ខេត្តកំពត ៖ កម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកបានឃាត់រថយន្តយីឌុបដឹកជន្លង់ម្រេចពេញ១គ្រឿងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៦ តុលា ២០១៥ នៅចំណុចភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី នាំមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរ និងប្រគល់ឲ្យខាងជំនាញខណ្ឌរដ្ឋបាលព្រៃឈើកំពត ។
លោកវរសេនីយ៍ទោ ហែម ចន្ទ័ដារ៉ា មេបញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌ អធិការកិច្ច នៃកងរាជអាវុធហត្ថខេត្តបានប្រាប់«កោះសន្តិភាព»ថា កម្លាំងកងរាជអាវុធហត្ថខេត្តប្រចាំការស្រុកជុំគីរីសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក បានចេញល្បាត ក៏ប្រទះឃើញរថយន្តយីឌុប១គ្រឿងផ្ទុកជន្លង់ម្រេចពេញទ្រុង ធ្វើដំណើរចេញពីខេត្តកំពង់ស្ពឺឆ្ពោះទៅកាន់ខេត្តកែប ។ លោកបន្តទៀតថា ដោយមានការសង្ស័យ ដំបូងកម្លាំងសមត្ថកិច្ចបានឃាត់រថយន្តនោះដើម្បីពិនិត្យ ដើម្បីសួររកអាជ្ញាប័ណ្ណ និងច្បាប់ដឹកជញ្ជូន តែដោយពិនិត្យទៅឃើញថាគ្មានច្បាប់ និងលិខិតអ្វីទាំងអស់ ក៏បានរាយការណ៍មកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ។ ក្រោយពីមានសេចក្តីរាយការណ៍ភ្លាម មន្ទីរយុត្តិធម៌បានសុំការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តដើម្បីនាំរថយន្តដឹកជន្លង់ម្រេចអត់ច្បាប់នោះទៅប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើកំពត ចាត់ការតាមនីតិវិធីច្បាប់ ។
លោកវរសេនីយ៍ទោ ហែម ចន្ទ័ដារ៉ា បានឲ្យដឹងទៀតថា ម្ចាស់ជន្លង់ម្រេចនេះមានឈ្មោះ សូវ អ៊ួក ភេទស្រី អាយុ៥២ឆ្នាំ មុខរបរអាជីវករ មានទីលំនៅភូមិតាឡង់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ជន្លង់ម្រេចដែលផ្ទុកក្នុងរថយន្តយីឌុបទាំងអស់មានចំនួន១០.១០០ដើម ។ លោកបន្តទៀតថា ទាំងម្ចាស់ ទាំងរថយន្ត និងជន្លង់ម្រេច មន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តបាននាំយកទៅប្រគល់ជូនរដ្ឋបាលព្រៃឈើកាលពីល្ងាចថ្ងៃទី១៧ តុលា ២០១៥ ។
គួររំលឹកថា ជុំវិញករណីដឹកជញ្ជូនឈើខុសច្បាប់ឆ្លងកាត់ស្រុកជុំគីរី បើតាមប្រជាពលរដ្ឋរាយការណ៍មកថា នាពេលកន្លងមកនេះគឺមានដឹកឆ្លងកាត់ជាហូរហែរ ប៉ុន្តែគេពុំឃើញមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើនៅតំបន់ខាងលើធ្វើការឃាត់សួរនាំ ឬពិនិត្យច្បាប់អាជីវកម្មម្តងណាឡើយ ធ្វើឱ្យប្រជាពលរដ្ឋសង្ស័យថា មន្ត្រីទាំងនោះប្រហែលជាត្រូវរ៉ូវគ្នាជាមួយអ្នករកស៊ីឈើខុសច្បាប់ទាំងនោះហើយទើបពុំមានវិធានការបែបនេះ ។
ពាក់ព័ន្ធនឹងការរិះគន់ខាងលើនេះដែរ «កោះសន្តិភាព» ព្យាយាមទូរស័ព្ទទៅលោក ជួន សារ៉ា នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពត ដើម្បីសុំការបកស្រាយបំភ្លឺដែរ តែទូរស័ព្ទចូលហើយគ្មានអ្នកលើកសោះ ៕



ចែករំលែកព័តមាននេះ