ខេត្តស្ទឹងត្រែង ៖ ប្រជាជនរស់នៅខេត្តស្ទឹងត្រែងកំពុងតែភ័យព្រួយអំពីសកម្មភាពរបស់ក្រុមចោរដែលតែងតែបានលួចកាច់សោម៉ូតូទាំងថ្ងៃទាំងយប់យកទៅបាត់ស្រមោលគ្មានចោលដានអ្វីសោះ ខណៈដែលខេត្តតូចមួយនេះមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធរាប់ពាន់នាក់ ។
ប្រពភព័ត៌មានឲ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅខេត្តស្ទឹងត្រែងខ្លះមានជំនឿតិចតួច ខ្លះទៀតអស់ជំនឿទៅលើសមត្ថកិច្ចហើយ គ្រាដែលម៉ូតូស៊េរីទំនើប និងម៉ូតូគ្រប់ស៊េរីនាំចូលអត់ពន្ធរាប់សិបគ្រឿងត្រូវបានចោរលួចទៅបាត់ ហើយពុំមានលទ្ធភាពរកឃើញមកវិញឡើយ ។ ប្រភពដដែលបន្តថា ម៉ូតូរបស់ពួកគាត់ក្រោយពេលបាត់ដោយចោរលួច ពួកគាត់ភាគច្រើនមិនបានប្តឹងទៅសមត្ថកិច្ចទេ ដោយសារតែការជូនដំណឹងហើយពុំមានចំណាត់ការ ឬដាក់កម្លាំងស្ទាក់រុករកឡើយ ដែលផ្ទុយពីមុនគ្រាន់តែជូនដំណឹងកម្លាំងចេញស្ទាក់ស្កេកស្កាស់ស្ទើរគ្រប់ផ្លូវ ហើយសកម្មភាពមុន និងក្រោយនោះគេមិនដឹងថាមានអ្វីកើតឡើងសម្រាប់កម្លាំងសមត្ថកិច្ចនោះទេ ។
ប្រភពពីសមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ម៉ូតូប្រជាពលរដ្ឋនៅតាមបណ្តាស្រុកទាំង៤ រួមមានស្រុកសៀមបូក ស្រុកថាឡាបរិវ៉ាត់ ស្រុកសេសាន និងស្រុកសៀមប៉ាង ព្រមទាំងក្រុងស្ទឹងត្រែង មានករណីចោរលួចម៉ូតូញឹកញាប់ណាស់ ហើយរកមិនឃើញរាប់សិបគ្រឿងហើយ ចាប់ពីដើមខែមករាដល់ពាក់កណ្តាលខែតុលា ២០១៥នេះ ។ ប្រភពដដែលបន្តថា ពាក់ព័ន្ធរឿងអវិជ្ជមានខាងលើ កម្លាំងនគរបាលក៏បានបង្ក្រាប និងដកហូតម៉ូតូមកវិញបានចំនួន៧គ្រឿង និងចាប់ខ្លួនជនសង្ស័យបាន៨នាក់បញ្ជូនទៅពន្ធនាគារដែរ នេះបើតាមរបាយការណ៍របស់នគរបាល តែពាក់ព័ន្ធនឹងបាត់ម៉ូតូគឺពុំទទួលបានច្បាស់លាស់នោះទេ ដោយមានលេចឮថា របាយការណ៍បាត់ម៉ូតូដែលកើតមាននៅខេត្តស្ទឹងត្រែងត្រូវគេបិទបាំងមិនឱ្យបញ្ចេញទៅអ្នកកាសែត និងថ្នាក់លើឡើយ ។
ប្រភពព័ត៌មានដែលបង្ហើបចេញពីសមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះនោះបានបញ្ជាក់បន្ថែមថា ម៉ូតូដែលបាត់ចេញពីខេត្តស្ទឹងត្រែងទាំងមូលគិតចាប់ពីដើមខែមករាដល់ពាក់កណ្តាលខែតុលា ២០១៥នេះ មានជាង៤០គ្រឿង នេះមិនបូកបញ្ចូលម៉ូតូរបស់ប្រជាពលរដ្ឋរាប់សិបគ្រឿងទៀតដែលបាត់ទៅហើយមិនរាយការណ៍ប្រាប់សមត្ថកិច្ចផង ។
លោក ហម ប៊ុនធែល ស្នងការរងទទួលបន្ទុកការិយាល័យកណ្តាលនគរបាលយុត្តិធម៌បានប្រាប់«កោះសន្តិភាព»ថា ពាក់ព័ន្ធករណីចោរកម្មនៅខេត្តស្ទឹងត្រែងគឺមានការកើតឡើងតិចតួច ហើយភាគច្រើនប្រជាពលរដ្ឋដែលបានបាត់ម៉ូតូពួកគាត់មិនសូវផ្តល់ដំណឹង ឬរាយការណ៍ដល់សមត្ថកិច្ចទេ ហើយប្រជាពលរដ្ឋខ្លះគាត់មិនមានការប្រុងប្រយ័ត្ន និងច្រឡំដោយខ្លួនឯង រាយការណ៍ប្រាប់សមត្ថកិច្ចថាបាត់ម៉ូតូ ពេលឃើញដោយខ្លួនឯងវិញមិនបានប្រាប់មកសមត្ថកិច្ចវិញទេ ហើយពាក់ព័ន្ធនឹងរបាយការណ៍បាត់ម៉ូតូមិនដឹងថាប៉ុន្មានគ្រឿងនោះទេ ទាល់តែឆែកក្នុងកុំព្យូទ័រទើបដឹង ៕
ចែករំលែកព័តមាននេះ