ខេត្តស្វាយរៀង ៖ លោកមេឃុំតាសួសស្ថិតក្នុងការជួយសង្គ្រោះពីមន្ទីរពេទ្យព្រៃនគរប្រទេសវៀតណាម ក្រុមគ្រួសារបានអំពាវនាវឲ្យសមត្ថកិច្ចបន្តតាមចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ។
ទាក់ទិនទៅនឹងករណីនេះដែរ ឈ្មោះ ខាន់ វណ្ណា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិបឹងអណ្តឹង ឃុំតាសួស ស្រុកស្វាយជ្រំ បានឲ្យដឹងថា មុនពេលកើតហេតុលោក ហែម វ៉ែន មេឃុំតាសួស បានទទួលទូរស័ព្ទពីក្មួយស្រីនៅភ្នំពេញថា កូនឈ្មោះ រស់ ចាន់ដន ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវឈ្មោះ ឥន ម៉េន វាយរបួសធ្ងន់ លោកមេឃុំក៏ទូរស័ព្ទហៅលោកមេប៉ុស្តិ៍នគរបាលតាសួស ឲ្យមកជួយអន្តរាគមន៍ ប៉ុន្តែលោកមេប៉ុស្តិ៍ជាប់រវល់ លោកមេឃុំក៏បានហៅប្អូនថ្លៃឈ្មោះ លៅ វីរៈ ឲ្យទៅជាមួយពេលទៅដល់ផ្ទះឈ្មោះ គក ឪពុកក្មេកឈ្មោះ ឥន ម៉េន ក៏ចូលទៅសាកសួរ ពេលនោះឃើញឈ្មោះ ឥន ម៉េន នៅក្នុងផ្ទះឪពុកក្មេក លោកមេឃុំដើរចូលទៅ ស្រាប់តែឈ្មោះឥន ម៉េន ទាញព្រនង់ប៉ុនកដៃស្ទុះចូលមកវាយលោកមេឃុំទាំងកំរោលចំក្បាលផុងលលាដ៏ និងវាយបាក់ធ្គាមដួលសន្លប់លើដី ឃើញដូច្នេះឈ្មោះលៅ វីរៈ ជាប្អូនថ្លៃស្ទុះចូលជួយចាប់គ្រៀកឈ្មោះ ឥន ម៉េន ជាប់ខណៈនោះ ក៏មានឈ្មោះឥន ម៉ុន ភេទប្រុស អាយុ២៥ឆ្នាំ ទាញបានព្រនង់វាយសំពងក្បាលឈ្មោះលៅ វីរៈ ចំក្បាល និងស្មារបួសធ្ងន់ ហើយជនបង្កបានឡើងជិះម៉ូតូគេចខ្លួនបាត់ភ្លាមៗ រីឯឈ្មោះឥន ម៉េន ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗដែរ ។
មន្ត្រីសមត្ថកិច្ច បានឱ្យដឹងថា លោកមេឃុំបញ្ជាឲ្យប្អូនថ្លៃចាប់ឈ្មោះ ឥន ម៉េន ចងស្លាបសេកនោះ គឺមិនពិតទេ គឺប្អូនថ្លៃលោកមេឃុំបម្រុងចូលទៅវាយឈ្មោះឥន ម៉េន ក៏ប៉ុន្តែលោកមេឃុំ បានឃាត់ប្អូនថ្លៃកុំឲ្យវាយគេទុកឲ្យប៉ូលិសមកហៅទៅសាកសួរ ខណៈមេឃុំកំពុងឃាត់ប្អូនថ្លៃក៏ត្រូវជនពាលវាយមេឃុំតែម្តង ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ តុលា ២០១៥ វេលាម៉ោង៧និង៣០នាទីយប់ នៅភូមិបឹងអណ្តែងឃុំតាសួស ស្រុកស្វាយជ្រំ មានករណីជនពាលវាយលោកមេឃុំឈ្មោះហែម វ៉ែន ភេទប្រុស អាយុ៦៨ឆ្នាំ ជាមេឃុំតាសួស ទី២-ឈ្មោះ រស់ ចាន់ដន ភេទប្រុស អាយុ២៧ឆ្នាំ (ចៅមេឃុំ) ទី៣-ឈ្មោះ លៅ វីរៈ ភេទប្រុស អាយុ៤៥ឆ្នាំ (ប្អូនថ្លៃមេឃុំ) ឲ្យរងរបួសធ្ងន់ ត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យព្រៃនគរប្រទេសវៀតណាមដើម្បីសង្គ្រោះ ។
ចំណែកភាគីបង្កហេតុ មានម្នាក់ ឈ្មោះ ឥន ម៉េន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិបឹងអណ្តែង ឃុំតាសួស និងម្នាក់ទៀត ឈ្មោះ ឥន ម៉ុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ (២នាក់នេះជាបងប្អូនបង្កើត) ។
ចំពោះជនដៃដល់ ឈ្មោះ ឥន ម៉េន ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្ត រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត លោកចៅក្រមចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត នៅថ្ងៃទី១២ តុលា ២០១៥ ៕
ចែករំលែកព័តមាននេះ