រាជធានីភ្នំពេញ ៖ លោកម៉ម លីហេង សហការីទូរទស្សន៍បាយ័ន និងទូរទស្សន៍CTN បានរងរបួសធ្ងន់ដោយសារមិត្តភក្តិបបួលជូនទៅផ្ទះរួចយកខ្សែនីឡុងរឹត.កប្លន់យកម៉ូតូម៉ាកស្គូពី ពណ៌ខ្មៅ មិនចាំស្លាកលេខ ទៅបាត់ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៨ តុលា ២០១៥ នៅចំណុចផ្លូវបេតុងមួយកន្លែងក្បែរនឹងបុរី ៩៩៩ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ទាក់ទិននឹងអំពើប្លន់ខាងលើនេះ លោកលី ហេង បានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុនថា ជនល្មើសឈ្មោះ ឈុន ឈាង មានស្រុកកំណើតនៅខេត្តព្រៃវែងជាអតីតមិត្តភក្តិធ្លាប់រៀនភាសាអង់គ្លេស នៅព្រះវិហារ ASC កាលពីអំឡុង៣ឆ្នាំមុន ហើយបានជួបគ្នាដោយចៃដន្យ ខណៈដែលរូបគាត់ ( លី ហេង ) កំពុងជិះម៉ូតូឆ្ពោះទៅយកព័ត៌មានពេលយប់ជំនួសមិត្តភក្តិថ្ងៃសៅរ៍ អាទិត្យ ស្រាប់តែជនល្មើសឈ្មោះឈុន ឈាង ឃើញតាមផ្លូវក៏ស្រែកហៅឈប់រៀបរាប់រំលឹកអំពីប្រវត្តិនៃការរៀនសូត្រ ។
ដោយយល់ឃើញថា ឈ្មោះឈុន ឈាង ជាមនុស្សមានចំណេះដឹងខាងភាសាអង់គ្លេសច្បាស់លាស់ និងជាមនុស្សត្រឹមត្រូវ លោកលី ហេង ក៏ចំណាយពេលវេលាជួបឈ្មោះឈុន ឈាង ទទួលទានទឹកក្រឡុក តាមផ្លូវ ហើយអង្គុយជជែកគ្នាលេងជាច្រើនម៉ោងក្នុងគោលបំណងចាំស្តាប់ហេតុការណ៍ព័ត៌មានពេលយប់ផងដែរ ។
ប៉ុន្តែធាតុពិតឈ្មោះឈុន ឈាង មានចេតនាអាក្រក់ជាមួយមិត្តភក្តិរបស់គាត់ម្នាក់ផ្សេងទៀតដែលលោកលី ហេង មិនស្គាល់ឈ្មោះ បានលួងលោមលោកលី ហេង ពង្វក់អារម្មណ៍ពេលយប់ពីលិចទៅកើតជាច្រើនគោលដៅ រហូតដល់វេលាខាងលើ ជនល្មើសបានឱ្យលោកលី ហេង ជូនត្រឡប់មកផ្ទះជួលរបស់មិត្តភក្តិគេ រួចហើយក៏ធ្វើសកម្មភាពយកខ្សែនីឡុងរឹក.ក លោកលី ហេង ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព ។
ក្នុងគ្រាដ៏ស្លន់ស្លោពេលនោះ លោកលី ហេង បានរើបំរាស់ពីក្រញ៉ាំដៃឃាតករ រួចរត់គេចខ្លួនហើយឆ្លៀតដកទូរស័ព្ទទាក់ទងទៅនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងទំពុនឱ្យមកជួយអន្តរាគមន៍ ។ ដោយសារលោកលី ហេង មានភាពរឹងមាំមិនគ្រោះថ្នាក់ដល់អាយុជីវិត ទើបជនល្មើសដណ្តើមយកម៉ូតូរួចជិះគេចខ្លួនបាត់ ក្រោយពេលសមត្ថកិច្ចទៅដល់ ។
ដោយឡែកលោកលី ហេង បានមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍បឹងទំពុន ហើយត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះព្យាបាលរបួសនៅមន្ទីរពេទ្យឯកជន ។
ចំពោះករណីខាងលើនេះ ក្រុមគ្រួសាររបស់មុខសញ្ញាចោរប្លន់ខាងលើកំពុងអង្វរ.កលោកលី ហេង សុំឱ្យដកពាក្យបណ្តឹងឈ្មោះឈុន ឈាង ទាក់ទឹននឹងបទល្មើសប្លន់សម្លាប់ ។ បញ្ហានេះសមត្ថកិច្ចសន្និដ្ឋានថា ជនល្មើសមានចេតនាសម្លាប់ជនរងគ្រោះបំបិទមាត់ ព្រោះជាមនុស្សស្គាល់គ្នា តែសំណាងល្អដែលជនរងគ្រោះមានកម្លាំងពលំរឹងមាំ មិនស្លាប់ដូចចេតនារបស់ជនល្មើសដែលបានគិតទុកជាមុន ។
ករណីនេះ សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណជនល្មើស ហើយកំពុងកសាងសំណុំរឿងដើម្បីឈានទៅចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។ ចំពោះមុខ គឺលោកលី ហេង ដែលជានិស្សិតឆ្លៀតពេលវេលាជួយធ្វើការងារឪពុក និងជាសហការីទូរទស្សន៍ ត្រូវរងរបួសជាទម្ងន់ ហើយបាត់បង់ម៉ូតូខានជិះ សម្រាប់ជួយបំពេញកិច្ចការងារផ្ទាល់ខ្លួនបច្ចុប្បន្ន ខណៈរូបលោកកំពុងស្ថិតក្នុងជីវភាពគ្រួសារមួយដែលមានម្តាយកំពុងមានជម្ងឺប្រចាំកាយរាប់ឆ្នាំកន្លងមកហើយ ៕









ចែករំលែកព័តមាននេះ