ខេត្តព្រះវិហារ ៖ ជនសង្ស័យ ឈ្មោះ ឆង ចាន់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិតាបស ឃុំស្តៅ ស្រុកសង្គមថ្មី ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្ត បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ពីបទប្រើប្រាស់កាំភ្លើងកែច្នៃភ្ជង់គំរាមជនបរទេសនាពេលកន្លងមក ។
តាមការបញ្ជាក់ពីមន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត នៅថ្ងៃទី១៧ តុលា ២០១៥ ថា នៅថ្ងៃកើត ជនសង្ស័យ និងបក្ខពួក២នាក់ទៀតបាននាំគ្នាចូលទៅអារយកគល់ឈើប្រភេទធ្នង់ នៅក្នុងព្រៃអភិរក្សជីវចម្រុះ ស្ថិតនៅក្នុងស្រុកសង្គមថ្មី នៅពេលដែលក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពនោះ ជនរងគ្រោះ ឈ្មោះ បេន ដេវិដ ភេទប្រុស សញ្ជាតិអាមេរិក រួមទាំងអ្នកការពារព្រៃឈើចំនួន៣នាក់ទៀតក៏បានមកដល់ ហើយចូលទៅឃាត់ និងដកហូតយករណាយន្ត តែជនសង្ស័យមិនព្រមឱ្យថែមទាំងយកពូថៅបម្រុងកាប់ទៅលើជនរងគ្រោះ ហើយក្រោយមកក៏បានយកកាំភ្លើងកែច្នៃភ្ជង់គំរាមក្រុមជនរងគ្រោះឱ្យនាំគ្នាត្រឡប់ទៅវិញ ។
ក្រោយមកជនរងគ្រោះ ឈ្មោះ បេន ដេវិដ ក៏បានវិលត្រឡប់ទៅវិញ និងបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យ ហើយសមត្ថកិច្ចក៏ចុះឃាត់ខ្លួនជនសង្ស័យនៅលំនៅឋានតែម្តង ។
ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមច្បាប់ ៕
ចែករំលែកព័តមាននេះ