ប្រទេសឥណ្ឌូណេស៊ី ៖ តាមការឲ្យដឹងពីនាយកប្រតិបត្តិនៃធនាគារសាមីបញ្ជាក់ថា នៅផ្នែកនានាលើសាកលលោករបស់ធនាគារ Maybank Indonesia នឹងផ្តោតលើការបង្កើនបរិមាណអតិថិជនក្រុមហ៊ុនធំៗនៅឆ្នាំក្រោយ តាមរយៈការធ្វើឲ្យប្រសើរឡើងនូវការធ្វើសមាហរណកម្មសេវាហិរញ្ញវត្ថុ ជ្រកក្រោមស្លាកក្រុមហ៊ុនសម្រាប់អតិថិជនក្នុងតំបន់អាស៊ាន ។
លោក Eri Budiono អគ្គនាយកគ្រប់គ្រងធនាគារលើពិភពលោករបស់ Maybank Indonesia បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីការទូទាត់ការបង់សេវាផ្សេងៗតាមអនឡាញជាមួយក្រុមហ៊ុន Kalstar Aviation និងបណ្តាទីភ្នាក់ងារអាកាសចរណ៍មួយចំនួនទៀតថា ៖ «យើងនឹងដាក់ទិសដៅលើក្រុមហ៊ុនធំៗក្នុងការធ្វើឲ្យរីកចម្រើនលើវិស័យមួយចំនួនដូចជា អចលនទ្រព្យ ដឹកជញ្ជូន ផលិតកម្ម ដូង ប្រេងឆៅ កសិកម្ម រោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធជាដើម» ។
លោកបន្ថែមថា ៖ «Maybank Indonesia ជាការកែឈ្មោះយីហោថ្មីរបស់ PT Bank International Indonesia ដែលធ្វើឡើងតាមរយៈអ្នកកាន់កាប់ហ៊ុនធំ ។ Maybank Group នឹងបង្កើនចំណូលលើមូលដ្ឋានបង់ថ្លៃឈ្នួលក្នុងកិច្ចការជំនួញរវាងពាណិជ្ជករ និងពាណិជ្ជករ ជាពិសេសក្នុងតំបន់អាស៊ានតែម្តង ស្របពេលដែលគម្រោងនឹងពង្រឹងវត្តមាននៅក្នុងតំបន់ ។ មិនតែប៉ុណ្ណោះ នឹងធ្វើប្រតិបត្តិការយ៉ាងពេញលេញក្នុងសមាគមសេដ្ឋកិច្ចអាស៊ានដែលនឹងបង្កើតឡើងនៅឆ្នាំក្រោយនេះ» ។
Maybank ជាអ្នកប្រកបជំនួញផ្នែកហិរញ្ញវត្ថុមួយមានមូលដ្ឋាននៅម៉ាឡេស៊ី និងបង្កើតបានយីហោរបស់ខ្លួនក្នុងបណ្តាប្រទេសអាស៊ានដូចជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី វៀតណាម ហ្វ៊ីលីពីន ព្រុយណេ មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ។
លោក Eri Budiono លើកឡើងថា ៖ «ធនាគារមានក្តីរំពឹងថា នឹងធ្វើឲ្យប្រសើរឡើងនូវការធ្វើសមាហរណកម្មនៃប្រព័ន្ធសេវាហិរញ្ញវត្ថុសម្រាប់អតិថិជនរបស់ខ្លួន តាមរយៈបណ្តាក្រុមហ៊ុនសាខាខុសៗគ្នាជ្រកក្រោមស្លាកយីហោក្រុមហ៊ុន ។ ម្យ៉ាងទៀត យើងបានបំពេញប្រតិបត្តិការជំនួញផ្នែកហិរញ្ញវត្ថុរួចរាល់ហើយដែរ ។ ដូច្នេះមានតែករណីមួយប៉ុណ្ណោះ គឺមធ្យោបាយធ្វើសមាហរណកម្មបណ្តាក្រុមហ៊ុនទាំងនោះឲ្យប្រសើរឡើងទាំងអស់ក្នុងពេលតែមួយ» ។ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ក្រុមហ៊ុនមានសាខាដូចជា Maybank Kim Eng Securities, Maybank Syariah Indonesia, BII Finance និង WOM Finance ។
លោក Eri Budiono បញ្ជាក់ថា ៖ «ក្រៅពីការធ្វើឲ្យប្រសើរឡើងនូវសេវាកម្មសម្រាប់អតិថិជនក្នុងស្រុកហើយនោះ យើងក៏បានដាក់ទិសដៅចំពោះបណ្តាក្រុមហ៊ុនបរទេសក្នុងតំបន់ដែរនូវវិស័យមួយចំនួនដូចបានគ្រោងទុក ព្រមទាំងដើរតួនាទីក្នុងការប្រកួតប្រជែងក្នុងតំបន់សមាគមសេដ្ឋកិច្ចអាស៊ាន» ។
លោកបន្តថា ៖ «ការជួញដូររវាងពាណិជ្ជករ និងពាណិជ្ជករក្នុងការនាំចេញ-នាំចូល ការប្រកបមុខជំនួញ និងសង្វាក់ផ្គត់ផ្គង់បាននាំមកនូវគុណប្រយោជន៍ដល់ចំណូលលើមូលដ្ឋាននៃការបង់ថ្លៃឈ្នួលផ្សេងៗ ។ ចំណែកចំណូលផ្នែកធនាគារលើពិភពលោករបស់ Maybank Indonesia មានចំនួន៣០% នៃចំណូលទទួលបានពីការបង់ថ្លៃសេវាផ្សេងៗក្នុងខែមិថុនា ឆ្នាំ២០១៥ ។ ចំណូលពីការទូទាត់ថ្លៃឈ្នួលសេវាផ្សេងៗមានចំនួន៥០% ដែលទទួលបានពីការជួញដូរក្នុងវិស័យអាកាសចរណ៍ ហើយនៅសេសសល់៥០% ទៀតទទួលបានមកពីការធ្វើអាជីវកម្មផ្សេងៗក្នុងផ្នែកដឹកជញ្ជូន មុខជំនួញកុំព្យូទ័រ និងធានារ៉ាប់រង» ។
លោក Eri Budiono ថា Maybank បានស្វែងរកការធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាទីភ្នាក់ងារអាកាសចរណ៍ច្រើនជាង៦០០ទៀត ដែលជាដៃគូជាមួយក្រុមហ៊ុន Kalstar ហើយបច្ចុប្បន្ន Maybank បានសហការជាមួយដៃគូត្រឹមតែ២០ប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ