ពលរដ្ឋអេហ្ស៊ីបកាលពីថ្ងៃទី១៨ តុលា បាននាំគ្នាទៅបោះឆ្នោតសម្រាប់សភាថ្មីក្រោមការកាន់អំណាចរបស់ប្រធានាធិបតី លោកអាប់ដែល ហ្វាតាហ៍ អាល់ស៊ីសស៊ី អតីតប្រមុខយោធា ដែលបង្ក្រាបពួកប្រឆាំងទាំងអស់២ឆ្នាំ ក្រោយការផ្តួលរំលំប្រធានាធិបតីអ៊ិស្លាមនិយម លោកម៉ូហាម៉េដ ម័រស៊ី ។
ការបោះឆ្នោតសភានេះដែលប្រព្រឹត្តទៅដោយអវត្តមានរបស់ពួកប្រឆាំងស្ទើរទាំងស្រុង ចាប់ផ្តើមនាថ្ងៃទី១៨ និង១៩ តុលា ក្នុងខេត្ត១៤ ក្នុងចំណោមខេត្ត២៧របស់ប្រទេសសម្រាប់អ្នកបោះឆ្នោតជាង២៧លាននាក់ ។
ការបោះឆ្នោតនេះជាលើកដំបូងនៅអេហ្ស៊ីបចាប់តាំងពីការរំលាយកាលពីខែមិថុនា ឆ្នាំ២០១២ មក នូវសភាដែលគ្របដណ្តប់ដោយពួកអ៊ិស្លាមនិយម នឹងប្រព្រឹត្តទៅជា២ដំណាក់កាលយោងតាមប្រព័ន្ធបោះឆ្នោតដ៏ស្មុគស្មាញមួយទាំងសមាមាត្រ ទាំងឯកតនាម ។
ពួកអ្នកសង្កេតការណ៍៍យល់ថា សភាដែលមានសមាជិក៥៩៦រូបនោះ នឹងគ្រាន់តែជាសភាមួយដែលធ្វើតាមការសម្រេចនានារបស់លោកអាល់ស៊ីសស៊ី ជាប្រធានាធិបតីគ្មានគណបក្ស តែគាំទ្រយ៉ាងចំហដោយបេក្ខជនសភាភាគច្រើនបំផុត ។
សេនាប្រមុខចូលនិវត្តន៍នេះនៅតែមានប្រជាប្រិយភាពខ្ពស់បំផុត ក្នុងចំណោមពលរដ្ឋអេហ្ស៊ីបដែលមើលឃើញថា រូបលោកជាបុរសខ្លាំង ដែលអាចស្តារសេដ្ឋកិច្ចធ្លាក់ដុនដាប់ខ្លាំងឡើងវិញ និងធ្វើឱ្យប្រទេសមានស្ថេរភាព ៕
ចែករំលែកព័តមាននេះ