ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩៖ វ៉ាក់សាំង សម្រាប់​ពលរដ្ឋ​គ្រប់រូប មិនមែនជា​វ៉ាក់សាំង គិត​កម្រៃ​ទេ​!

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ The Peoples Vaccine Alliance (PVA) នៅ​អាស៊ី បាន​អំពាវនាវ​បន្ទាន់ ទៅកាន់​រដ្ឋាភិបាល​រប​ស់​ប្រទេស​អ្នកមាន​ចំនួន​បី នៅ​អាស៊ី…

​ភ្នំពេញ​៖ The Peoples Vaccine Alliance (PVA) នៅ​អាស៊ី បាន​អំពាវនាវ​បន្ទាន់ ទៅកាន់​រដ្ឋាភិបាល​រប​ស់​ប្រទេស​អ្នកមាន​ចំនួន​បី នៅ​អាស៊ី គឺ​ប្រទេស​ជប៉ុន សឹង្ហ​បុរី និង​កូរ៉េខាងត្បូង ឱ្យ​ចាត់វិធានការ​លើ​សំឡេង​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​តំបន់​អាស៊ី និង​ភាគខាងត្បូង​នៃ​សកលលោក ឱ្យ​គាំទ្រ​សំណើ “​លុបចោល TRIPS ជា​បណ្តោះអាសន្ន​” នៅឯ​កិច្ចប្រជុំ​អគ្គ​ក្រុមប្រឹក្សា​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១ និង​ធានាថា ក្រុមហ៊ុន​ឱសថ​ធំៗ និង​រដ្ឋាភិបាល​ប្រទេស​អ្នកមាន ចូលរួម​ដោយ​ស្ម័គ្រ​ចិត្តជា​មួយក្រុម​ទទួលបាន​បច្ចេកវិទ្យា​ជំងឺ​កូ​វីដ​-១៩ ដែល​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក (COVID-19 Technology Access Pool)​។​

​លិខិត​អំពាវនាវ​ផ្ញើជូន​រដ្ឋាភិបាល​នៅ​អាស៊ី​នេះ ត្រូវបាន​ចុះហត្ថលេខា ដោយ​អង្គការ​ចំនួន ១០០ ដែល​រួមបញ្ចូល​ទាំង​អង្គការ Actionaid, APCASO, វេទិកា​សិទ្ធិ​អាស៊ី​ដា​លី​ត (Asia Dalit Rights Forum), សម្ព័ន្ធភាព​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ និង​សិទ្ធិ​, ចលនា​ប្រជាជន​អាស៊ី ស្តីពី បំណុល​និង​ការអភិវឌ្ឍ (APMDD), អង្គការ​អុក​ស្វា​ម​អន្តរជាតិ​, សម្ព័ន្ធភាព​អាស៊ី​ខាងត្បូង​សម្រាប់​ការលុបបំបាត់​ភាពក្រីក្រ​, សម្ព័ន្ធភាព​ប្រយុទ្ធប្រឆាំង​វិសមភាព ប្រចាំ​ប្រទេស​ឥណ្ឌា និង​អង្គការ​សង្គម​ស៊ីវិល និង​បុគ្គល​ល្បីល្បាញ​ចំនួន ៥០ ទៀត ។​

​សេចក្តីថ្លែងការណ៍ លើកឡើងថា ការពង្រីក​ការទទួល​បានជា​សកល​នូវ​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ គឺមាន​ភាពយឺតយ៉ាវ​ហួសហេតុ បើ​ប្រៀបធៀប​ទៅនឹង​ល្បឿន​ដ៏​គួរឱ្យ​ភ័យខ្លាច​នៃ​ការរីក​រាលដាល និង​បំ​លែងខ្លួន​របស់​មេរោគ​នេះ ដូចដែល​គេ​បានឃើញ​នៅក្នុង​ប្រទេស​ឥណ្ឌា នាពេល​ថ្មីៗ​នេះ​។

​សេចក្តីថ្លែងការណ៍ លើកឡើងថា ភាគច្រើន​នៃ​ប្រជាជន​ក្នុង​ពិភពលោក ជាពិសេស​នៅក្នុង​ប្រទេស ដែលមាន​ប្រាក់ចំណូល​មធ្យម​និង​ទាប ខ្វះខាត​លទ្ធភាព​ទទួល​បាន​វ៉ាក់សាំង​។ បើតាម​ល្បឿន​នៃ​ដំណើរ​ការផ្តល់​វ៉ាល់​សាំង​បច្ចុប្បន្ននេះ គេ​ត្រូវ​ចំណាយពេល​រាប់​ទសវត្សរ៍ ដើម្បី​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ទាំងអស់ ដែល​ត្រូវការ​វ៉ាក់សាំង​។

​សេចក្តីថ្លែងការណ៍​ដដែល បន្តថា វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ គឺជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ឱសថ​សាស្ត្រ​ធំៗ ដែល​មិន​ព្រម​ចែករំលែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ជាមួយ​ប្រទេស​ដទៃទៀត ដែល​អាច​នឹង​ជួយ​ព​ន្លឿ​ន​ដល់​ការផលិត និង​ចែកចាយ​ជា​ទ្រង់ទ្រាយ​ធំ សម្រាប់​ភពផែនដី​ទាំងមូល​។​

​លោក Karyn Kaplan មកពី Asia Catalyst បាន​មានប្រសាសន៍ថា “​គ្មាន​ក្រុមហ៊ុន​ឱសថ​សាស្ត្រ​ណាមួយ អាច​ផលិត​ដូ​ស​វ៉ាក់សាំង​គ្រប់គ្រាន់ បាន​រហ័ស សម្រាប់​មនុស្ស​គ្រប់រូប ដែល​ត្រូវការ​វ៉ាក់សាំង​នោះទេ​។ យោងតាម​ប្រវត្តិសាស្ត្រ​កន្លងមក យើង​ដឹងថា ក្រុមហ៊ុន​ឱសថ​សាស្ត្រ​បង្កើត និង​ការពារ​ភាពផ្តាច់មុខ​របស់​ពួកគេ ក្នុង​គោលបំណង​បង្កើន​ប្រាក់ចំណេញ​ជា​អតិបរមា ជាជាង​ការលើកកម្ពស់​សុខភាព​សាធារណៈ​។ យើង​បានឃើញ​រឿងនេះ កាលពី​អតីតកាល ដោយ​ឱសថ​សំខាន់ៗ​ជា​អាយុជីវិត​សម្រាប់​ជំងឺ​នានា ដូចជា មេរោគ​អេដស៍ ឬ​ជំងឺមហារីក ដែល​ត្រូវបាន​គេ​កំណត់​តម្លៃ​យ៉ាងខ្ពស់​ហួសហេតុ ដែល​មនុស្ស​ភាគច្រើនបំផុត មិនអាច​មានលទ្ធភាព​ទទួលបាន​”​។

​ការលុបចោល​ជា​បណ្តោះអាសន្ន​នៃ​វិធាន​កម្មសិទ្ធិបញ្ញា​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ ដែល​ស្នើ​ដោយ​អាហ្វ្រិក​ខាងត្បូង និង​ប្រទេស​ឥណ្ឌា និង​គាំទ្រ​ដោយ​រដ្ឋ​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ជាង ១០០ ប្រទេស និង​អ្នកជំនាញ​ខាង​សុខភាព​ជាច្រើន នៅ​ទូទាំង​ពិភពលោក គឺជា​ជំហាន​ដ៏​សំខាន់​ជា​អាយុជីវិត​, ចាំបាច់ និង​បន្ទាន់ ដើម្បី​បញ្ចប់​ជំងឺ​រាតត្បាត​ជា​សកល​នេះ​។

​សេចក្តីថ្លែងការណ៍ លើកឡើងថា ការលុបចោល WTO TRIPS ត្រូវតែ​រួមបញ្ចូល​គ្នា ជាមួយនឹង​ការធានា​ថា ជំនាញ​បច្ចេកទេស និង​បច្ចេកវិទ្យា​វ៉ាក់សាំង ត្រូវបាន​ចែករំលែក​ដោយ​ចំហ​។ កិច្ចការ​នេះ អាច​សម្រេចបាន តាមរយៈ​ក្រុម​ទទួលបាន​បច្ចេកទេស​ជំងឺ​កូ​វីដ​-១៩ របស់​អង្គការ​សុខភាព​ពិភពលោក​។​

សេចក្តី​ថ្លែង បន្តថា សកម្មភាព​ទាំងនេះ នឹង​ពង្រីក​សមត្ថភាព​ផលិតកម្ម​ក្នុង​សកលលោក ដោយ​មិនមាន​ការរារាំង​ពី​ភាពផ្តាច់មុខ​ក្នុង​ឧស្សាហកម្ម ដែល​កំពុងតែ​ជំរុញឱ្យមាន​កង្វះខាត​ការផ្គត់ផ្គង់ និង​រារាំង​ការទទួលបាន​វ៉ាក់សាំង​នោះ​។

​លោក Mustafa Talpur អ្នកគ្រប់គ្រង​យុទ្ធនាការ និង​តស៊ូ​មតិ​របស់​អង្គការ​អុក​ស្វា​ម​អន្តរជាតិ ប្រចាំ​អាស៊ី បាន​មានប្រសាសន៍ថា “​នៅពេល​ឱសថស្ថាន​របស់​ពិភពលោក កំពុងតែ​ខំ​ត្រដរខ្យល់ ការរក្សា​ភាពផ្តាច់មុខ​លើ​វិទ្យាសាស្ត្រ​វ៉ាក់សាំង​សម្រាប់​គោលបំណង​រកប្រាក់​ចំណេញ គឺជា​រឿង​អសីលធម៌ បរាជ័យ​ជា​សមូហភាព និង​ផ្តួលរំលំ​ខ្លួនឯង​”​។​

​សេចក្តីថ្លែងការណ៍​ដដែល លើកឡើងថា របាំង​បិទផ្លូវ​ទាំងអស់នេះ ចំពោះ​ការប្រយុទ្ធ​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ គឺអាច​ជំនះបាន​។ តំបន់​អាស៊ី មាន​ក្រុមហ៊ុន​ឱសថ​សាស្ត្រ​លំដាប់​ពិភពលោក ដោយ​គ្រាន់តែ​ចែករំលែក​បច្ចេកវិទ្យា និង​ជំនាញ​បច្ចេកទេស​តែ​បន្តិចបន្តួច​ទៀត​ប៉ុណ្ណោះ ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​អាស៊ី អាច​គាំទ្រ​ដល់​សមត្ថភាព​ផលិតកម្ម​ថ្មី​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​ដទៃទៀត ដោយ​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺ​កូ​វីដ និង​បង្កើន​សមត្ថភាព​ឆ្លើយតប សម្រាប់​ជំងឺ​រាតត្បាត​ជាស​កល​នាពេល​អនាគត​។ បណ្តា​ប្រទេស​នានា នៅក្នុង​ទ្វីបអាស៊ី រួមទាំង ចិន ឥណ្ឌា ថៃ និង​ប្រទេស​ផ្សេងទៀត បានបង្ហាញ​ពី​សមត្ថភាព​របស់ខ្លួន ក្នុង​ការផលិត​វ៉ាក់សាំង​រួចទៅហើយ​។

លោក Sandeep Chachra នាយក​ប្រតិបត្តិ​នៃ​សមាគម Actionaid ប្រចាំ​ប្រទេស​ឥណ្ឌា បាន​មានប្រសាសន៍ថា “​សមធម៌​វ៉ាក់សាំង​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លទ្ធផល​សុខភាព​ដោយផ្ទាល់ ព្រោះថា គ្មាន​នរណាម្នាក់​មាន​សុវត្ថិភាព​នោះទេ រហូត​ទាល់តែ​មនុស្ស​គ្រប់រូប​មាន​សុវត្ថិភាព​។ វា​គឺជា​គន្លឹះ​នៃ​ការទទួលបាន​សិទ្ធិមនុស្ស និង​មាន​សារៈសំខាន់​ជា​អាយុជីវិត​ដូចគ្នា ចំពោះ​ការកសាង​សេដ្ឋកិច្ច​ឡើងវិញ​គ្រប់​ជ្រុងជ្រោយ ចេញពី​វិសមភាព​, ភាពក្រីក្រ និង​ភាពអត់ឃ្លាន​។ យើង​គ្មាន​ពេលវេលា ដើម្បី​បាត់បង់​នោះទេ​! នេះ​គឺជា​ការអំពាវនាវ​បន្ទាន់​មួយ ឱ្យមាន​ការឆ្លើយតប​ប្រកបដោយ​សាមគ្គីភាព​, មនុស្សធម៌​, និង​គណនេយ្យភាព ដើម្បី​ជួយសង្គ្រោះ​ប្រជាជន​អាស៊ី​រាប់លាន​នាក់ និង​អនាគត​របស់​ពួកគេ​”៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ