ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យប្រុសស្រី៣នាក់ត្រូវបាននគរបាលឃាត់ខ្លួននៅ២កន្លែងផ្សេងគ្នា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានករណីជក់ និងចែកចាយគ្រឿងញៀនក្នុងផ្ទះសំណាក់២កន្លែងក្នុងស្រុកកែវសីមា កាលពីម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី១៥ តុលា និងម៉ោង១២ និង១០នាទីថ្ងៃទី១៦ តុលា ២០១៥ នៅផ្ទះសំណាក់យីហោលី សុមនា និងផ្ទះសំណាក់យីហោជំនោកំសាន្តស្ថិតក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ។
អធិការនគរបាលស្រុកកែវសីមា លោកវរសេនីយ៍ទោស៊ុន ប៊ុនធឿន បានឱ្យដឹងថា ក្រោយការឡោមព័ទ្ធផ្ទះសំណាក់ទាំង២ខាងលើ សមត្ថកិច្ចបានឈានទៅដល់ការឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់នៅក្នុងបន្ទប់ដោយផ្ទះសំណាក់យីហោលីសុមនា ក្នុងបន្ទប់លេខ២០៤ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន២នាក់ ក្នុងនោះមានឈ្មោះស៊ុយ កឹង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិប្រស្រែក្រោម ឃុំវិហារហ្លួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងឈ្មោះសេត រិក ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិអ៊ិស្លាម មានទីលំនៅភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ឆែកឆេររកឃើញម្សៅក្រាមពណ៌ស៥កញ្ចប់តូចដែលសង្ស័យថាជាសារធាតុញៀន។
លោកបន្តថា នៅម៉ោងប្រមាណជា១២ និង១០នាទីរំលងអធ្រាត្រថ្ងៃដដែល សមត្ថកិច្ចបានបន្តឡោមព័ទ្ធផ្ទះសំណាក់យីហោជំនោកំសាន្តក្នុងបន្ទប់លេខ០៨ ប្រទះឃើញជនសង្ស័យម្នាក់អង្គុយក្នុងបន្ទប់កំពុងជក់ថ្នាំ សមត្ថកិច្ចក៏ឃាត់ខ្លួនមកអធិការដ្ឋានស្រុក មានឈ្មោះអែល វាន់នី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិអ៊ិស្លាម មានទីលំនៅភូមិពន្លាក ឃុំស្រែចារ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕






ចែករំលែកព័តមាននេះ