អង្គការសិទ្ធិមនុស្សស៊ីរី OSDH មានប្រភពព័ត៌មានច្រើនក្នុងប្រទេសរាយការណ៍កាលពីថ្ងៃទី១៨ តុលា ថា យុទ្ធជនក្រុមរដ្ឋអ៊ិស្លាមប្រមាណជា៤០នាក់ បានត្រូវស្លាប់ដោយសារការវាយប្រហារតាមអាកាសនៅខេត្តហាម៉ាភាគកណ្តាលស៊ីរី ។
បណ្តាយន្តហោះចម្បាំងពុំដឹងមកពីខាងណាបានវាយប្រហារលើក្បួនរថយន្ត១ខ្សែមាន១៦គ្រឿងរបស់ក្រុមរដ្ឋអិុស្លាមដែលបើកបររវាងខេត្តហាម៉ា និងខេត្តរ៉ាកាភាគខាងជើងប្រទេសជាទីតាំងធំរបស់ក្រុមរដ្ឋអិុស្លាម ។ OSDH បន្តថា ការវាយប្រហារតាមអាកាសនេះ ពិតណាស់ បណ្តាលឱ្យពួករដ្ឋអ៊ិស្លាមរងការបាត់បង់ធ្ងន់ធ្ងរបំផុត ។
OSDH ពុំអាចកំណត់អត្តសញ្ញាណរបស់កងយន្តហោះប្រយុទ្ធដែលវាយប្រហារលើក្បួនរថយន្តនេះឡើយ ព្រោះក្រុមរដ្ឋអិុស្លាមក៏តាមវាយប្រហារដោយកងយន្តហោះរបស់ក្រុមចម្រុះប្រឆាំងភេរវកម្មនាំមុខដោយសហរដ្ឋអាមេរិក ព្រមទាំងដោយការវាយប្រហារតាមអាកាសរបស់រុស្ស៊ីដែរ ។
ចំណែកមន្ទីរប៉ង់តាហ្គោនអះអាងកាលពីថ្ងៃទី១៨ តុលា ថា ប្រមុខក្រុមអិុស្លាមនិយម KHORASAN លោក SANAFI AL NASR បានត្រូវសម្លាប់ក្នុងការវាយប្រហារតាមអាកាសមួយរបស់ក្រុមចម្រុះប្រឆាំងជីហាដនាំមុខដោយអាមេរិក កាលពីថ្ងៃទី១៥ តុលា កន្លងមកនេះ នៅភាគពាយ័ព្យស៊ីរី ។
អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោក PETER COOK ក្នុងសេចក្តីប្រកាសមួយបញ្ជាក់ថា ការវាយប្រហារនេះបណ្តាលឱ្យលោក ABDUL MOHSEN ABDULLAH IBRAHIM AL SHARIKH ដែលគេស្គាល់ដែរក្រោមឈ្មោះ SANAFI AL NASR ជនជាតិអារ៉ាប៊ី សាអ៊ូឌីត និងជាជនលេខមួយនៃបណ្តាញ ពួកយុទ្ធជនចេញមកពីអាល់កៃដា ដែលគេនិយមហៅក្រុម KHORASAN ។
អង្គការ OSDH កាលពីថ្ងៃទី១៦ តុលា បានរៀបរាប់ពីការស្លាប់របស់លោក SANAFI AL NASR ដោយអះអាងថា ជននេះត្រូវសម្លាប់ដោយសារការវាយប្រហារតាមអាកាសមួយនៅខេត្តអាឡែប ។
ក្រុមរណសិរ្សអាល់ណូស្ត្រាក៏អះអាងដែរកាលពីថ្ងៃទី១៧ តុលា ពីការស្លាប់មេបញ្ជាការរូបនេះរបស់គេ ។ ដោយចាត់ទុកលោក SANAFI AL NASER ជាមេបញ្ជាការរបស់ខ្លួន ក្រុមរណសិរ្សអាល់ណូស្ត្រា និយាយថា រថយន្តដឹកមេបញ្ជាការរូបនេះ ព្រមទាំងអ្នកទទួលខុសត្រូវ២រូបទៀតជាគោលដៅនៃការវាយប្រហារតាមអាកាសមួយ កាលពីថ្ងៃទី១៦ តុលា នៅដាណាជិតក្រុងអីុដលីប ។
រណសិរ្សអាល់ណូស្ត្រាបានចេញផ្សាយតាមអីុនធើរណេតនូវរូបថតមួយ ដែលបង្ហាញរថយន្តមួយគ្រឿងរងការកម្ទេចដោយអះអាងថា រថយន្តនេះរងការវាយប្រហារដោយកងយន្តហោះក្រុមចម្រុះនាំមុខដោយអាមេរិក ៕
ចែករំលែកព័តមាននេះ