លោក អាសេន វ៉េងហ្គឺ គ្រូបង្វឹកក្លិប Arsenal បានបង្ហាញគោលបំណងរបស់ខ្លួនថា កំពុងត្រៀមខ្លួនចូលនិវត្តន៍ ក្រោយពេលចប់កិច្ចសន្យាបច្ចុប្បន្នក្នុងឆ្នាំ២០១៧ ធ្វើឱ្យរូបលោកដឹកនាំក្លិប Arsenal ក្នុងរយៈពេលយូរដល់២១ឆ្នាំ ។
ស្របពេលជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ថា នឹងប្រគល់កេរមរតកនៃក្លិបកំពូលជូនដល់គ្រូបង្វឹកថ្មីដឹកនាំបន្តក្នុងពេលអនាគត ។ គ្រូបង្វឹកជនជាតិបារាំងរូបនេះ បានដឹកនាំក្លិបArsenal ក្នុងពេលកន្លងមកបានចំនួន១៩ឆ្នាំមកហើយ ប៉ុន្តែកិច្ចសន្យានៅសល់ក្នុងពេលបច្ចុប្បន្នធ្វើឱ្យរូបលោកទទួលបានប្រាក់ឈ្នួលដល់ទៅ៨លានផោនក្នុងមួយឆ្នាំ ដែលចប់កុងត្រានៅរដូវកាលក្រោយ ។
លោក អាសេន វ៉េងហ្គឺ បានបញ្ជាក់ដូច្នេះថា ៖«ខ្ញុំមានការតាំងចិត្តនឹងបន្តដឹកនាំក្លិបរហូតបញ្ចប់រដូវកាលក្រោយ ដើម្បីទទួលជោគជ័យជាស្ថាពរ និងធ្វើឱ្យក្លិបមានកេរ្តិ៍ឈ្មោះសម្រាប់អ្នកដឹកនាំបន្តក្នុងពេលអនាគត ។ សម្រាប់ខ្ញុំ គឺជារឿងដ៏សំខាន់មួយដែលត្រូវចាកចេញពីក្លិបក្នុងយុគសម័យដ៏លេចធ្លោនេះ ដើម្បីឱ្យអ្នកចូលមកដឹកនាំជំនួសខ្ញុំលើកតម្កើនក្លិបឱ្យបានកាន់តែល្អ» ៕
ចែករំលែកព័តមាននេះ