ខេត្តបាត់ដំបង ៖ បុរសម្នាក់បញ្ឆេះម៉ាស៊ីនកិនស្រូវឱ្យអ្នកភូមិ ខណៈកំពុងចាប់ផ្តើម ស្ត្រីជាប្រពន្ធដើរកន្លងខ្សែពានម៉ាស៊ីនដើម្បីទៅបើកគន្លឹះឱ្យស្រូវធ្លាក់ពីកញ្ច្រែងទៅខាងក្រោមស្រាប់តែទាក់សំពត់នឹងខ្សែពានរុំអូសទាញដួលបោកផ្ទប់ទៅនឹងដីបណ្តាលឱ្យរងរបួសភ្លៅទាំងសងខាង និងរយះត្រគាកខាងឆ្វេងធ្ងន់ធ្ងរ ត្រូវបានប្តីរត់ទៅពន្លត់ម៉ាស៊ីនទាន់ពេលរួចប្រញាប់ដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ ហេតុការណ៍ទាក់សំពត់រមូរចូលខ្សែពានម៉ាស៊ីនកិនស្រូវបណ្តាលឱ្យរបួសធ្ងន់នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៨ តុលា ២០១៥ នៅក្នុងផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ផល សុភា អាយុ៣៣ឆ្នាំ ជាកសិករ រងរបួសភ្លៅទាំងសងខាង និងរយះត្រគាកខាងឆ្វេងធ្ងន់ធ្ងរ មានប្តីឈ្មោះ ជឿន សាម៉េត អាយុ៣៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។
បើតាមសម្តីបុរសជាប្តីឈ្មោះ ជឿន សាម៉េត បានឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ គាត់បានបញ្ឆេះម៉ាស៊ីនកិនស្រូវរបស់ខ្លួនដើម្បីកិនស្រូវឱ្យអ្នកភូមិផងរបងជាមួយម្នាក់ ខណៈទើបតែចាប់ផ្តើមភ្លាម ប្រពន្ធរបស់ខ្លួនបានដើរឆ្លងកន្លងខ្សែពានម៉ាស៊ីនបម្រុងទៅបើកគន្លឹះកញ្ច្រែងឱ្យស្រូវធ្លាក់ទៅខាងក្រោម ពេលនោះស្រាប់តែសំពត់ទាក់នឹងខ្សែពានបណ្តាលឱ្យរុំអូសដួលបោកផ្ទប់ទៅនឹងដីរងរបួសធ្ងន់ ។ ប្រភពបន្តទៀតថា ពេលឃើញប្រពន្ធខ្លួនត្រូវខ្សែពានទាញដូច្នេះក៏ប្រញាប់ស្ទុះរត់ទៅពន្លត់ម៉ាស៊ីនភ្លាមៗ រួចប្រញាប់លើកប្រពន្ធដាក់លើរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ហើយត្រូវបានគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា ។
ប្រភពពីលោកគ្រូពេទ្យម្នាក់បានឱ្យដឹងថា ស្ត្រីរងគ្រោះមិនប៉ះពាល់ដល់ឆ្អឹងត្រគាក ឬឆ្អឹងភ្លៅនោះទេ គ្រាន់តែរលាត់ស្បែក ជាំសាច់ភ្លៅ និងរយះសាច់ត្រគាកខាងឆ្វេងប៉ុណ្ណោះ សំណាងល្អដែលបុរសជាប្តីរត់ទៅពន្លត់ម៉ាស៊ីនទាន់ពេល កុំអីអាចមានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារខ្សែពានអូសបោកចូលទៅផ្ទប់នឹងម៉ាស៊ីនផងដែរ ។
សូមបញ្ជាក់ថា កាលពីមុនក៏ធ្លាប់មានអ្នករកស៊ីបើកបររថយន្តដឹកម៉ាស៊ីនបោកស្រូវឱ្យប្រជាពលរដ្ឋនៅតាមភូមិ និងតាមវាលស្រែ ហើយយកក្រមាទៅរុំ.ក លុះជាយក្រមាចូលទៅក្នុងប្រហោងម៉ាស៊ីនកំពុងដំណើរការបណ្តាលឱ្យទាញបោកផ្ទប់រងរបួសធ្ងន់ធ្ងរ និងមានអ្នកខ្លះរហូតដល់ស្លាប់ផងដែរ ៕


ចែករំលែកព័តមាននេះ