ខេត្តព្រះសីហនុ ៖ លបបត់ប្រភេទស្បៃមុង ចំនួន៧៥ ស្មើនឹង៦០០ម៉ែត្រ ត្រូវមន្ត្រីជលផលស្រុកព្រៃនប់ ដុតកម្ទេចចោល បន្ទាប់ពីបង្ក្រាបបានកាលពីព្រឹកថ្ងៃទី១៨ តុលា ក្រោមកិច្ចសហការជាមួយអាជ្ញាធរឃុំអូរជ្រៅ ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំអូរជ្រៅ សហគមន៍នេសាទកោះខ្យង ។
លោកអនុសេនីយ៍ត្រីហ៊ួ យ៉ៃ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរជ្រៅ ឲ្យដឹងថា យុទ្ធនាការបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់នេះ ដឹកនាំដោយលោកឯម ភាព នាយផ្នែករដ្ឋបាលជលផលស្រុកព្រៃនប់ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរជ្រៅ ដែលដឹកនាំដោយរូបលោកផ្ទាល់ សហគមន៍នេសាទកោះខ្យង និងអាជ្ញាធរមូលដ្ឋានឃុំអូរជ្រៅ ។ ការបង្ក្រាបបន្ទាប់ពីទទួលព័ត៌មានថា នៅភូមិបឹងតាព្រហ្ម ឃុំអូរជ្រៅ ស្រុកព្រៃនប់ មានការនេសាទដោយឧបករណ៍នេសាទខុសច្បាប់ ដែលវាបាននិងកំពុងបំផ្លាញមច្ឆជាតិយ៉ាងធ្ងន់ បង្កឡើងដោយឈ្មោះសូត្រ ប៊ុនណា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ។
លោកឯម ភាព នាយផ្នែករដ្ឋបាលជលផល ស្រុកព្រៃនប់ បាននិយាយថា ឧបករណ៍ដែលកម្លាំងជំនាញដុតបំផ្លាញនេះ គឺជាឧបករណ៍ថ្មីមួយប្រភេទពុំមានចែងក្នុងច្បាប់ជលផល។ យោងតាមច្បាប់ជលផលនៃព្រះរាជាណាចក្រកម្ពុជាបានចែងយ៉ាងច្បាស់ថា រាល់ឧបករណ៍ទាំងឡាយណាដែលពុំមានកំណត់ក្នុងច្បាប់ជលផល គឺចាត់ទុកជាឧបករណ៏ល្មើសច្បាប់ ហើយម្យ៉ាងទៀតឧបករណ៍ប្រភេទលបបត់នេះវាបានបំផ្លាញដល់ធនធានធម្មជាតិក្នុងទឹកយ៉ាងធ្ងន់ ព្រោះលបប្រភេទនេះវាស្រូបយកទាំងត្រីតូច ត្រីធំ បង្គា ក្តាម គ្រប់ប្រភេទ ដែលអាចធ្វើឲ្យហិនហោចពពួកមច្ឆាជាតិទៅថ្ងៃអនាគត ។
លោកឯម ភាព អំពាវនាវដល់ប្រជានេសាទទាំងអស់ ឲ្យបោះបង់ចោលការនេសាទទាំងឡាយណាដែលបានធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ ក៏ដូចជាសម្បត្តិធម្មជាតិ ងាកទៅនេសាទស្របច្បាប់តាមលក្ខណៈបច្ចេកទេសដែលច្បាប់ជលផលអនុញ្ញាត ដើម្បីរួមគ្នាការពារ និងអភិរក្សសម្បត្តិធម្មជាតិដែលខ្មែរយើងមានស្រាប់ ទុកសំរាប់កូនចៅជំនាន់ក្រោយ ៕





ចែករំលែកព័តមាននេះ