កងទ័ពស៊ីរីជួយទ្រង់ដោយសម្ព័ន្ធមិត្តរុស្ស៊ី និងអីុរ៉ង់ កាលពីថ្ងៃទី១៧ តុលា បានវាយរុលទៅមុខនៅភាគខាងជើងប្រទេស ក៏ប៉ុន្តែជួបប្រទះការតស៊ូទប់ទល់ខ្លាំងនៅភាគកណ្តាល ក្នុងថ្ងៃទី១១នៃការវាយលុកតាមជើងគោករបស់ខ្លួន ដើម្បីដណ្តើមកាន់កាប់វិញ បណ្តាដែនដីដែលធ្លាក់ក្នុងដៃពួកឧទ្ទាម ។
ដោយការពារអន្តរាគមន៍យោធារុស្ស៊ីក្នុងសង្គ្រាមនៅស៊ីរី នាយករដ្ឋមន្ត្រីរុស្ស៊ី លោកឌីមីទ្រី ម៉េដវេដេវ អះអាងថា ក្រុងមូស្គូស្វះស្វែងការពារផលប្រយោជន៍៍របស់ខ្លួននៅទីនោះ ហើយរុស្ស៊ីពុំមែនការពារឱ្យប្រទេសនេះនៅតែដឹកនាំដោយប្រធានាធិបតីលោកបាចា អាល់អាសាដ ឡើយ ។
យោងតាមអង្គការសិទ្ធិមនុស្សស៊ីរី OSDH មានប្រភពព័ត៌មានច្រើនក្នុងប្រទេសថា កងទ័ពស៊ីរី បណ្តាពួកជីវពលស្និទ្ធរបបស៊ីរី ពួកហេសប៊ុលឡាហ៍លីបង់ កងទាហានអុីរ៉ង់ និងអុីរ៉ាក់រយៈពេល២៤ម៉ោងចុងក្រោយនេះ វាយយកបានភូមិ៥ និងបណ្តាតំបន់កូនភ្នំនៃខេត្តអាឡែបភាគខាងជើងប្រទេស ហើយកំពុងស្ថិតនៅច្រកចូលមូលដ្ឋានគន្លឹះ AL HADER ។ នាយក OSDH លោករ៉ាមី អាប់ដែលរ៉ាហ៍ម៉ាន់ និយាយប្រាប់ AFP ថា ការដណ្តើមយកមូលដ្ឋាននេះស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រខាងត្បូងក្រុងអាឡែប នឹងអាចការពារសន្តិសុខផ្លូវផ្គត់ផ្គង់ភស្តុភាររបស់កងទ័ពចន្លោះខេត្តអាឡែប និងខេត្តហូម ។
ខេត្តអាឡែបស្ទើរធ្លាក់ទាំងស្រុងក្នុងដៃក្រុមរណសិរ្សអាល់ណូស្ត្រា សាខាអាល់កៃដា នៅស៊ីរី និងបណ្តាសម្ព័ន្ធមិត្តអ៊ិស្លាមនិយមរបស់គេ ឬពួកជីហាដក្រុមរដ្ឋអ៊ិស្លាម ។ របបស៊ីរីនៅត្រួតត្រា តែផ្លូវថ្នល់មួយ ដែលអាចផ្គត់ផ្គង់បណ្តាសង្កាត់នៃក្រុងអាឡែប ស្ថិតក្រោមការត្រួតត្រារបស់ខ្លួន ។
យោងតាម OSDH ថា ចាប់តាំងពីថ្ងៃទី១៦ តុលា មក ពួកឧទ្ទាម១៧នាក់ និងទាហានស៊ីរី៨នាក់ស្លាប់ ។ ការប្រយុទ្ធគ្នាជំរុញឱ្យប្រជាជន២.០០០គ្រួសាររត់ភៀសខ្លួន ។ កងយន្តហោះរុស្ស៊ីបានទម្លាក់គ្រាប់បែក៨០លើក នាភាគខាងត្បូងក្រុងអាឡែប ចាប់តាំងពីព្រឹកថ្ងៃទី១៦ តុលា មក ។
យោងតាមអ្នកទទួលខុសត្រូវអាមេរិកម្នាក់ថា ទាហានអុីរ៉ង់ ឬពួកយុទ្ធជនទ្រទ្រង់ដោយអីុរ៉ង់ជិត២.០០០នាក់ ក៏ដូចជាពួកយុទ្ធជនហេសប៊ុលឡាហ៍ ឬពួកយុទ្ធជនអីុរ៉ាក់បានចូលរួមក្នុងការវាយលុកជិតក្រុងអាឡែប ។ តាមអ្នកទទួលខុសត្រូវរូបនេះថា ពេលកងទាហានអីុរ៉ង់ និងក្រុមសម្ព័ន្ធមិត្តជួយវាយកងទ័ពស៊ីរីនៅលើដីជិតក្រុងអាឡែប ពួករុស្ស៊ីបានជួយវាយប្រហារតាមអាកាស ញ៉ាំងឱ្យកងទ័ពស៊ីរីគាបសង្កត់ពួកឧទ្ទាមក្នុងខេត្តអីុដលីប ចេញពីខេត្តហាម៉ា និងខេត្ត LATTAQUIE ។
ក្នុងខេត្តអាឡែប កងទ័ពស៊ីរីក៏ស្វះស្វែងផងដែរ បំបែកការឡោមព័ទ្ធព្រលានយន្តហោះយោធា KWEIRE ដោយពួករដ្ឋអ៊ិស្លាមហើយដណ្តើមយកបានមូលដ្ឋានថ្មីមួយស្ថិតនៅចម្ងាយ៦គីឡូម៉ែត្រពីមូលដ្ឋាននេះ ។ ប្រសិនបើវាយដណ្តើមយកបាន នោះព្រលានយន្តហោះយោធានេះអាចត្រូវកងយន្តហោះចម្បាំងរុស្ស៊ីប្រើប្រាស់ក្រោយការប្រើនាពេលបច្ចុប្បន្ននូវមូលដ្ឋានអាកាសចរណ៍នាភាគខាងត្បូងខេត្ត LATTAQUIE ។
យោងតាម OSDH ថា កងយន្តហោះរុស្ស៊ីបានទម្លាក់គ្រាប់បែកជាច្រើនលើកលើមូលដ្ឋាន TALBISSE ភាគខាងជើងខេត្តហូម ចំណែកការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាកើតមាននៅជុំវិញមូលដ្ឋាននេះ ស្ថិតនៅចម្ងាយ១០គីឡូម៉ែត្រខាងជើងទីក្រុងហូម ។ នៅក្រុងហូមការទម្លាក់គ្រាបបែករបស់រុស្ស៊ី និងការបាញ់ផ្លោងរបស់កងទ័ពស៊ីរី បណ្តាលឱ្យមនុស្សស្លាប់៧២នាក់ចាប់តាំងពីថ្ងៃទី១៥ តុលា មក ៕


ចែករំលែកព័តមាននេះ