ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តតាកែវ​ចងសម្ព័ន្ធ​ជាមួយ​ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន ដើម្បី​ពង្រីក​ការ​អភិវឌ្ឍ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាកែវ​ជា​ខេត្ត​មួយ​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម ។ សេដ្ឋកិច្ច​នៃ​ខេត្ត​មួយ​នេះ ភាគច្រើន​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម និង​មាន​ច្រក​សេដ្ឋកិច្ច​អន្តរជាតិ​ភ្នំ​ដិ​ន ព្រមទាំង​ច្រករបៀង​សំខាន់​ៗ​មួយ​ចំនួន​ទៀត ។ ក្រៅពី​នេះ ក៏​មាន​តំបន់​ទេសចរណ៍ធម្មជាតិ វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ផង​ដែរ ដែល​ជា​ប្រភព​ចំណូល​សម្រាប់​ទ្រទ្រង់ និង​អភិវឌ្ឍន៍​នៅ​ក្នុង​ខេត្ត ។

លោក​ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ​បាន​ប្រាប់​កោះសន្តិភាព​ថា នៅ​ឆ្នាំ​២០១៥​នេះ​ខេត្ត​មាន​គម្រោង​ត្រូវ​អភិវឌ្ឍន៍​ច្រើន ដូច​ជា​គម្រោង​សាងសង់​ផ្លូវ​១៦​ខ្សែ​បន្ថែម គម្រោង​កែ​លម្អ​សួនច្បារ គម្រោង​ជួសជុល​វិមាន​ឯករាជ្យ និង​គម្រោង​ផ្សេង​ទៀត​ៗ ហើយ​គម្រោង​ទាំងនេះ​ក៏​បាន​ដាក់​ឲ្យ​ដេញថ្លៃ​រួចរាល់​អស់​ដែរ ។

លោក​អភិបាលខេត្ត​បន្ដ​ថា ថ្មី​ៗ​នេះ​ខេត្ត​បាន​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​ទីក្រុង​ស៊ា​ង​យ៉ាង ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន ហើយ​ប្រហែលជា​នៅ​ខែតុលា ឬ​ចុងខែ​ក្រោយ​នេះ ប្រតិភូ​របស់​ខេត្តតាកែវ​នឹង​ធ្វើ​ដំណើរ​ទៅ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​លើ​ការ​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​ទីក្រុង​ស៊ា​ង​យ៉ាង ដោយ​លោក​សង្ឃឹមថា នឹង​ទាញ​បាន​អ្នក​វិនិយោគ​មក​ពី​ទីក្រុង​ស៊ា​យ៉ាងច្រើន ព្រោះ​ទីក្រុង​ស៊ា​ង​យ៉ាង​មាន​លក្ខណៈ​អភិវឌ្ឍន៍​ទៅ​លើ​វិស័យ​កសិកម្ម​ប្រហាក់ប្រហែល​ខេត្តតាកែវ​ដែរ ។

លោក​អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ « គោលបំណង​របស់​ខេត្ត​សុំ​ឲ្យ​អ្នក​វិនិយោគ​ចិន​មក​បណ្តាក់ទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម ។ យើង​ចង់​បានការ​វិនិយោគ ផ្នែក​រោងចក្រ​ផលិត​ជី​ធំ​មួយ ដើម្បី​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត និង​ខេត្ត​ផ្សេង​ៗ​ទៀត​លើ​វិស័យ​កសិកម្ម ហើយ​ចង់​ឲ្យ​មានការ​វិនិយោគ​ទៅ​លើ​ផ្នែក​ចិញ្ចឹមសត្វ ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ និង​ចង់​ឲ្យ​អ្នក​វិនិយោគ​ក្នុងស្រុក​ដែល​មាន​ដើមទុន​ទទួល​បាន​បទ​ពិសោធន៍ ដើម្បី​ចូលរួម​វិនិយោគ​បន្ថែម​ទៅ​លើ​វិស័យ​ទាំងនេះ​»​។

លោក​អភិបាលខេត្ត​បន្ដ​ថា ៖ « សព្វ​ថ្ងៃនេះ​ខេត្ត​បាន​ទទួល​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ឲ្យ​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​ខេត្ត​ហ៊ូ​ប៉ី​របស់​ប្រទេស​ចិន ហើយ​យើង​កំពុង​តែ​រង​ចាំ​ការ​ឆ្លើយ​តប​មក​វិញ​ថា គួរ​កំណត់​ឲ្យ​ប្រតិភូ​ខេត្តតាកែវ​ត្រូវ​ទៅ​នៅ​ថ្ងៃ​ណា ដល់​ពេល​នោះ យើង​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ៗ​របស់​ខ្លួន​ទៅ​ធ្វើ​បទ​បង្ហាញ​ពី​សក្តានុពល​ខេត្ត​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​។ យើង​ចង់បាន​រោងចក្រ​ពីរ​មក​ពី​ខាង​ខេត្ត​ហ៊ូ​ប៉ី ផលិត​គ្រឿងចក្រ​កសិកម្ម​ច្រើន ចង់​ឲ្យ​មាន​ក្រុមហ៊ុន​ដំឡើង​ត្រាក់ទ័ រថយន្ត នៅ​ក្នុង​ខេត្តតាកែវ​ដើម្បី​ផ្តល់​ការងារ​ជូន​ពលរដ្ឋ​យើង ហើយ​នៅ​ចុងឆ្នាំ​នេះ នឹង​មាន​ក្រុមហ៊ុន​ខ្លះ​ៗ ប្រសិនបើ​នៅ​ចុងខែ​តុលា​នេះ យើង​បាន​ទៅ​ជួប​ភាគី​ចិន​។ ខ្ញុំ​ជឿ​ថា នឹង​មាន​អ្នក​វិនិយោគ​ចិន​មក ព្រោះ​កន្លង​មក ខាង​ប្រតិភូ​ខាង​ចិន​បាន​មក​ទស្សនកិច្ច​នៅ​ខេត្តតាកែវ ហើយ​យើង​បាន​ធ្វើ​បទ​បង្ហាញ​ពី​សក្តានុពល​មួយ​ចំនួន​ជូន​ប្រតិភូ​ចិន​បាន​ស្វែង​យល់ » ។

ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​ឲ្យ​មានការ​រីក​ចម្រើន និង​ទាក់ទាញ​អ្នក​វិនិយោគ លោក​អភិបាលខេត្ត​លើក​ឡើង​ថា ទិស​ដៅ​នៅ​ពេល​ខាង​មុខ យើង​នឹង​ខិតខំ​អនុវត្ត​បន្ត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ជំរុញ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នៅ​ក្នុង​ក្រុង​និង​តាម​ភូមិ ឃុំ​បន្ថែម​ទៀត ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ផលិតផល​របស់​ប្រជាពលរដ្ឋ​ពី​តំបន់​ឆ្ងាយ​អាចម​ករក​ទីផ្សារ​បាន​ដោយ​ងាយស្រួល ។ លើស​ពី​នេះ​អាច​ជា​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ផង​ដែរ​ឲ្យ​ពួក​គាត់​ចូល​មក​បណ្តាក់ទុន តាម​រយៈ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ ។ លើស​ពី​នេះ ខេត្ត​នឹង​បន្ត​អភិវឌ្ឍន៍​ទៅ​លើ​បណ្តាញ​អគ្គិសនី​នៅ​តំបន់​ដាច់​ស្រយាល​មួយ​ចំនួន​ឲ្យ​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់​គ្នា រួម​ទាំង​អភិវឌ្ឍន៍​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​ដើម្បី​បម្រើ​ទៅ​ដល់​វិស័យ​កសិកម្ម​ឲ្យ​បាន​គ្រប់គ្រាន់​ផង​ដែរ ។

លោក​អភិបាលខេត្ត បាន​គូសបញ្ជាក់​ថា ៖ «​ខេត្តតាកែវ​មាន​តំបន់​ទេសចរណ៍វប្បធម៌​ជា​ច្រើន​កន្លែង តែ​យើង​មិន​ទាន់​មាន​លទ្ធភាព​អភិវឌ្ឍន៍​ឲ្យ​បាន​ខ្លាំងក្លា​នៅឡើយ » ។
ដោយឡែក​នៅ​ក្នុង​វិស័យ​កាត់ដេរ ខេត្ត​ទទួល​បាន​វិនិយោគិន​ចូល​មក​ប​ង្កើ​តោង​ចក្រ​ច្រើន គិត​មក​ដល់​ពេល​នេះ​មាន​រោងចក្រ​និង​សិប្បកម្ម​តូច​ធំ​សរុប​ចំនួន​២៧​កន្លែង ដែល​ផ្តល់​ការងារ​ដល់​ពលរដ្ឋ ហើយ​នៅ​ក្នុង​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ នឹង​មាន​រោងចក្រ​ប្រហែល​៥​ទៀត គ្រោង​នឹង​បើក​ដំណើរ​ដែល​អាច​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ប្រហែល​៦​ពាន់​នាក់​បន្ថែម​ទៀត ។ ចំណែក​វិស័យ​សាងសង់​កំពុង​កំរើក​ឡើង បើ​ទោះជា​ការ​សាងសង់​នៅ​ក្នុង​វិស័យ​នេះ មិន​មាន​សន្ទុះ​ខ្លាំងក្លា​ដូច​នៅ​ក្រុងភ្នំពេញ តែ​នេះ​វា​ជា​សញ្ញា​រីក​ចម្រើន​មួយ​របស់​ខេត្ត​ផង​ដែរ ៕