ខេត្តកំពង់ឆ្នាំង ៖ ក្រោយពីអាជ្ញាធរខេត្តរៀបចំឱ្យមានសោភ័ណភាព សណ្តាប់ធ្នាប់ នៅមុខផ្សារក្រោមក្នុងក្រុងកំពង់ឆ្នាំង ក្នុងគោលបំណងកែលំអទីក្រុងស្អាត ចូលរួមប្រលងប្រណាំង និងដើម្បីរៀបចំពីធីបុណ្យអំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីបក្នុងពេលខាងមុខនេះ ដោយបានបណ្តេញប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកមុខផ្សារក្រោមឱ្យចាកចេញទៅនៅទីតាំងថ្មី ដែលមានចម្ងាយជាង២គីឡូម៉ែត្រពីមុខផ្សារក្រោមរួចមក បញ្ហាជាច្រើនត្រូវចោទឡើង លើប្រជាពលរដ្ឋខ្មែរ វៀតណាម និងខ្មែរឥស្លាម ដែលបានទៅតាំងទីលំនៅថ្មីទាំងនោះ ។
ដោយសារតែជួបបញ្ហាជាច្រើនបែបនេះហើយ ទើបប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្ដែតទឹកទីតាំងថ្មីបានសំណូមពរដល់អាជ្ញាធរខេត្តមេត្តាគិតគូរដល់ពួកគាត់ផង ហើយបញ្ហាទាំងអស់នេះមិនដឹងថា អាជ្ញាធរខេត្តនឹងជួយបានក្នុងកម្រិតណានោះទេ ? តែនេះជាសំណូមពររបស់ពួកគាត់តែប៉ុណ្ណោះ ។
ប្រជាពលរដ្ឋទាំងនោះបានលើកជាសំណូមពរថា ទី១-ពួកគាត់ត្រូវការលើកផ្លូវមួយខ្យែលើផ្លូវដែលមានស្រាប់ពីចំណុចភូមិចុងកោះមកដល់ទីតាំងដែលពួកគាត់រស់នៅ ដើម្បីអាចទៅផ្សារតាមផ្លូវនេះបាន, ទី២-ពួកគាត់ត្រូវការឱ្យមានចរន្តអគ្គិសនីមកដល់តំបន់ដែលគាត់រស់នៅ, ទី៣-បើអាចប្តូរបាន ពួកគាត់ចង់ទៅរស់នៅប៉ែកខាងក្រោមនៃវត្តលោកយួន គឺទៅប៉ែកខាងត្បូងមុខផ្សារក្រោមវិញ ព្រោះនៅទីនោះមានទឹកជ្រៅអាចឱ្យពួកគាត់ចិញ្ចឹមត្រី និងប្រកបរបរចិញ្ចឹមជីវិតបាន និងទី៤-គឺពួកគាត់ត្រូវការមានសមត្ថកិច្ចនគរបាលការពារ ព្រោះសព្វថ្ងៃពួកគាត់ព្រួយបារម្ភខ្លាំងណាស់ពីសុវត្ថិភាពរបស់ពួកគាត់ ម៉្យាងទៀតប៉ុន្មានថ្ងៃមុននេះមានក្រុមជនមិនស្គាល់មុខមួយក្រុមបានជិះកាណូតមកដេញវ៉ៃគ្នាឡើងដល់លើផ្ទះពួកគាត់រស់នៅ ធ្វើឱ្យម្ចាស់ផ្ទះភ័យរត់ពួនអស់ ។
ជុំវិញបញ្ហានេះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ទី១-បញ្ហាធ្វើផ្លូវ យើងមានគម្រោងរួចហើយ ដែលនៅក្នុងខែវិច្ឆិកានេះនឹងមានគម្រោងជាមួយ ADB ថានឹងត្រូវលើកលើទំនប់ធ្វើជាផ្លូវ និងកសាងច្រាំងទន្លេពីមុខវត្តយាយទេព ដល់ហួសទំនប់អានកូ ដែលមានចម្ងាយជាង៤គីឡូមែត្រ ក្នុងនោះនឹងកសាងសួនច្បារតាមនោះផងដែរ, ទី២-រឿងអគ្គិសនីវិញកំពុងឱ្យគេសិក្សា តើគួរដាក់តាមណាឱ្យបានល្អ, ទី៣-រឿងចិញ្ចឹមត្រីគឺមិនហាមឃាត់ទេ ហើយកំពុងឱ្យខាងជំនាញសិក្សារឿងបូមដីឱ្យទឹកជ្រៅ ដើម្បីពួកគាត់អាចចិញ្ចឹមត្រីបាន ប៉ុន្តែរឿងផ្ទះនៅលើទឹក ថ្ងៃមុខនឹងលែងឱ្យមានទៀតហើយ រួមទាំងអាជីវកម្ម បញ្ចូលអាគុយ ជួសជុលម៉ាស៊ីនជាដើម ព្រោះបរិស្ថាននគឺជារឿងសំខាន់ខ្លាំងណាស់ ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារបានប្រើប្រាស់ទឹកទន្លេ និងទី៤-ដោយឡែករឿងសន្តិសុខវិញ គឺបានគិតគូរខ្លាំណាស់ បញ្ហានេះគឺបានគិតពីដំបូងមកម៉្លេះ ពេលនេះកំពុងមានផែនការហើយ គឺក្រៅពីកម្លាំងសមត្ថកិច្ចនគរបាល យើងនឹងរើសប្រជាការពារទៀត ទោះជាជនជាតិវៀតណាមក៏ដោយ ក៏យកធ្វើប្រជាការពារបានដែរ ព្រោះដើម្បីការពារទីកន្លែងរបស់គាត់រស់នៅ ៕




ចែករំលែកព័តមាននេះ