ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប៉ុស្តិ៍​បឹង​ទំពុន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខណៈ​កំពុង​គាស់​ផ្ទះ​ប្រជាពលរដ្ឋ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍បឹង​ទំពុន​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ឡូ ភារ​ម្យ នាយ​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ទំពុន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​បទល្មើស​គាស់​ផ្ទះ​ប្រជា​ពលរដ្ឋ ។ ការ​ឃាត់ខ្លួន​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៨ តុលា ២០១៥ ស្ថិត​នៅ​ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ខណៈ​កម្លាំង​មាន​សមត្ថកិច្ច​កំពុង​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋានរបស់​ខ្លួន ។

លោក​អនុសេនីយ៍ឯក ឡូ ភារ​ម្យ បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ​នេះ​មានឈ្មោះ ឈី​ម ហ៊ាន អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ គឺ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​ទំពុន​បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ ស្រប​តាម​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព ខណៈ​ជិះ​ល្បាត​ដល់​ផ្លូវ​បេតុង​ត្រង់​កន្លែង​កើត​ខាងលើ ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ កម្លាំង​សមត្ថកិច្ច​ក៏​ចាប់​ក្របួច​យក​មក​កាន់​ស្នាក់​ការ​នគរបាល​ប៉ុស្តិ៍​បឹង​ទំពុន​ភ្លាម​ៗ ដើម្បី​បន្ត​ការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ និង​បាន​លួច​យក​សម្ភារ​មួយ​ចំនួន​ផង​ដែរ ។ យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រូប​នោះ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ៕