ខេត្តកំពង់ធំ ៖ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍នៅក្នុងការធ្វើដំណើរនៅតាមដងផ្លូវ កាលពីថ្ងៃទី១៨ តុលា ២០១៥ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋានគរបាលខេត្តកំពង់ធំបានធ្វើការឃាត់រថយន្តតាក់ស៊ីដែលមានដឹកមនុស្ស និងអីវ៉ាន់សំពីងសំពោងនៅលើដំបូលយកមកធ្វើការអប់រំ និងពិន័យ ។
លោកវរសេនីយ៍ឯក កែវ ហួ ស្នងការរងនគរបាលខេត្តកំពង់ធំ និងជាប្រធានការិយាល័យសណ្តាប់ធ្នាប់សាធារណៈខេត្តបានឲ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការដ្ឋាននគរបាលខេត្ត កម្លាំងរបស់លោកបានចុះធ្វើការត្រូតពិនិត្យចំពោះរថយន្តតាក់ស៊ី ពិសេសគឺពពួករថយន្តប្រភេទតួរីស និងសាំយ៉ុង ដែលអាចដាក់មនុស្ស និងអីវ៉ាន់សំពីងសំពោងនៅពីលើដំបូលរថយន្ត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែឆក់យកអាយុជីវិតមនុស្សជារៀងរាល់ថ្ងៃ ហើយចំពោះអ្នកបើកបរ និងរថយន្តត្រូវនាំទៅកាន់ស្នងការរដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការផាកពិន័យ ចំណែករថយន្តដែលចតគ្មានសណ្តាប់ធ្នាប់ ខុសទីកន្លែងអនុញ្ញាតត្រូវហៅម្ចាស់មកធ្វើការអប់រំ ។
លោកវរសេនីយ៍ឯក កែវ ហួ ឱ្យទៀតថា ក្នុងរយៈពេល១ថ្ងៃទី១៨ តុលា ២០១៥ កម្លាំងរបស់លោកឃាត់បានរថយន្តល្មើសចំនួន១៣គ្រឿង ក្នុងនោះមានរថយន្ត៣គ្រឿងត្រូវពិន័យ ចំណែក១០គ្រឿងទៀតគ្រាន់តែធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងផ្តិតមេដៃកុំឱ្យប្រព្រិត្តខុសទៀត បើនៅតែមិនរាងចាល លើកទី២នឹងត្រូវរងនូវការផាកពិន័យទៅតាមផ្លូវច្បាប់ ៕




ចែករំលែកព័តមាននេះ