រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់នៅលើសង្វៀនស៊ីធីអិនកាលពីថ្ងៃអាទិត្យ ទី១៨តុលាកន្លងមកនេះ ជ័យ វណ្ណៈ មកពីក្លិបឃ្លាំងមឿងកីឡា បានធ្វើឱ្យអ្នកប្រដាល់ជើងថ្មី អិន កំសត់មកពីក្លិបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀនចាញ់ការប្រកួតដោយពិន្ទុទាំងមិនអស់ចិត្ត ។
សម្រាប់ការប្រកួតនៅក្នុងទឹកទី១ វណ្ណៈនៅមិនទាន់ហ៊ានចូលវាយសម្រុកទៅលើ កំសត់ភ្លាមនោះទេ ទោះបីដឹងមុនថាកំសត់ ជាអ្នកប្រដាល់ជើងថ្មីក៏ដោយ ។ កំសត់ ដែលមានមាឌស្ដើងហើយខ្ពស់ជាងនោះបានទាត់ជាប្រយោលនិងវាយចេញស្រាលៗក្នុងស្ថាន ភាពប្រុងប្រយ័ត្នជាទីបំផុត ។ វណ្ណៈបានព្យាយាមចូលកៀក ដើម្បីងាយស្រួលវាយឱ្យចំគោលដៅ ប៉ុន្តែត្រូវកំសត់ ធាក់ចេញមិនឱ្យចូលជិតបានដោយងាយនោះឡើយ។
២ទឹកកន្លងទៅការប្រកួតរវាងពួកគេទាំង២នៅមិនទាន់មានខាងណាមានប្រៀបជាងខាងណាឡើយ។ ចូលដល់ទឹកទី៣ វណ្ណៈកាន់តែបង្កើនការវាយលុកដោយដើរចូលទាត់ចេញជាមួយទម្ងន់ជើងធ្ងន់ៗ ប៉ុន្តែមានពេលខ្លះក៏ត្រូវកំសត់ចាប់ជើងជាប់ហើយរុញឱ្យដួលទាំងច្រងាប់ច្រងិលទៀតផង ។ វណ្ណៈមានប្រៀបជាងបន្តិច ខណៈការប្រកួតឈានចូលដល់ទឹកទី៤ ដោយសារកម្លាំងរបស់គេនៅមិនទាន់ស្រុតចុះខ្លាំង ប៉ុន្តែការចាញ់ប្រៀបកម្ពស់ផ្ដល់ផលអាក្រក់សម្រាប់រូបគេ គឺពិបាកចូលកៀកវាយឱ្យចំគោលដៅខ្លាំងណាស់ ទើបការប្រកួតបានអូសបន្លាយពេលរហូតដល់ទឹកទី៥ និងបានត្រឹមតែឈ្នះពិន្ទុគូប្រកួតទាំងវេទនាបំផុត ។
ចាន់ រក្សា មកពីក្លិបអេភូថងកីឡា បានផ្ដួលអ្នកប្រដាល់ជើងថ្មីសម័យ សួន មកពីក្លិបកុមារទេព ឱ្យសន្លប់នៅមុនស្នូរជួងបញ្ចប់ទឹកទី១។ គ្រាន់តែស្នូរជួងទឹកទី១បន្លឺឡើងចប់ភ្លាម រក្សាបានសម្រុកចូលវាយនិងទាត់គ្មានប្រណីទៅលើគូប្រកួតធ្វើឱ្យសម័យ សួន ដែលមិនទាន់ប្រុងប្រយ័ត្នខ្លាំងនៅឡើយនោះបានប្រឹងលោតគេច ចេញទាំងព្រលឹងចុងសក់។ សម័យ សួន មិនទាន់បញ្ចេញក្បាច់វាយតបតវិញឱ្យបានពេញដៃពេញជើងផងស្រាប់តែភ្លាត់ស្នៀតបណ្ដោយឱ្យរក្សាទាត់ត្រូវជើងឆ្វេងផ្ទួនៗ បណ្ដាលឱ្យដួលទោះបីអាជ្ញាកណ្ដាលរាប់ដល់១០ ទៅហើយក្ដី ក៏គេនៅតែមិនអាចក្រោកប្រកួតទៀតបានដែរ ។
ចំណែកលទ្ធផលគូផ្សេង សុខ ទូ មកពីក្លិបឃ្លាំងមឿងកីឡា ផ្ដួលរិទ្ធ ប្រាក់ប៊ិន មកពីក្លិបកងពលតូចលេខ៧០ឱ្យសន្លប់នៅក្នុងទឹកទី៥ ។ ទូច វិរៈ មកពីក្លិបច័ន្ទបុរីវង្សកីឡា ផ្ដួលផុន សុភា មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងឱ្យសន្លប់នៅក្នុងទឹកទី៤ និងគូចុងក្រោយ សិទ្ធ លីដា មកពីក្លិបសាមគ្គីពន្លឺកូនខ្មែរ ផ្ដួល ឡុង សុផា មកពីក្លិបសាលវ័ន្តកីឡា ឱ្យសន្លប់នៅត្រឹមទឹកទី១ប៉ុណ្ណោះ ៕


ចែករំលែកព័តមាននេះ