ជនប៉ាឡេស្ទីន៤នាក់បានត្រូវបាញ់សម្លាប់ ហើយម្នាក់ទៀតរងរបួសកាលពីថ្ងៃទី១៧ តុលា បន្ទាប់ពីពួកគេប៉ុនប៉ងប្រើកាំបិតចាក់ជនអីុស្រាអែល ក្នុងនោះមានទាហានច្រើននាក់នៅតំបន់ស៊ីសហ្ស៊កដានី និងនៅទីក្រុងហ្សេរុយសាឡឹមខាងកើត ក្នុងអំពើហិង្សាដែលពិបាករាំងខ្ទប់ ។
អំពើហិង្សាចាប់ផ្តើមផ្ទុះខ្លាំងពីថ្ងៃទី១ តុលា មក ក្រោយការសម្លាប់ប្តីប្រពន្ធអីុស្រាអែល២នាក់នៅតំបន់ស៊ីសហ្សកដានី ដែលនាំឱ្យគេសង្ស័យផ្ទុះអាំងទីហ្វាដាថ្មីមួយក្នុងបណ្តាដែនដីប៉ាឡេស្ទីន ដែលអីុស្រាអែលកាន់កាប់ ។
កាលពីថ្ងៃទី១៧ តុលា មានការវាយប្រហារ៣កើតឡើងនៅភាគខាងត្បូងស៊ីសហ្សកដានី ក្នុងតំបន់ហេប្រោន ដែលមាននិគមជនអីុស្រាអែល៥០០នាក់ រស់នៅក្រោមកិច្ចការពាររបស់កងទ័ព ។ ការវាយប្រហារទាំងនេះពួកយុវជនប៉ាឡេស្ទីនសំដៅលើទាហាន២នាក់ និងនិគមជនម្នាក់ ។ កងទ័ពអីុស្រាអែលនិយាយថា ពេលប៉ុនប៉ងចាក់និគមជនម្នាក់អ្នកវាយប្រហារត្រូវបាញ់ស្លាប់ ។ ប៉ុន្មានម៉ោងក្រោយមក ក្មេងស្រីប៉ាឡេស្ទីនអាយុ១៦ឆ្នាំម្នាក់បានត្រូវបាញ់ស្លាប់ បន្ទាប់ពីនាងប៉ុនប៉ងចាក់ទាហានអីុស្រាអែលម្នាក់ត្រង់ច្រកចូលមូលដ្ឋានយោធាមួយរបស់កងឆ្មាំព្រំដែន ។ យុវនារីរូបនេះចាក់ទាហានអីុស្រាអែលឱ្យរបួសស្រាល រួចទាហានរូបនេះក៏បាញ់សម្លាប់នាង ។ នាវេលាល្ងាចក្មេងជំទង់ប៉ាឡេស្ទីនម្នាក់អាយុ១៦ឆ្នាំ បានវាយប្រហារទាហានអីុស្រាអែលម្នាក់នៅទីក្រុងហេប្រោន ធ្វើឱ្យទាហានរូបនេះរងរបួស ហើយរូបគេត្រូវគេបាញ់ប្រហារ ។
ម្យ៉ាងទៀតការប៉ះទង្គិចគ្នានានាកើតមានរវាងកងទាហានអីុស្រាអែល និងពួកយុវជនប៉ាឡេស្ទីនដែលគប់ដុំថ្ម និងដុតសម្បកកង់រថយន្តនៅទីក្រុងហេប្រោន ។ ជនប៉ាឡេស្ទីន១១នាក់ រងរបួសដោយគ្រាប់កៅស៊ូ ឬគ្រាប់ពិត ។
នៅជ្រោយហ្គាហ្សា ជនស៊ីវិលប៉ាឡេស្ទីនយ៉ាងតិច៤នាក់ រងរបួសដោយសារគ្រាប់កាំភ្លើងទាហានអីុស្រាអែល ។ ម្នាក់ដែលកំពុងដើរល្បាត រួចរូបគេត្រូវទាហានអីុស្រាអែល ។ នៅសង្កាត់និយមជន ARMON HANETSIV ក្រុងហ្សេរុយសាឡឹមខាងកើត ជនប៉ាឡេស៊ីនម្នាក់ប៉ុនប៉ងវាយប្រហារដោយកាំបិតលើទាហានអីុស្រាអែលម្នាក់ដែលកំពុងដើរល្បាត រួចរូបគេត្រូវទាហានអុីស្រាអែលឯទៀតបាញ់ស្លាប់ ។ យុវជនប៉ាឡេស្ទីនម្នាក់ទៀតអាយុ២៤ឆ្នាំ បានត្រូវស្លាប់នាល្ងាចថ្ងៃទី១៧ តុលា ក្រោយពីរូបគេវាយប្រហារលើកងឆ្មាំព្រំដែនអីុស្រាអែលនៅស៊ីសហ្សកដានី ។
តាំងពីចាប់ផ្តើមផ្ទុះអំពើហិង្សាថ្មីៗពីថ្ងៃទី១ តុលា មក ជនប៉ាឡេស្ទីន៤១នាក់ បានត្រូវស្លាប់ ហើយជាច្រើនរយនាក់រងរបួស ។ ចំណែកជនអីុស្រាអែល៧នាក់ក៏ត្រូវស្លាប់ដែរ ហើយច្រើនសិបនាក់រងរបួស ៕


ចែករំលែកព័តមាននេះ