ខេត្តព្រះវិហារ ៖ ភ្ញៀវទេសចរដែលបានឡើងទៅកម្សាន្តនៅច្រកទ្វាអានសេះបានរិះគន់តៗគ្នាចំពោះផ្លូវចេញពីទីប្រជុំជនស្រុកជាំក្សាន្តប្រមាណ២០០ម៉ែត្រឆ្ពោះទៅកាន់ច្រកទ្វាអានសេះលើខ្នងភ្នំដងរែកពោរពេញដោយសំរាមពេញសងខាងផ្លូវ តែអាជ្ញាធរស្រុកជាំក្សាន្តមិនអើពើ ។
ប្រជាពលរដ្ឋម្នាក់ដែលរស់នៅស្រុកជាំក្សាន្តសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ទាំងរដូវប្រាំង និងរដូវវស្សា ផ្លូវធ្វើដំណើរឆ្ពោះទៅច្រកទ្វារអានសេះដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តទីនោះពោរពេញដោយសំរាមតែម្តង ដែលធ្វើឲ្យជះក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន និងសុខភាពអ្នករស់នៅក្បែរនោះ ជាពិសេសបានធ្វើឲ្យបាត់បង់នូវសោភ័ណភាពទីប្រជុំជនស្រុកទាំងមូលតែម្តង ។
ជុំវិញការរិះគន់នេះដែរ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងនៅថ្ងៃទី១៥ តុលា ២០១៥ថា ការចាក់សំរាមគរចោលពេញផ្លូវនេះដែរ អាជ្ញាធរស្រុកជាំក្សាន្ត បានធ្វើការណែនាំរួចមកហើយដល់អាជីវករក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅតំបន់នោះឲ្យបឈ្ឈប់យកសំរាមទៅចាក់ចោលនៅទីនោះទៀត ព្រោះអាជ្ញាធរស្រុកជាំក្សាន្តមានកន្លែងសម្រាប់ឲ្យប្រជាពលរដ្ឋចាក់សំរាម តែពលរដ្ឋឆ្លើយតបវិញថា ដោយសារកន្លែងចាក់សំរាមមានចម្ងាយឆ្ងាយពេកទើបពួកគាត់ខ្ជិលយកទៅចាក់ចោលនៅទីនោះ ។
លោក ជា គឹមសេង បន្តថា កន្លងទៅអាជ្ញាធរស្រុកជាំក្សាន្តក៏បានសហការជាមួយសិស្សានុសិស្សធ្វើការសំអាតនៅទីនោះ៣ទៅ៤ដងមកហើយ តែដោយសារប្រជាពលរដ្ឋមួយចំនួនមិនព្រមសហការធ្វើការសំអាតរួមគ្នាជាមួយអាជ្ញាធរស្រុក ហើយនៅបន្តយកទៅចាក់ទៀត ។
លោក ជា គឹមសេង ក៏បានលើកឡើងទៀតថា ឆាប់ៗនេះអាជ្ញាធរស្រុកនឹងចុះធ្វើការសម្អាតគំនរសំរាមនៅទីនោះម្តងទៀត ព្រមទាំងមានវិធានការក្តៅ និងបិទប្រកាសជាសាធារណៈ ប្រសិនបើបុគ្គលណានៅតែបន្តយកសំរាមទៅចាក់ចោលនៅទីនោះទៀត លើកទី១ និងលើកទី២ ត្រូវឃាត់ខ្លួនធ្វើកិច្ចសន្យា ថតរូប និងលើកទី៣បើនៅតែបន្តនឹងចាត់វិធានការទៅតាមផ្លូវច្បាប់តែម្តង៕


ចែករំលែកព័តមាននេះ