នាយករដ្ឋមន្ត្រីតួកគី លោក AHMET DAVUTOGLU បន្ទាប់ពីការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណមួយគ្រឿង នៅជិតព្រំដែនស៊ីរីមកថ្លែងថា ប្រទេសតួកគីនឹងមិនរារែកឡើយ ក្នុងការបាញ់ទម្លាក់រាល់យន្តហោះយោធាដែលហោះរំលោភលើដែនអាកាសខ្លួន ។
ក្នុងការប្រមូលផ្តុំមនុស្សមួយរបស់គណបក្សដើម្បីយុត្តិធម៌ និងការអភិវឌ្ឍន៍ AKP នៅទីក្រុង KAYSERI ភាគកណ្តាលប្រទេស នាយករដ្ឋមន្ត្រីតួកគី ថ្លែងថា យើងបានបាញ់ធ្លាក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿង កាលពីថ្ងៃទី១៧ តុលា ។ ប្រសិនបើនោះជាយន្តហោះមួយក៏យើងនឹងធ្វើដូច្នេះដែរ ។ ជំហររបស់យើងដូចគេដឹងស្រាប់ហើយ អ្នកណាដែលរំលោភបំពានព្រំដែនយើងនឹងទទួលការឆ្លើយតបវិញដោយសមស្រប ។
ជាសមាជិកមួយរបស់អូតង់ តួកគីបានសម្តែងពីកំហឹងរបស់ខ្លួនចំពោះរុស្ស៊ី បន្ទាប់ពីយន្តហោះប្រដេញរុស្ស៊ី២គ្រឿង ដែលចូលរួមក្នុងជម្លោះនៅស៊ីរីហោះចូលដែនអាកាសខ្លួន ក្រោយពីរុស្ស៊ីហក់ចូលក្នុងជម្លោះនៅស៊ីរីមក ៕
ចែករំលែកព័តមាននេះ