ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកព្រៃនប់ចាប់ឃាត់ខ្លួន បន្ទាប់ពីបានខ្ចីម៉ូតូក្នុងផឹកស៊ីជាមួយគ្នាជិះមួយភ្លែត ប៉ុន្តែបែរជាជិះគេចខ្លួនយកទៅបាត់ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១៧ តុលា ២០១៥ នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ។
មន្ត្រីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យខាងលើរូបនេះ ឈ្មោះ អ៊ឹង វ៉ិត ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នចំណុចឃាត់ខ្លួនខាងលើ ដែលខ្ចីម៉ូតូក្នុងហ្វូងផឹកស៊ីជាមួយគ្នាជិះមួយភ្លែតហើយយកទៅបញ្ចាំ ។ ចំណែកម្ចាស់ម៉ូតូ គ្មានស្លាកលេខ មួយគ្រឿង ឈ្មោះ ឈឹម ដាលីន ភេទប្រុស អាយុ៤៧ឆ្នាំ ជាកម្មកររោងចក្រស្នាក់នៅភូមិអូតាប៉ាង ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ។
ប្រភពដដែលបានបន្តថា មុនពេលឃាត់ខ្លួន១ថ្ងៃ គឺថ្ងៃទី១៥ តុលា ជនសង្ស័យនិងម្ចាស់ម៉ូតូបានផឹកស្រាជាមួយគ្នា ហើយជនសង្ស័យបានខ្ចីម៉ូតូជិះមួយភ្លែត បែរជាជិះគេចខ្លួនយកទៅបាត់ ។ បន្ទាប់មកម្ចាស់ម៉ូតូបានប្តឹងសមត្ថកិច្ច លុះព្រឹកឡើងទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ម៉ូតូនោះខ្លួនជិះទៅខេត្តព្រះសីហនុ ហើយបានចូលហាងផឹកស៊ីប៉ុន្តែអត់មានលុយឱ្យគេ ក៍ដាក់ម៉ូតូបញ្ចាំនៅហាងនោះក្នុងតម្លៃ១៥០ដុល្លារ ។
ជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។ ដោយឡែក ម៉ូតូត្រូវម្ចាស់ម៉ូតូកំពុងដោះស្រាយ ដោយគ្មានអ្វីក្រៅពីយកលុយទៅលោះយកមកវិញនោះទេ ៕
ចែករំលែកព័តមាននេះ