រាជធានីភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការនាំចេញអង្ករចំនួន១០ម៉ឺនតោនទៅកាន់ប្រទេសចិន។ នេះបើតាមប្រសាសន៍របស់លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់កោះសន្ដិភាព កាលពីម្សិលមិញនេះ ។
ការត្រៀមខ្លួននេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងមួយរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលធ្វើឡើងកាលពីថ្ងៃទី១៥ តុលា នៅឯវិមានប្រជា ជនចិន ។ លោកស៊ី ជីនពីង បានគាំទ្រដល់ការផ្តល់កូតានាំអង្ករចេញពីកម្ពុជាចំនួន១០ម៉ឺនតោនជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០១៦ តទៅ ។
លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា ៖ «ការពិត កម្ពុជាមានគោលបំណងសុំរដ្ឋាភិបាលប្រទេសចិនដើម្បីនាំចូលអង្ករពីកម្ពុជាចំនួន២០ម៉ឺនតោន ប៉ុន្តែនៅមានឧបសគ្គខ្លះៗពាក់ព័ន្ធនឹងតម្លៃប្រកួតប្រជែងជាមួយប្រទេសជិតខាង ព្រោះយើងមានការពិបាកបន្ដិចទៅលើថ្លៃដើម ដូច្នេះគេអនុញ្ញាតឲ្យកម្ពុជានាំចូលអង្ករចំនួនតែ១០ម៉ឺនតោនដដែល ហើយការនាំចេញអង្ករនេះអាចចាប់ផ្តើមនៅខែវិច្ឆិកា ចុងឆ្នាំ២០១៥ តទៅ» ។
លោកបញ្ជាក់ថា ៖ «សព្វថ្ងៃនេះយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការនាំចេញអង្ករទៅកាន់ប្រទេសចិន ប៉ុន្តែបញ្ហាធំនៅត្រង់តម្លៃប្រកួតប្រជែងជាមួយប្រទេសជិតខាង ពេលខ្លះគេចង់បានច្រើនពីយើង ក៏ប៉ុន្តែយើងលក់មានតម្លៃថ្លៃ» ។
ទាក់ទងនឹងចំនួនអង្ករ១០ម៉ឺនតោននេះ បើតាមលោក ហ៊ុន ឡាក់ ឱ្យដឹងថា ៖ «ខ្ញុំគិតថា យើងបោះជំហានបន្ដិចៗម្តងទៅ ធ្វើយ៉ាងម៉េចឲ្យសម្រេចតាមការព្រមព្រៀងគ្នា ហើយយើងនឹងព្យាយាមពង្រឹងថ្លៃដើមនៃការផលិតអង្ករឲ្យធ្លាក់ចុះមកទាប អាចឲ្យយើងនាំចេញកើនឡើងច្រើនជាងនេះ ។ ជាទូទៅ ការនាំចេញអង្ករ១០ម៉ឺនតោននេះ យើងបាននាំចេញនូវអង្ករសធម្មតានិងអង្ករក្រអូបដូចពេលកន្លងមកដែរ» ។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុនAMRU RICE CAMBODIA បានសម្ដែងក្តីរីករាយចំពោះកិច្ចព្រមព្រៀងដែលប្រទេសចិនយល់ព្រមតាមការស្នើសុំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយលោកបានមានប្រសាសន៍ថា ៖ «ខ្ញុំរីករាយណាស់ដែលចិនបន្តទិញអង្ករពីកម្ពុជា វាជាផ្នែកដ៏ធំមួយនៃអង្ករកម្ពុជានៅក្នុងទីផ្សារប្រទេសចិន ។ អង្ករចំនួន១០ម៉ឺនតោននេះនឹងមានឥទ្ធិពលដល់ឧស្សាហកម្មស្រូវអង្ករកម្ពុជា ដើម្បីរួមចំណែកទ្រទ្រង់ដល់កសិករ អ្នកផលិតស្រូវ និងអ្នកនាំចេញ និងធ្វើឲ្យប្រសើរឡើងវិញនៃការប្រកួតប្រជែងនៅក្នុងទីផ្សារអឺរ៉ុប» ។
លោកបញ្ជាក់ថា ៖ «ខ្លួនខ្ញុំផ្ទាល់គិតថាទីផ្សារប្រទេសចិនកំពុងផ្តោតសំខាន់លើគុណភាពអង្ករកម្ពុជា ដូចជា អង្ករក្រអូប និងអង្ករស ស្របតាមទិសដៅនៃការប្តេជ្ញាចិត្តរបស់ចិនដែលគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ។ ចំណែកតម្លៃអាចប្រហាក់ប្រហែលនៅទីផ្សារអឺរ៉ុប។ ខ្ញុំមានជំនឿចិត្តថា កម្ពុជាអាចនឹងផ្គត់ផ្គង់លើសពីចំនួនដែលប្រទេសចិនត្រូវការទៅទៀត ។ ទោះបីយ៉ាងណា មន្ត្រីគយគួរត្រួតពិនិត្យឲ្យបានច្រើនលើការនាំចេញស្រូវដោយគ្មានការពិភាក្សាជាមួយអ្នកផលិត និងអ្នកនាំចេញ ។ ជាលទ្ធផល អង្ករកម្ពុជានៅខ្វះគុណភាព បើធៀបនឹងអង្ករប្រទេសជិតខាង» ។
លោកបណ្ឌិត ហ៊ាន វណ្ណហន ប្រធានលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ មានប្រសាសន៍៖ «គិតត្រឹម៩ខែឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករទៅប្រទេសចិនមានចំនួនសរុប៧៨.១៨២តោន។ ប្រទេសចិនបានចុះកិច្ចព្រមព្រៀមជាមួយកម្ពុជា ក្នុងនាំចូលអង្ករ១០ម៉ឺនតោនទៅកាន់ប្រទេសចិន ដែលនេះគឺជារឿងដ៏ប្រសើរមួយ ព្រោះថាយើងមានគោលនយោបាយជំរុញការនាំចេញអង្ករឲ្យបាន១លានតោន» ។
យោងតាមរបាយការណ៍ពីលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករបង្ហាញថា គិតត្រឹម៩ខែឆ្នាំ២០១៥នេះ កម្ពុជានាំចេញអង្ករទៅក្រៅប្រទេសមានចំនួន៣៦៩.១០៥តោន កើនឡើង៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤ មានចំនួន២៦៩.៣៧០តោន ។ ក្នុងនោះប្រទេសចំនួន១០ដែលកម្ពុជានាំចេញទៅច្រើនជាងគេដូចជា ចិន បារាំង ប៉ូឡូញ ម៉ាឡេស៊ី ហូឡង់ អុីតាលី ក្រិក អង់គ្លេស អេស្ប៉ាញ និងបែលហ្ស៊ីក ។
លោកបណ្ឌិត ហ៊ាន វណ្ណហន បន្តថា ៖ «នៅក្នុងវិស័យស្រូវអង្ករ ឧបសគ្គនៃការនាំចេញអង្កររបស់កម្ពុជា គឺមកពីយើងអត់អង្ករ ហើយយើងមានតែស្រូវ។ ស្រូវរបស់យើងនៅសល់ពីការហូបចុកលើសពី៤លានតោនក្នុងមួយឆ្នាំ ។ រោងម៉ាស៊ីនអត់សំខាន់ទេ សំខាន់គឺអត់មានស្រូវកិនជាអង្ករហ្នឹងហើយ ចំណែករោងម៉ាស៊ីនមានទំនើបច្រើន ប៉ុន្តែអ្នកទាំងនោះគ្មានលុយទិញស្រូវយកមកកិន ហើយក៏មិនមែនតែរោងម៉ាស៊ីនមួយមុខយកធ្វើជាស្រូវចេញជាអង្ករបានទេ គឺត្រូវមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ផងដែរ ដូចជា ទី១-លុយ ទី២-ត្រូវមានកន្លែងសម្ងួត និងឃ្លាំងធំៗដើម្បីស្តុកស្រូវនៅពេលប្រមូលស្រូវ ព្រោះស្រូវរបស់កសិករ គាត់ជាម្ចាស់ គាត់អត់ចាំយើងទេ គាត់លក់តាំងពីនៅវាលស្រែម្ល៉េះ ហើយកសិករយើងមានប៉ុន្មាននាក់ និងមានប៉ុន្មានភាគរយដែលដឹកស្រូវមកដាក់នៅផ្ទះ ? តិចណាស់ កសិករយើងខុសពីមុន» ៕
ចែករំលែកព័តមាននេះ