ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​យុទ្ធ​នាការផ្សព្វផ្សាយ​កម្ម​វិធី​ថ្នាក់​ពន្លឿន​ការ​សិក្សា​នៅ​បឋម​សិក្សាប៊ុន រ៉ានី ​ហ៊ុន​ សែន ​ឧត្តម​សមាគម

10 ឆ្នាំ មុន

​ខេត្ត​ព្រៃ​វែង ៖ សាលា​បឋម​សិក្សា​ ប៊ុន រ៉ានី ​ហ៊ុន​ សែន ​ឧត្តម​សមាគម​​ ​​នៅ​ព្រឹក​ថ្ងៃទី​​១៧ តុលា ​​២០១៥ បើក​យុទ្ធ​នាការផ្សព្វផ្សាយ​កម្ម​វិធី​ថ្នាក់​ពន្លឿន​ការ​សិក្សា​នៅ​បឋម​សិក្សា​ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​នាយក លោកគ្រូ អ្នក​គ្រូ ​សិស្សានុសិស្ស​ជា​ច្រើន​នាក់​​​ មាន​ទាំង​អាជ្ញាធរ​ភូមិ​ឃុំ ​បាន​ចូល​រួម​ផង​​ដែរ ។

លោក​ សេន វាសនា ​នាយក​សាលា​បឋម​សិក្សា​​ បាន​ឱ្យ​ដឹង​ថា ​ក្រសួងអប់រំ​ យុវជន​ ​និងកីឡា សហការ​ជា​មួយ​​អង្គ​ការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​(PSE) ក្នុង​ការ​បង្កើត​ថ្នាក់​ពន្លឿន​ការ​សិក្សា​​នៅ​បឋម​សិក្សា​​ចាប់​ពី​ឆ្នាំ​សិក្សា​២០១៤-២០១៥ តទៅ​ នៅ​រាជ​ធានី​/​​ខេត្ត​ចំនួន​៥ រួម​មាន​ រាជ​ធានី​ភ្នំពេញ ​ខេត្ត​​ព្រៃវែង កំពង់ស្ពឺ ព្រះសីហនុ និង​ខេត្ត​សៀម​រាប ។ ​

លោក​បាន​បញ្ជាក់​ថា ​ការប្រើ​ឧបករណ៍​​បំពង​សំឡេង​ ​​​មាន ​ម៉ូតូ រថយន្ត ​ដោយ​​មាន​បិទ​ផ្ទាំង​រូប​ភាព​ផ្សព្វ​ផ្សាយ ក្រដាស​​​​ព័ត៌មាន​ចំនួន​២០០​សន្លឹក រួម​​ទាំង​បដា​ចំនួន​៣​ផ្ទាំង ​ក្នុង​គោល​បំណង​ ទី១-​​ដើម្បី​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ថ្នាក់​ពន្លឿន​ការ​សិក្សា​នៅ​បឋម​សិក្សា ដល់​អាណាព្យា​បាល​សិស្ស និង​សហគមន៍​ឱ្យ​យល់​ដឹង​ ​និង​ឱ្យ​ពួក​គាត់ជួយ​ជំរុញ​​ កុមារ​​​ដែល​បោះ​បង់​​ការ​សិក្សា​ ​ឬ​កុមារ​នៅ​ក្រៅ​សាលា​​រៀន​ឱ្យ​មក​ចុះ​ឈ្មោះ​ចូល​រៀន តាមរយៈ​កម្ម​វិធី​ថ្នាក់​ពន្លឿន​ការសិក្សា​​ចាប់​ពី​​ថ្ងៃជូន​ដំណឹង​នេះ​​តទៅ ។​

គោល​បំណង​ទី​២-​​ចង់​​​​​ឱ្យ​អាណាព្យាបាល​​ និង​ក្មួយៗ​ជា​សិស្សានុសិស្ស​​បាន​ជ្រាប​ថា ​កុមារ​ដែល​មាន​​អាយុ​​​​ច្រើន​​ក៏​អាច​មាន​ឱកាស​​​បាន​សិក្សា​ទាន់​កម្ម​វិធី​​​ដូច​សិស្ស​ដទៃ​​ទៀត​ដែរ ​ព្រោះ​ថ្នាក់​ពន្លឿន​ការ​សិក្សា​​អាច​ជួយ​កុមារ​ដែល​មាន​អាយុ​​ច្រើន​ឱ្យ​បាន​សិក្សា​ពី​រ​កម្រិត​ក្នុង​រយៈ​ពេល​១​ឆ្នាំ​ ឬ​ចប់​បឋម​សិក្សា​ត្រឹម​តែ​​រយៈ​ពេល​៣​ឆ្នាំ​ប៉ុណ្ណោះ ។​

​លោក​ក៏​បាន​​អំពាវ​នាវ​​ សូម​ឱ្យ​មាតា​បិតា​ ដែល​មាន​កូន​អាយុ​ច្រើន​ និង​សិស្ស​ដែល​បាន​បោះ​បង់​ការសិក្សា​ សូម​មក​ចុះ​ឈ្មោះ​ចូល​រៀន​ឡើង​វិញ តាម​រយៈ​កម្ម​​វិធី​ថ្នាក់​ពន្លឿន​ការ​សិក្សា​​នៅ​​បឋម​សិក្សា​ ១​ឆ្នាំ​​សិក្សា​​បាន​​២កម្រិត​ ។​

សូម​បញ្ជាក់​​ថា រាជ​រដ្ឋាភិបាល​​​បាន​​ប្តេជ្ញា​ចិត្ត​​ខ្ពស់​ក្នុង​ការ​លុប​បំបាត់​​​អនក្ខរភាព​របស់​ប្រជា​​ពល​រដ្ឋ​​តាម​រយៈ​ការ​ធ្វើ​យុទ្ធ​នាការ​​​​អក្ខរ​កម្ម​ជាតិ​ឆ្នាំ​២០១៥ និង​ផ្តល់​សេវា​កម្ម​អប់រំ​​ទាំង​​ក្នុង​និង​ក្រៅ​ប្រព័ន្ធ​ ហើយការ​អប់រំ​ក្នុង​ប្រព័ន្ធ​​ ​និង​​ក្រៅ​ប្រពន្ធ​​ មាន​តួនាទី​សំខាន់​ចាំ​បាច់​ដូចគ្នា ​និង​បំពេញ​​ឱ្យ​គ្នា​ទៅវិញ​ទៅមក​នៅ​គ្រប់​ទី​កន្លែង​ គ្រប់​ស្ថាន​ភាព​​ ទាំង​នៅ​តំបន់​ជួប​ការ​លំបាក និង​​តំបន់​ដាច់​ស្រយាល ដើម្បី​​ផ្តល់​សេវា​អប់រំ​​តាម​គ្រប់​រូប​ភាព​​ដល់​កុមារ​ និង​យុវជន​ក្រៅ​សាលា​​ ព្រម​ទាំង​ប្រជា​ពលរដ្ឋ​​គ្រប់​​រូប​ភាព​​ឱ្យ​​បាន​ចូល​រៀន​​ប្រកប​ដោយ​សមធម៌​ និង​គុណភាព ៕