សារព័ត៌មានក្នុងស្រុករាយការណ៍ថា រដ្ឋមន្ត្រី២រូបរបស់រដ្ឋាភិបាលនៃនាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ កាលពីថ្ងៃទី១៨ តុលា បានទៅកាន់ទីតាំងយ៉ាស៊ូគូនី ដ៏ចម្រូងចម្រាស់នាឱកាសបុណ្យសារទរដូវរបស់ទីតាំងនេះ ។
រដ្ឋមន្ត្រីយុត្តិធម៌លោកមីត ស៊ូហ៊ីដ អីុវ៉ាគី ដែលទើបកាន់តំណែងនេះកាលពីសប្តាហ៍មុនបានទៅកាន់យ៉ាស៊ូគូនី នាព្រឹកថ្ងៃទី១៨ តុលា ក្លាយជាសមាជិកដំបូងគេរបស់រដ្ឋាភិបាលទើបរុះរើថ្មីរបស់លោកអាបេ ដែលទៅកាន់ទីតាំងនេះជាកន្លែងគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដោយសង្គ្រាមជាច្រើនលាននាក់ រួមទាំងឧក្រិដ្ឋជនសង្គ្រាម១៤នាក់ផង ។ បន្ទាប់ពីទស្សនកិច្ចរបស់រដ្ឋមន្ត្រីយុត្តិធម៌ លោកស្រីសាណាអឺ តាកាអីុជី រដ្ឋមន្ត្រីគមនាគមន៍ និងកិច្ចការផ្ទៃក្នុងក៏ទៅកាន់ទីនោះដែរ ។ លោកស្រីរដ្ឋមន្ត្រីអាយុ៥៤ឆ្នាំរូបនេះ តែងមកកាន់យ៉ាស៊ូគូនី ដោយទៀងទាត់ ។ លោកស្រីក៏បានទៅកាន់ទីនោះនាឱកាសបុណ្យនិទាឃរដូវ ព្រមទាំងកាលពីថ្ងៃទី១៥ សីហា នាឱកាសខួបលើកទី៧០ នៃការបញ្ចប់សង្គ្រាមលោកលើកទី២ ។
កាលពីថ្ងៃទី១៧ តុលា លោកអាបេ បានបញ្ជូនអំណោយទៅកាន់យ៉ាស៊ូគូនី ជាដើមម៉ាសាកាគី១ដើម ក្នុងនាមនាយករដ្ឋមន្ត្រី ។ ទោះបីជាលោកពុំទៅកាន់ទីនោះផ្ទាល់ តែសកម្មភាពនេះត្រូវចិន និងកូរ៉េខាងត្បូងចាត់ទុកថា ជាការបង្កហេតុ ខណៈលោកអាបេ គ្រោងពិភាក្សាជាមួយចិន និងកូរ៉េខាងត្បូងនាដើមខែវិច្ឆិកា ក្នុងឱកាសនៃកិច្ចប្រជុំកំពូលមួយនៅក្រុងសេអ៊ូល ៕
ចែករំលែកព័តមាននេះ