ខេត្តព្រះសីហនុ ៖ ជនសង្ស័យក្នុងបទ រក្សាទុក ចែកចាយ និងជួញដូរគ្រឿងញៀន ចំនួន៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៦ តុលា នៅចំណុចភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត រួចបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ តុលា កន្លងទៅនេះ ។
យោងតាមប្រភពពីលោកឧត្តមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ក្រោយពីធ្វើការស្រាវជ្រាវ កម្លាំងកងរាជអាវុធហត្ថខេត្ត បានបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដោយចាប់ឃាត់ខ្លួនបុរស៥នាក់ជាមួយនឹងវត្ថុតាងមួយចំនួន ។
ជនសង្ស័យ៥នាក់នោះ ១-ឈ្មោះ ជូរ សម្រស់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនច្បាស់លាស់ រស់នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ២-ឈ្មោះ សុខ ហាន់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជួសជុលទូរស័ព្ទ មានទីលំនៅក្នុងភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ៣-ឈ្មោះ កែវ កក្កដា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិក្តាត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ៤-ឈ្មោះ ដួង បូរី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនេសាទ មានទីលំនៅក្នុងភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត និង៥-ឈ្មោះ គ្រី យ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មកររោងចក្រមែនអ៊ូ រស់នៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅសថ្លាចំនួន៦កញ្ចប់ ជញ្ជីងថ្លឹងថ្នាំ១ ដបជក់១ ដាវសាម៉ូរៃ១ ដែកមុខស្រួច១ ទូរស័ព្ទដៃ៤គ្រឿង ប្រាក់៥៥.០០០រៀល និងម៉ូតូ២គ្រឿង ៕



ចែករំលែកព័តមាននេះ