ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​ចំនួន​៥ និង​ផ្សារ​១ នៅ​ស្រុក​អង្គស្នួល កំណត់​ជា​តំបន់​ក្រហម​និង​លឿងទុំ ត្រូវ​បាន​បិទ​ខ្ទប់

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២១នេះ ដោយសារ​តែ​មានការ​ឆ្លង​រាលដាល​ខ្លាំង​ដោយសារ​​ជំងឺ COVID-19 គួរ​ឲ្យ​ព្រួយបារម្ភ​នោះ អាជ្ញាធរ​ខេត្តកណ្ដាល បាន​កំណត់​ភូមិ​ចំនួន​៥…

ខេត្តកណ្ដាល ៖ គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២១នេះ ដោយសារ​តែ​មានការ​ឆ្លង​រាលដាល​ខ្លាំង​ដោយសារ​​ជំងឺ COVID-19 គួរ​ឲ្យ​ព្រួយបារម្ភ​នោះ អាជ្ញាធរ​ខេត្តកណ្ដាល បាន​កំណត់​ភូមិ​ចំនួន​៥ និង​ផ្សារ​​ចំនួន​១ នៅ​ក្នុងស្រុក​អង្គស្នួល ជា​តំបន់​ក្រហម និង​លឿងទុំ ហើយ​ត្រូវ​បាន​បិទ​ខ្ទប់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញពីផ្ទះ និង​អាជីវករ​បន្ត​ការ​លក់ដូរ​ឡើយ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង និង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​​នឹង​ជំងឺ​មួយ​នេះ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ទីតាំង​ដែល​ត្រូវ​បាន​កំណត់​ជា​តំបន់​ក្រហម និង​លឿងទុំ ព្រោះតែ​ទទួល​រង​នូវ​ការ​ញាំញី​ដោយ​សារ​តែ​ជំ​ងឹ COVID-19 ហើយ​ត្រូវ​បាន​អាជ្ញាធរ សម្រេច​បិទ​ខ្ទប់​ជា​បណ្ដោះអាសន្ន​នោះ​រួម​មាន​ ៖ ១-​ភូមិ​ស្វាយ​ជ្រុំ ២-​ភូមិ​គ​ម្ពោ​ធ​ស្បូវ ៣-​ភូមិ​ត្នោត​ម្តើ​ម ៤-​ភូមិ​អណ្តូង ៥-​ភូមិ​ចក និង​៦-​ផ្សារ​បែក​ចាន ស្ថិត​នៅ​ក្នុង​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ ហើយ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ក្រុមការងារ​របស់​ខេត្តកណ្ដាល និង​ស្រុក​អង្គស្នួល ក៏​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ COVID-19 ជា​ច្រើនផងដែរ ជា​ពិសេស​ក្រុម​កម្មករ កម្មការិនី​រោងចក្រ នៅ​តំបន់​ខាងលើ​នេះ​​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយសារ​តែ​ការ​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​ព្រួយបារម្ភ​បែប​នេះ ក្រុមការងារ​របស់​ខេត្តកណ្ដាល និង​ស្រុក​អង្គស្នួល ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់​ដោយ​លោក​គង់ សោភ័ណ អភិបាលខេត្ត​កណ្ដាល និង​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​ចុះ​ធ្វើការ​យ៉ាង​ដុតដៃដុតជើង​តាម​រយៈ​ការ​ចុះ​ពិនិត្យ​តំបន់​ដែល​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ ជា​ពិសេស​ការ​ចុះ​យក​សំណាក និង​ធ្វើតេស្ត​អ្នក​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​អ្នកជំងឺ ព្រមទាំង​រៀបចំ​ទីតាំង​ច​ត្តា​ឡី​ស័ក ទីតាំង​យក​សំណាក​ធ្វើតេស្ត ព្រមទាំង​រិះរក​វិធី​ដើម្បី​ទប់ទល់​នឹង​វីរុស​ចង្រៃ​នេះ​ភ្លាម​ៗ​ផង​ដែរ​។

ប្រភព​ខាងលើ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ដោយឡែក​នៅ​វេលា​យប់​ទី​២៩ ខែមេសា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្រ ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ដឹកនាំ​ក្រុមការងារ​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​ស្ថានការណ៍ និង​យក​របាំង​ដែក (​បា​រ៉ា​ស់​) ទៅ​បិទ​ខ្ទប់​ទាំង​៥​ខាងលើ រួម​ទាំង​ផ្សារ​បែក​ចាន​ផង​ដែរ​។ ទីតាំង​ទាំងអស់​ខាងលើ​នោះ គឺជា​ទីប្រជុំជន​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន ជា​តំបន់​រោងចក្រ សហគ្រាស និង​មានផ្ទះ​ជួល​ជា​ច្រើន ហើយ​រោងចក្រ​នៅ​ប្លុក​នោះ​ក៏​មាន​កម្មករ​ឆ្លង​ជំងឺ COVID-19 ជា​ពិសេស​រោងចក្រ​ស្តា​ម៉ា​ស្ទ័​រ និង ហ្វ្រែ​ង (​ខេ​ម​បូ​ឌា​) ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ទីនោះ​ប៉ុន្មាន ដែល​មាន​កម្មករ​ឆ្លង​រហូត​ដល់​ទៅ​៤០០​នាក់​ឯណោះ​។

ដូច្នេះ​ការ​កំណត់​តំបន់​ក្រហម និង​លឿងទុំ ព្រមទាំង​សម្រេចការ​បិទ​ខ្ទប់​នេះ គឺជា​វិធានការ​សុខាភិបាល​ដើម្បី​កម្ចាត់​វីរុស​ចង្រៃ​នេះ ហើយ​ដើម្បី​ទទួល​បាន​ជោគជ័យ ត្រូវ​មានការ​ចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ កម្មករ​កម្មការិនី និង​អាជីវករ​គ្រប់​រូប ដោយ​អនុវត្ត​តាម​គោល​ការណ៍ និង​វិធាន​​ការ​របស់​រដ្ឋអំណាច ជា​ពិសេស​អនុវត្ត​តាម​វិធានការ «៣​កុំ និង​៣​ការពារ​» ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ