កងទ័ពតួកគីរាយការណ៍កាលពីថ្ងៃទី១៧ តុលា ថា យុទ្ធជននៃគណបក្សពលករឃើតឌីស្ថាន PKK ២៨នាក់ និងទាហានតួកគី៣នាក់ស្លាប់រយៈពេល២ថ្ងៃចុងក្រោយនេះ ដោយសារការទម្លាក់គ្រាប់បែក និងការប៉ះទង្គិចគ្នានានានៅភាគអាគេ្នយ៍ប្រទេស ។
ទាហាន៣នាក់ ក្នុងនោះមាននាយទាហានម្នាក់ផង បានត្រូវស្លាប់ ហើយ៦នាក់ទៀតរងរបួសក្នុងការប្រយុទ្ធគ្នានានាជាមួយពួកបំបែកខ្លួននិយមឃើតនៅ DAGLICA ខេត្តហាក់ការី ។ កងទ័ពបញ្ជាក់ថា បានសម្លាប់យុទ្ធជនក្រុម PKK ១៧នាក់ ក្នុងប្រតិបត្តិការតាមជើងគោកមួយដែលនៅបន្តទៀត ។
មុននេះក្រុងអង់ការ៉ាប្រកាសថា បានសម្លាប់កាលពីថ្ងៃទី១៦ តុលា នូវសមាជិកក្រុម PKK ១១នាក់ ក្នុងការវាយប្រហារតាមអាកាសក្នុងតំបន់ YUKSEKOVA ជិតព្រំដែនជាមួយអុីរ៉ង់ និងអុីរ៉ាក់ ក្នុងខេត្តហាក់ការីដែរ ។ ឃ្លាំងអាវុធ និងជម្រកជាច្រើនរបស់ពួក PKK ត្រូវកម្ទេច ។ ការវាយប្រហារនេះត្រូវបានធ្វើ ទោះបីមានការប្រកាសបទឈប់បាញ់គ្នាជាឯកតោភាគី កាលពីថ្ងៃទី១០ តុលា កន្លងមកនេះ ដោយក្រុមបំបែកខ្លួននិយមឃើតក្តី ។
រដ្ឋាភិបាលតួកគីអះអាងថា ប្រតិបត្តិការរបស់ខ្លួនប្រឆាំងពួក PKK នឹងបញ្ឈប់ លុះត្រាតែពួកបំបែកខ្លួននិយមដាក់អាវុធចុះ ហើយចាកចេញពីដែនដីតួកគី ៕
ចែករំលែកព័តមាននេះ