ខេត្តកំពត ៖ រដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះខាងភាស៊ីផ្សារកំពង់ត្រាចមិនបានដាក់ម៉ូតូផ្ញើនៅលើផ្លូវទៀតទេដោយសារតែចង្អៀតពេក តែដាក់ផ្ញើនៅជាប់ផ្លូវជាតិមុខផ្សារវិញម្តង ប៉ុន្តែអ្វីដែលគេសង្កេតឃើញនោះគឺអ្នកម៉ៅភាស៊ីផ្សារបានដំឡើងថ្លៃផ្ញើម៉ូតូខ្លួនឯង ដោយបង្គាប់ឱ្យសន្តិសុខផ្សារយកតម្លៃ២០០០រៀលក្នុងម៉ូតូ១គ្រឿង ។
លោក ឡាយ សុវណ្ណ មន្ត្រីនគរបាលស្រុកកំពង់ត្រាចបានធ្វើការរិះគន់ត្រង់ៗថា ការដាក់ផ្ញើម៉ូតូឱ្យខាងភាស៊ីផ្សារមើលនេះគឺពិតជាធានាសុវត្ថិភាពជូនពលរដ្ឋមិនឱ្យបាត់បង់មែន តែយកតម្លៃថ្លៃខ្ពស់កប់ពពកពេកហើយ គឺម៉ូតូ១គ្រឿងតម្លៃរហូតដល់ទៅ២០០០រៀលឯណោះនៅរដូវបុណ្យទាន ។ លោកបន្តទៀតថា មិនថាតែរដូវបុណ្យទានទេ សូម្បីតែថ្ងៃធម្មតាក៏ខាងភាស៊ីផ្សារយកថ្លៃផ្ញើម៉ូតូ១គ្រឿងដល់ទៅ១០០០រៀលដែរ ដែលតម្លៃនេះវាផ្ទុយស្រឡះទៅនឹងតម្លៃក្នុងបន្ទុកដែលខាងមន្ទីរហិរញ្ញវត្ថុខេត្តកំណត់ឱ្យ គឺឱ្យយកថ្លៃផ្ញើតែ៣០០រៀលប៉ុណ្ណោះក្នុងម៉ូតូ១គ្រឿង ។ លោក ឡាយ សុវណ្ណ បានបញ្ជាក់បន្ថែមទៀតថា ការដំឡើងថ្លៃរបស់ខាងភាស៊ីផ្សារកំពង់ត្រាចនេះ ហាក់ដូចជាគ្មានមន្ត្រីជំនាញពាក់ព័ន្ធណាអើពើនោះទេ ។
ពាក់ព័ន្ធនឹងរឿងអ្នកភាស៊ីផ្សារកំពង់ត្រាចដំឡើងថ្លៃផ្ញើម៉ូតូខ្ពស់កប់ពពកនេះ លោក ប៉ែន សេង ប្រធានភាស៊ីផ្សារកំពង់ត្រាច ដែលជាអ្នកដាក់ភាគហ៊ុនច្រើនជាងគេបំផុតបានប្រាប់អ្នកយកព័ត៌មាន «កោះសន្តិភាព» យើងឱ្យទៅសួរលោក ហាម បាវ និងសួរបន្តទៅលោក លឹម ស្រាវ ទៀត តែទីបំផុតគ្មានអ្នកណាម្នាក់ចេញមុខប្រាប់ពីហេតុផលនៃការដំឡើងថ្លៃខ្ពស់កប់ពពកនេះឡើយ ។
ទាក់ទងនឹងរឿងនេះដែរ លោក អ៊ុម ស៊ីណាត អភិបាលស្រុកកំពង់ត្រាច ធ្លាប់បានមានប្រសាសន៍ថា រឿងអ្នកភាស៊ីផ្សារបើនៅតែស្មុគស្មាញកើតរឿងរ៉ាវមិនឈប់បែបនេះ គួរណាស់តែរំលាយចោលទៅ ។ ម្យ៉ាងវិញទៀត ថ្មីៗនេះមន្ត្រីអគ្គិសនីខេត្តកំពតបានជំរុញឱ្យប្រធានផ្សារកំពង់ត្រាចយកថ្លៃអគ្គិសនីពីអាជីវករផ្សារក្នុងតម្លៃថោកវិញ ព្រោះថាសព្វថ្ងៃនេះតម្លៃភ្លើងគិតពីអាជីវករគឺ១៤០០រៀលក្នុង១គីឡូវ៉ាត់ម៉ោងឯណោះ ចំណែកឯតម្លៃភ្លើងរដ្ឋវិញតែ៦៥០រៀលក្នុង១គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ ៕


ចែករំលែកព័តមាននេះ