ព្យុះទីហ្វុងខ្លាំងមួយឈ្មោះ KOPPU កាលពីថ្ងៃទី១៨ តុលា បានវាយប្រហារលើតំបន់ដាច់ស្រយាលមួយនាភាគឦសានហ្វ៊ីលីពីន បណ្តាលឱ្យប៉ើងដំបូលផ្ទះ រលំដើមឈើ និងញ៉ាំងឱ្យមានការបាក់ដី ហើយបង្ខំឱ្យមានការជម្លៀសមនុស្សចេញជាច្រើនពាន់នាក់ ។
បណ្តាអ្នកទទួលខុសត្រូវខាងសន្តិសុខស៊ីវិលនិយាយថា មនុស្សជាង៩.០០០នាក់ បានជម្លៀសចេញពីផ្ទះសម្បែង ។ មនុស្សជាច្រើនពាន់នាក់ទៀតក៏នឹងជម្លៀសចេញដែរ ពេលព្យុះ KOPPU បោកបក់កាត់កោះលូហ្សុង ជាកោះសំខាន់របស់ហ្វ៊ីលីពីនរយៈពេល៣ថ្ងៃខាងមុខទៀត ។
ព្យុះនេះបោកបក់លើមូលដ្ឋានដាច់ស្រយាលជាប់ឆ្នេរសមុទ្រ CASIGURAN និងតំបន់ជុំវិញអមដោយខ្យល់មានល្បឿនដល់ទៅ២១០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងភ្លៀងធ្លាក់យ៉ាងខ្លាំង ។ យោងតាមទីភ្នាក់ងារឧតុនិយមថា ព្យុះ KOPPU អាចចាកផុតពីកោះលូហ្សុង ដែលមានប្រជាជន៥០លាននាក់ក្នុងចំណោមប្រជាជនហ្វ៊ីលីពីនទាំង១០០លាននាក់ រហូតដល់ថ្ងៃទី២០ តុលា ឯណោះ ។
ប្រទេសហ្វ៊ីលីពីនតែងជួបប្រទះជាប់នូវព្យុះសាហាវនានាដែលគិតជាមធ្យមក្នុង១ឆ្នាំៗជួបខ្យល់ព្យុះចំនួន២០ ។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ព្យុះទីហ្វុងដ៏ខ្លាំងឈ្មោះ HAIYAN បានកម្ទេចស្ទើរទាំងស្រុងបណ្តាទីក្រុងនៅភាគកណ្តាលប្រទេស បណ្តាលឱ្យមនុស្សស្លាប់ និងបាត់ខ្លួនដល់ទៅជាង៧.៣៥០នាក់ ៕
ចែករំលែកព័តមាននេះ