ប្រទេសវៀតណាម ៖ ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់វៀតណាម ដែលគេស្គាល់ថា ជា Petro Vietnam បានឲ្យដឹងថា ប្រាក់ចំណូលរបស់ខ្លួនមានកម្រិតតិចជាងមុនក្នុងអំឡុងពេល៩ខែដើមឆ្នាំ២០១៥ ដោយសារតែតម្លៃប្រេងសាកលលោកធ្លាក់ថ្លៃជាងមុន ។
តាមតួលេខប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន Pretro Vietnam ក្នុងរយៈពេល៩ខែដំបូងនេះសម្រេចបានចំនួន១៩,១ប៊ីលានដុល្លារ ធ្លាក់ចុះ២៣,៥% ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំទៅ និងមានតម្លៃស្មើនឹង៦០% ប៉ុណ្ណោះនៃទិសដៅប្រចាំឆ្នាំ ។
ម្យ៉ាងទៀត ការបង់ពន្ធរបស់ក្រុមហ៊ុនចូលថវិការដ្ឋ ក៏មានការថយចុះប្រមាណជា២៩%ដែរ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤ ដែលមានទំហំទឹកប្រាក់សរុបត្រឹមតែ៤ប៊ីលានដុល្លារ គិតត្រឹមខែកញ្ញានេះ ឬស្មើនឹង៥៦% នៃការកំណត់ទិសដៅសម្រាប់អំឡុងពេលពេញមួយឆ្នាំ ។
ក្រុមហ៊ុនបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃប្រេងសាកលលោក បានធ្វើឱ្យប៉ះពាល់ដោយអវិជ្ជមានដល់សកម្មភាពវិនិយោគ និងការជួញដូររបស់ Petro Vietnam ។
តម្លៃប្រេងជាមធ្យម គឺ៥៦,៥ដុល្លារក្នុងមួយបារ៉ែលក្នុងហាងឆេង៩ខែដំបូងនៃឆ្នាំ២០១៥ ថយចុះ៤៩% ធៀបនឹងតម្លៃជាមធ្យម១១១ដុល្លារក្នុងអំឡុងពេល៩ខែដើមឆ្នាំ២០១៤។
ប្រេងសាកលលោកបច្ចុប្បន្នកំពុងជួញដូរក្នុងរង្វង់៤៧ដុល្លារ ទៅ៥០ដុល្លារក្នុងមួយបារ៉ែល ។ Petro Vietnam បានវាយតម្លៃនូវតម្លៃជាមធ្យមក្នុងរង្វង់៥៥ដុល្លារក្នុងមួយបារ៉ែលក្នុងដំណាច់ឆ្នាំនេះ ។
ក្រុមហ៊ុនបានដាក់ទិសដៅសម្រេចឲ្យបានចំណូលចំនួន៣២,១ប៊ីលានដុល្លារ និងបង់ពន្ធចូលថវិការដ្ឋចំនួន៧,១ប៊ីលានដុល្លារក្នុងរយៈពេលពេញមួយឆ្នាំនេះ ។
នៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០១៥ ក្រុមហ៊ុនបានរាយការណ៍ពីកំណើនខ្ពស់ជាងមុនក្នុងទិសដៅផលិតកម្មដទៃទៀត ។
ដោយឡែក កាលពីដំណាច់ខែកញ្ញានេះ Petro Vietnam បានធ្វើអាជីវកម្មលើឧស្ម័នធម្មជាតិ និងប្រេងឆៅរបស់ជាតិ២១,៩លានតោន គឺច្រើនជាងទិសដៅរបស់ខ្លួនសម្រាប់អំឡុងពេលនេះ១១% និងកើនឡើង៧,៤% ពីមួយឆ្នាំទៅមួយឆ្នាំ ។ ក្នុងតួលេខនោះដែរ ទិន្នផលប្រេងឆៅបានកើនឡើងជិត១៤លានតោន ខណៈឧស្ម័ន៧,៩លានម៉ែត្រគូប កើនឡើង៩,៨% និង៣,៤% ពីមួយឆ្នាំទៅមួយឆ្នាំ ។
ចំណែកប្រេង និងឧស្ម័នបម្រុងទុកសម្រេចបានចំនួន៣០,៥លានតោន កើនឡើង៦,៩% ពីមួយឆ្នាំទៅមួយឆ្នាំ ស្មើនឹង៨៧,១% នៃផែនការប្រចាំឆ្នាំ ។
រីឯផលិតកម្មថាមពលអគ្គិសនី ជីដាក់ដាំណាំ និងប្រេងវិញ ក៏លើសទិសដៅដែរសម្រាប់អំឡុងពេលនោះ គឺស្ថិតក្នុងចន្លោះ៦% និង ២៣% ។ ក្នុងនោះដែរ ទិន្នផលអគ្គិសនីសម្រេចបានកំណើនខ្ពស់ជាងមុន៣៥,៧% និងប្រេង២៨,៨% ពីមួយឆ្នាំទៅមួយឆ្នាំ ។
ដើម្បីធានាបាននូវទិសដៅពាណិជ្ជកម្មសម្រាប់ឆ្នាំ២០១៥នេះ Petro Vietnam ថ្លែងថា ខ្លួននឹងពិនិត្យឡើងវិញនូវកត្តាជាច្រើនដែលប៉ះពាល់ដល់ការរុករកផលិតកម្មប្រេង និងឧស្ម័ន ក៏ដូចជាខិតខំប្រឹងប្រែងក្នុងការជំរុញទិន្នផលប្រេង និងឧស្ម័ន២៧,៦លានតោននៅដំណាច់ឆ្នាំនេះ កើនឡើង៣,៦% ធៀបនឹងទិសដៅប្រចាំឆ្នាំរបស់ខ្លួន២៦,៦លានតោន ។
ក្រុមហ៊ុននឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាក្រុមហ៊ុនប្រេងបរទេសទាំងឡាយផងដែរ ដើម្បីស្វែងរកគម្រោងក្រៅប្រទេសល្អប្រសើរមួយ ក៏ដូចជាអំពាវនាវដល់ការវិនិយោគបរទេសក្នុងគម្រោងឧស្ម័ន និងប្រេងធំៗរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ