ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​២​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់​តូច

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​២​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទីរំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ តុលា ២០១៥ នៅ​ចំណុច​ផ្ទះ​ជួល​តាម​បណ្តោយ​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ការ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​មានឈ្មោះ ចាន់  វាសនា ហៅ ខ្មៅ ភេទ ប្រស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជនសង្ស័យ​​រូប​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ​ពី​បទ​ប្លន់ទៀត​ផង ។ ក្រោយ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​១​កញ្ចប់​តូច​, លោហធាតុ​មួយ​ខ្សែ​ប្រវែង​៤​តឹក​, ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​ស៊ុ​ង​១​គ្រឿង​, ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០០៩ ឡើង​តែម​២០១៥ ពណ៌​ខ្មៅ​១​គ្រឿង ពាក់​ផ្លា​ក​លេខ កំពត 1E-7124 ។

សមត្ថកិច្ច​ដដែល​បន្ត​ទៀត​ថា ខណៈ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ច្បារ​អំពៅ​២​កំពុង​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ស្រាប់តែ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​គួរ​ឱ្យ​សង្ស័យ សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​តែ​ម្តង ។ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ៕