រាជធានីភ្នំពេញ ៖ ការប្រកួតកាលពីថ្ងៃអាទិត្យម្សិលម្ង៉ៃ កីឡាករជើងខ្លាំង២រូប ត្រូវគេឃើញថា រងការអាម៉ាស់បន្ទាប់ពីចប់ការប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រដាល់ពេលព្រឹក និងមួយរូបនៅក្នុងព្រឹត្តិការណ៍«កំពូលអ្នកប្រដាល់របស់ស្រាបៀរ Black Cat» ដែលធ្វើឡើងនៅពេលរាត្រី ។ ទោះបីយ៉ាងណាក្នុងចំណោមកីឡាករទាំង៣ គេកត់សម្គាល់ថា កីឡាករ ពុទ្ធ ហ៊ុច ឬមឿន សុខហ៊ុច បានក្លាយជាចំណុចក្នុងការចំអកយ៉ាងពេញបន្ទុក បន្ទាប់ពីក្រុមគណៈកម្មការសម្រេចបកស្បែកទង្វើពុតត្បុតរបស់គេជាសាធារណៈនៅក្នុងការប្រកួតនាថ្ងៃនោះ ។
ក្នុងការប្រកួតសងសឹកជាមួយកីឡាករថៃឈ្មោះ Phach Arun កីឡាករ មឿន សុខហ៊ុច ឬពុទ្ធ ហ៊ុច ដែលអ្នកណាក៏ស្គាល់ថាជាជើងខ្លាំងម្នាក់ប្រចាំក្លិបពុទ្ធសេរីវង្សកីឡា មានបំណងស៊ីឡាកទៅលើគូប្រកួត ។ ក្រុមគណៈកម្មការចាប់បានទង្វើពុតត្បុតរបស់កីឡាកររូបនេះ ហើយបានប្រកាសឲ្យគេចាញ់ដោយស្វ័យប្រវត្តិ ព្រមជាមួយការព្រមានជាសាធារណៈ ធ្វើឲ្យអ្នកទស្សនាជាពិសេសគឺអ្នកគាំទ្របញ្ចេញការរិះគន់ដោយមិនសំចៃមាត់ ។ រឿងហេតុដែលបានកើតឡើងនោះ គឺដោយសារតែទូរទស្សន៍អាស៊ីអាគ្នេយ៍កំណត់ឲ្យគេឡើងប្រកួតសងសឹកជាមួយកីឡាករថៃឈ្មោះ Phach Arun បន្ទាប់ពីការប៉ះគ្នាលើកមុនគេចាញ់កីឡាករថៃដោយពិន្ទុ ។ ក្នុងជំនួបជាលើកទី២ កីឡាករ ពុទ្ធ ហ៊ុច ប្រឹងប្រែងយ៉ាងខ្លាំង ប៉ុន្តែមិនអាចធ្វើអីទៅលើគូប្រកួតនោះទេ ពេញមួយទឹកទី១ ។ ឈានដល់ទឹកទី២ ដោយសារការប្រកួតកាន់តែឡើងកំដៅខ្លាំង ទើបបណ្ដាលឲ្យកីឡាករ ពុទ្ធ ហ៊ុច ប្រើកលធ្វើសន្លប់ដោយគ្រាន់តែត្រូវកីឡាករថៃទាត់ត្រូវបន្តិច ក្នុងពេលគេរអិលជើងដួល ។ បើទោះជាក្រុមគណៈកម្មការសម្រួលឲ្យគេក្រោកឡើងបន្តការប្រកួត ក៏កីឡាកររូបនេះនៅតែធ្វើប្រកាច់ពេញរេញ និងស្រែកថ្ងូរដែលនាំឲ្យមានការស៊ើបអង្កេតពីហេតុការណ៍នោះ ។
ក្រោយការចាក់រូបភាពប្រកួតសាចុះសាឡើងនៅលើអេក្រង់ធំ និងអេក្រង់តូចគ្រប់ជ្រុងរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ បានបង្ហាញយ៉ាងច្បាស់ថាអ្វីដែល ពុទ្ធ ហ៊ុច បានធ្វើគឺជាទង្វើស៊ីឡាក ។ លោក រាជ សូផែន ប្រធានគណៈកម្មការប្រដាល់ប្រចាំសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ បានប្រកាសដាក់ក្បាលមេក្រូថា ផ្អែកតាមសភាពជាក់ស្ដែង កីឡាករថៃអត់មានចង់ទាត់ថែមទៅលើ ពុទ្ធ ហ៊ុច ទេ វាជារឿងអចេតនាសុទ្ធសាធ ដោយសារតែក្នុងពេលប្រកួត គឺពុទ្ធ ហ៊ុច រអិលជើងដួលខ្លួនឯងចំពេលកីឡាករថៃយារជើងបម្រុងទាត់ ។ ផ្អែកតាមវីដេអូគ្រប់ជ្រុងបង្ហាញថា កីឡាករថៃទាត់ត្រូវតែចុងជើងបន្តិចប៉ុណ្ណោះ គឺមិនដល់ថ្នាក់សន្លប់អញ្ចឹងទេ។ ដូច្នេះអ្វីដែលបានកើតឡើងគឺបណ្ដាលមកពីបង្គោលក្រហម ពុទ្ធ ហ៊ុច ពុតត្បុតទាំងស្រុង ដែលផ្ទុយពីបទបញ្ជារបស់សហព័ន្ធដែលអ្នកចាំស៊ីឡាក ត្រូវតែព្រមាន ។ យ៉ាងណាក៏លោកថា កីឡាកររូបនេះនឹងមិនត្រូវបញ្ឈរជើងនោះទេ ដោយសារតែគេទើបតែមានកំហុសលើកដំបូង ។
នេះជាការបកស្រាយដ៏កម្រដែលក្រុមមន្ត្រីសហព័ន្ធបានធ្វើមកលើកីឡាករល្បីឈ្មោះរបស់ខ្លួន ធ្វើឲ្យអ្នកទស្សនាពេញចិត្តរហូតទះដៃយ៉ាងខ្ទររង្គើសង្វៀន ។ ប៉ុន្តែក៏ធ្វើឲ្យលេចឡើងពាក្យចំអក និងរិះគន់ទៅលើកីឡាករកម្ពុជារូបនេះ ដោយមិនសំចៃមាត់នៅក្រោយបញ្ចប់ភាពចម្រូងចម្រាសផងដែរ ។ ក្នុងនោះសូម្បីតែអ្នកឲ្យទឹក និងក្រុមកីឡាករដែលហែហមពុទ្ធ ហ៊ុច ខ្លួនឯងក៏ឮស្ដីបន្ទោសចំពោះទង្វើរបស់កីឡាកររូបនេះដូចគ្នា ។ អញ្ចឹងហើយទើបគេឃើញសាមីខ្លួនអាម៉ាស់មុខរហូតអត់និយាយស្ដីមួយម៉ាត់ ហើយដើរចេញពីសង្វៀនភ្លាមៗ បន្ទាប់ពីត្រូវមន្ត្រីអ្នករៀបចំការប្រកួតបកស្បែកដោយមិនទុកមុខឲ្យនាពេលនោះ ។ ក្រុមអ្នករិះគន់បានបង្ហាញការខកចិត្តដែលកីឡាករល្បីឈ្មោះរូបនេះជាប់ក្នុងបញ្ជីខ្មៅពាក់ព័ន្ធនឹងរឿងទង្វើស៊ីឡាកមិនបានសម្រេចមួយនេះ ។ កីឡាករថៃ Phach Arun ត្រូវគេលើកដៃឲ្យឈ្នះដោយស្វ័យប្រវត្តិ ដែលមានន័យថាជាជ័យជម្នះលើកទី២ក្នុងការប៉ះប្រកួតជាមួយកីឡាករ ពុទ្ធ ហ៊ុច ។
នៅក្នុងការប្រកួតអន្តរជាតិពេញមួយថ្ងៃអាទិត្យនោះដែរ កីឡាករ២រូបទៀត ក៏រងការអាម៉ាស់មុខណាស់ដែរ ដោយសារតែចាញ់គូប្រកួតជាជនជាតិថៃ ។ កីឡាករ ចាន់ ស៊ីណាត បានត្រឹមតែស៊ូដល់ទឹកទី៥ជាមួយកីឡាករថៃ Phun Savath ប៉ុណ្ណោះ នៅក្នុងព្រឹត្តិការណ៍ប្រដាល់ពេលព្រឹកដែលមានកីឡាករ ពុទ្ធ ហ៊ុច ឡើងប្រកួតជាគូឯក ហើយបញ្ចប់ដោយចម្រូងចម្រាសនោះ ។ មានការរិះគន់ថា បណ្ដាលមកពីគេហ្វឹកហាត់មិនបានដិតដល់ទើបបណ្ដាលឲ្យឡើងប្រកួតអត់កើតនាថ្ងៃនោះ។ មិនខុសគ្នាដែរ នៅក្នុងព្រឹត្តិការណ៍កំពូលអ្នកប្រដាល់ស្រាបៀរBlack Cat ឯណោះវិញ កីឡាករ ផន ផល្លា ឬគង់ វង្សរាជ ក៏ត្រូវស្ពាយដោយភាពអាម៉ាស់មិនតិចនោះដែរ ជាមួយនឹងលទ្ធផលសន្លប់ក្រោមដៃកីឡាករថៃ ផា រ៉ាវី ត្រឹមទឹកទី៣ ។ ការប្រកួតរបស់ពួកគេបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែលទ្ធផលដែលបានស្ដែងឡើងគឺដូចគ្នាបេះបិទនឹងការព្យាកររបស់លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃឲ្យមកប្រកួត ។ នៅក្នុងព្រឹត្តិការណ៍ដែលបានធ្វើឡើងដោយក្រុមហ៊ុនស្រាបៀរប្លេកខេតនោះ គេឃើញកីឡាករ ផន ផល្លា ប្រឹងប្រែងស្ទុះស្ទាគ្រប់ស្នៀត ប៉ុន្តែមកពីកម្លាំងរបស់គេមិនដល់គូប្រកួត ទើបស្ទុះចូលពេលណាក៏ត្រូវកីឡាករ ផា រ៉ាវី វាយត្រូវខ្ចប់ៗ។ ក្នុងទឹកទី២ កីឡាករថៃវាយ ផន ផល ឲ្យប៊ិះសន្លប់ម្ដងហើយ លុះដល់ទឹកទី៣កីឡាករថៃក៏វាយឲ្យដេកលើរេញតែម្ដង ទើបនាំឲ្យមានការរិះគន់ថា ផន ផល្លា ប្រកួតធ្លាក់ដៃ ឬមិនកើតសម្រាប់ការប្រកួតនៅក្នុងព្រឹត្តិការណ៍នោះ ។ យ៉ាងណាក៏ដោយ ក្រុមគ្រូបង្វឹកថានោះគឺបណ្ដាលមកពីគេជាប់រវល់ទៅស្រុកអបអរបុណ្យភ្ជុំហើយទទួលការហ្វឹកហាត់បានតិចតួចប៉ុណ្ណោះ។
នៅក្នុងការប្រកួតអន្តរជាតិ៥គូដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យនោះ មានតែកីឡាករ២រូបប៉ុណ្ណោះដែលទទួលបានការសរសើរក្រោយបញ្ចប់ការប្រកួត ។ ទីមួយគឺកីឡាករ ម៉ន រដ្ឋា ដែលបានប្រកួតឈ្នះកីឡាករថៃ Kham ដោយពិន្ទុ នៅក្នុងព្រឹតិ្តការណ៍ប្រដាល់ពេលព្រឹក និងកីឡាករ អ៊ុង វិរៈ ដែលវាយផ្ដួលកីឡាករថៃយ៉ង យ៉ុនឡេក ក្នុងទឹកទី៣ នៅក្នុងព្រឹត្តិការណ៍ប្រដាល់ពេលយប់របស់ក្រុមហ៊ុនស្រាបៀរប្លេកខេត ។ ក្រោយបញ្ចប់ការប្រកួត កីឡាករ អ៊ុង វិរៈ បានក្លាយជាកីឡាករដែលមានកិត្តិយសជាងគេ ប៉ុន្តែបើក្រឡេកមើល កីឡាករ ពុទ្ធ ហ៊ុច ឬមឿន សុខហ៊ុច វិញ ក៏ក្លាយជាកីឡាករដែលអាប់មុខដោយការចំអក និងការរិះគន់មិនធ្លាប់មានផងដែរ ដោយសារតែគេមានគំនិតស៊ីឡាកទៅលើគូប្រកួត ហើយត្រូវមន្ត្រីសហព័ន្ធបកស្បែកជាចំហមិនទុកមុខឲ្យ ៕





ចែករំលែកព័តមាននេះ