រាជធានីភ្នំពេញ ៖ ខ្សែកាបទូរទស្សន៍ត្រូវបានឆេះរាលដាលដល់ខ្សែភ្លើងដែលនៅជាប់គ្នា និងឆ្លងរាលដាលដល់មែកខ្នុរងាប់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី១៨ តុលា នៅលើបង្គោលដែលមានប្រអប់លេខ បត 388-209 ស្ថិតតាមបណ្ដោយផ្លូវ257 កែងផ្លូវ156 ក្នុងសង្កាត់ទឹកល្អក់2 ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងគេឃើញមានផ្កាភ្លើងចេញពីខ្សែកាបទូរទស្សន៍នៅលើបង្គោលដែលមានប្រអប់លេខបត 388-209 ក្រោយមកក៏មានអណ្ដាតភ្លើងឆេះចេញពីខ្សែកាបនោះហើយបានឆេះរាលដាលដល់ខ្សែភ្លើង និងមែកដើមខ្នុរដែលងាប់នៅជិតនោះ តែអណ្ដាតភ្លើងមិនឆេះខ្លាំងទេ ភ្លាមៗនោះប្រជាពលរដ្ឋរស់នៅជិតនោះបានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ភ្លើងរលត់អស់ទៅវិញ ។
បើតាមសម្ដីរបស់អ្នកជំនាញខាងផ្នែកអគ្គិសនីកម្ពុជាបានប្រាប់ថា មូលហេតុដែលឆេះនេះគឺមិនមែនមកពីខ្សែភ្លើងទេ គឺមកពីខ្សែកាបទូរស្សន៍ដែលជាដើមចមនៃការឆេះ ហើយខាងទូរទស្សន៍ខ្សែកាបក៏មិនមានអ្នកណាមកត្រួតពិនិត្យខ្សែកាបនោះដែរ ៕





ចែករំលែកព័តមាននេះ