុខការទូតសហភាពអឺរ៉ុប លោកស្រី FEDERICA MOGHERINI បានចេញផ្សាយកាលពីថ្ងៃទី១៨ តុលា នូវសេចក្តីប្រកាសរួមមួយ ដោយអះអាងពីការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងស្តីពីនុយក្លេអ៊ែរ ដែលចុះហត្ថលេខាកាលពីខែកក្កដា កន្លងមកនេះ ដោយអីុរ៉ង់ និងមហាអំណាច៦ ។
សេចក្តីប្រកាសនោះគូសបញ្ជាក់ថា ពេលនេះអីុរ៉ង់នឹងចាប់ផ្តើមអនុវត្តបណ្តាកាតព្វកិច្ចរបស់ខ្លួនដែលទាក់ទិននឹងផែនការសកម្មភាពជាសាកលផ្តោតលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ AIEA រៀបចំមធ្យោបាយនានាដែលអាចត្រួតពិនិត្យបណ្តាវិធានការរបស់អីុរ៉ង់ ។
យោងតាមកិច្ចព្រមព្រៀង ដែលចុះហត្ថលេខារវាងអីុរ៉ង់ និងក្រុមប្រទេសមហាអំណាច P5+1 (ចិន សហរដ្ឋអាមេរិក បារាំង អង់គ្លេស រុស្ស៊ី និងអាល្លឺម៉ង់) កាលពីថ្ងៃទី១៤ កក្កដា នៅទីក្រុងវីយែន រដ្ឋធានីអូទ្រីស អីុរ៉ង់ត្រូវកែលម្អតម្លាភាពនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន កាត់បន្ថយសមត្ថភាពចម្រាញ់អ៊ុយរ៉ាញ៉ូម ហើយធ្វើការផ្លាស់ប្តូររចនាសម្ព័ន្ធនៃបណ្តារេអាក់ទ័រទឹកធ្ងន់ របស់ខ្លួនជាថ្នូរនឹងការលុបចោលបណ្តាទណ្ឌកម្មអន្តរជាតិ និងលោកខាងលិច ។
លើមូលដ្ឋាននោះ កិច្ចព្រមព្រៀងស្តីពីនុយក្លេអ៊ែរនេះត្រូវចូលជាធរមាននាថ្ងៃទី១៨ តុលា ។ ដូចការគ្រោងទុក ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី១៨ តុលា បានចេញបញ្ជាដល់រដ្ឋាភិបាលលោកឱ្យត្រៀមខ្លួនលុបចោលទណ្ឌកម្មផ្សេងៗប្រឆាំងអីុរ៉ង់ចាប់តាំងពីទសវត្សឆ្នាំ២០០០មក ។ ចំណែកសហភាពអឺរ៉ុបវិញប៉ុន្មានម៉ោងមុននេះប្រកាសថា បានអនុម័តក្របខណ្ឌច្បាប់មួយ ដើម្បីផ្អាកទណ្ឌកម្ម ៕
ចែករំលែកព័តមាននេះ