ខេត្តព្រៃវែង ៖ រយៈពេលប៉ុន្មានថ្ងៃក្រោយរដូវបុណ្យភ្ជុំ ដែលមន្ត្រីរាជការ និងកម្មករ-កម្មការិនីទាំងអស់ត្រូវធ្វើដំណើរត្រឡប់ទៅធ្វើការនៅឯរាជធានីភ្នំពេញវិញនោះ នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងទឹកដីខេត្តស្វាយរៀង និងព្រៃវែង គេសង្កេតឃើញថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកហាក់គ្មានប្រសិទ្ធិភាពទាល់តែសោះ ។ ស្ទើតែគ្រប់ម៉ូតូទាំងអស់ផ្ទុកមនុស្សពី៣-៤នាក់ ព្រមទាំងមានអីវ៉ាន់សំពីងសំពោងយ៉ាងច្រើនផងដែរ ចំណែករថយន្តតាក់ស៊ីវិញ ពិសេសគឺរថយន្តតូរីស និងសាំយ៉ុង មិនត្រឹមតែបើកគូថដាក់មនុស្សឱ្យអង្គុយទំលាក់ជើងអូសនឹងថ្នល់នោះទេ នៅលើដំបូលរថយន្តគឺដាក់ពេញទៅដោយមនុស្សពី៥ទៅ១០នាក់ថែមទៀតផង ដែលមើលទៅគឺប្រថុយប្រថាននឹងគ្រោះថ្នាក់ខ្លាំងបំផុត ។
ទោះបីជាយ៉ាងណាក៏ដោយ នៅលើកំណាត់ផ្លូវជាតិលេខ១នេះ កម្លាំងប៉ូលិសចរាចរណ៍ខេត្តស្វាយរៀងបានដាក់កុងត្រូល១កន្លែងនៅទល់មុខស្នាក់ការគយខេត្ត ដែលស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ចំណែកកម្លាំងប៉ូលិសចរាចរណ៍ខេត្តព្រៃវែងបានដាក់កុងត្រូល១កន្លែងនៅចំណុចខាងលិចផ្លូវកោងសទ្ធា ស្ថិតក្នុងឃុំរំចេក ស្រុកព្រះស្តេច ដើម្បីធ្វើការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សំគាល់នោះ គឺសកម្មភាពរឹតបន្តឹងច្បាប់ចរាចរណ៍របស់សមត្ថកិច្ចហាក់គ្មានប្រសិទ្ធិភាពទាល់តែសោះ ព្រោះសមត្ថកិច្ចទាំងអស់នោះគ្រាន់តែចាប់ផាកពិន័យយកលុយ រួចឈរមើលរថយន្តទាំងនោះបន្តដឹកមនុស្សនៅលើដំបូលបើកចេញទៅយ៉ាងរំភើយ ដោយមិនភ័យខ្លាចពីគ្រោះថ្នាក់អ្វីទាល់តែសោះ ។
ក្រុមអ្នកដំណើរផ្សេងទៀតដែលបានឃើញពីទិដ្ឋភាពនេះបាននាំគ្នារិះគន់ថា សមត្ថកិច្ចទាំងនោះចេញមករកលុយដាក់ហោប៉ៅ មិនមែនចេញមកអនុវត្តច្បាប់ចរាចរណ៍ ដើម្បីទប់ស្កាត់កុំឱ្យមានគ្រោះថ្នាក់នោះទេ ព្រមទាំងបានលើកជាសំណួរឡើងថា បើរថយន្តដឹកមនុស្សនៅលើដំបូលទាំងនោះបើកចេញផុតពីកុងត្រូលប៉ូលិស ហើយទៅជួបគ្រោះថ្នាក់នៅខាងមុខ តើអ្នកណាជាអ្នកខុស? អ្នកណាជាអ្នកទទួលខុសត្រូវ?


ចែករំលែកព័តមាននេះ